មន្រ្តី CNRP ថា សម រង្ស៊ី ក្លាយជាវីរៈបុរស នៅពេលដីកាច្រើនរហូតសែងលែងរួច
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 21, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សប្រឆាំង ដែលកំពុងរង នូវការស្វែងរកចាប់ខ្លួន ដោយដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការរាជធានីនោះ បានរងនូវដីកាកោះហៅមួយទៀត របស់ចៅក្រមស៊ើបសួរ ឲ្យចូលបង្ហាញខ្លួន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ក្នុងសាលាដំបូង នៅរាជធានីភ្នំពេញ ជាកំហិត។ ចេញនៅថ្ងៃទី២០ ខែវិច្ឆិកានេះ «ដីកាបង្គាប់ឲ្យចូលខ្លួន» មានពាក់ព័ន្ធក្នុងសំនុំរឿងសមគំនិត ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១២ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ កន្លងមក។
ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានធ្វើការបញ្ចាក់ក្នុងដីកានោះថា៖ «ក្នុងករណីមិនចូលខ្លួន តាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ឬដីកាបង្គាប់ឲ្យចាប់ខ្លួន ទៅតាមច្បាប់»។
ការចេញដីកាឲ្យចូលខ្លួន របស់ចៅក្រមស៊ីបសួរនេះ ត្រូវបានលោក រស់ សួរ មន្រ្តីជាប់ខ្ពស់ម្នាក់ មកពីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាការធ្វើឡើងតាមបែបនយោបាយ ហើយលោកមិនបាន បង្ហាញភាពភ្ញាក់ផ្អើលអ្វីឡើយ។ លោកបានថ្លែងចំអកមកវិញថា បើបាន«ដីកា»ច្រើន រហូតដល់ថ្នាក់សែងលែងរួចទៀតនោះ លោក សម រង្ស៊ី នឹងក្លាយជាវីរបុរសមិនខាន។
លោក រស់ សួរ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា រាល់ការចោទប្រកាន់ របស់តុលាការគ្មានមូលដ្ឋាន និងការសំអាងច្បាស់លាស់ជាដើម។ មន្រ្តីរូបនេះ បានបង្ហាញនូវចម្ងល់ ចំពោះដីកានោះថា ហេតុអ្វីមិនមានការបញ្ជាក់ ពី«កម្មវត្ថុ»នៃសំនុំរឿង ឲ្យបានច្បាស់លាស់ បានត្រឹមតែបញ្ជាក់ពីថ្ងៃ និងទីកន្លែង ដែលមាន«វិលាសភាព» ពេញទាំងភ្នំពេញនោះ? លោកបន្តថា ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងតាមបែបនយោបាយ ជាមួយនឹងការចង់ឈ្នះ ចង់ចាញ់គ្នា ព្រោះតែគ្មានលក្ខណៈណាមួយបង្ហាញថា ជាបទល្មើសឡើយ។ លោក រស់ សួរ បានចោទជាសំនួថា តើរាល់សកម្មភាព នៃអ្នកនយោបាយធ្វើដើម្បីជាតិ ត្រូវតែមានការប្តឹងផ្តល់គ្នា យ៉ាងដូច្នេះ ឬយ៉ាងណា?
លោកបានលើកឡើងបែបចំអក យ៉ាងដូច្នេះថា៖ «មុននឹងក្លាយជាវីរបុរស (សម រង្ស៊ី) ទាល់តែមានដីការ និងលិខិតលើកលែងទោស លើកលែងរួច។ (...) ដូចរឿងព្រះមហាក្សត្រលើកលែងទោសហើយ ហោ ណាំហុង និយាយថាមិនដឹង... រឿងដែលគេបោះចោលទៅហើយនោះ រើសយកមកនិយាយវិញ។ តើកាតព្វកិច្ចអ្នកនយោបាយ ធ្វើដើម្បីជាតិ ត្រូវតែប្តឹងផ្តល់គ្នាឬយ៉ាងណា?»
លោកបានស្រង់សម្ដីវិភាគ របស់លោក កែម ឡី មកថ្លែងបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា សល់តែក្បាល។ (...) ដូចករណីធ្វើបាតុកម្ម (ទាមទារទម្លាក់លោក កឹម សុខា) យកចៅសង្កាត់យកអីទៅធ្វើ»៕
សូមអានខ្លឹមសារទាំងស្រុង នូវដីកាលោក កោ វណ្ឌី ដូចខាងក្រោម៖