អង្គការលើកលែងទោសអន្តរជាតិ ថាបទចោទប្រឆាំង កឹម សុខា ធ្វើឡើងតាមបែប«ភូតកុហក»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 06, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ ដែលធ្វើឡើង តាមបែបភូតកុហក» នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានទីស្នាក់ការកណ្ដាល នៅក្នុងក្រុងហ្សឺណែវ ប្រទេសសស្វីស។
ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងស្របពេល នឹងវិធានការជាច្រើនទៀត របស់រដ្ឋាភិបាល ក្នុងការបិទ (ឬឈានទៅបិទ) អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ក្នុងរយៈពេលចុងក្រោយនេះ។ លោក «James Gomez» នាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មហាសាគរ ប៉ាស៊ីភិក របស់អង្គការលើកលែងទោសអន្តរជាតិ បានហៅពេលវេលា នៃព្រឹត្តិការណ៍ផ្ទួនៗ ដែលបានកើតឡើង ក្នុងពេលនេះ ថាជា«ថ្ងៃដ៏ខ្មៅងងឹត» សម្រាប់ប្រទេសកម្ពុជា នៅមុនការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ក្នុងឆ្នាំ២០១៨ ឈានមកដល់។
លោក «James Gomez» បានថ្លែងបរិហារ ការចាប់ខ្លួនលោក កឹម សុខា នេះថាបានបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ ថាអាជ្ញាធររដ្ឋាភិបាលកម្ពុជា បានប្រើកណ្ដាប់ដៃរបស់ខ្លួន សង្កត់ទៅលើប្រព័ន្ធយុត្តិធម៌ ហើយបានប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នេះ ជាមធ្យោបាយ ដើម្បីរឹតត្បិត និងឈានទៅបំបាត់សម្លេងប្រឆាំង នៅមុនការបោះឆ្នោតជាតិ។
នាយកផ្នែកតំបន់រូបនេះ បានបញ្ជាក់ថា៖ «ការចោទប្រកាន់ ដែលដាក់បន្ទុកទៅលើគាត់ (លោក កឹម សុខា) មានលក្ខណៈក្បាច់ក្បូរ គួរឲ្យអស់សំណើច ប៉ុន្តែជាការចោទប្រកាន់ ដែលពោរពេញ ដោយភាពអស់សង្ឃឹម។ គាត់គួរត្រូវដោះលែង ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។»។
លោក កឹម សុខា ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់កាលពីម្សិលម៉ិញ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួន នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។ ប៉ុន្តែរហូតលុះត្រា មកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ទើបចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី បានសម្រេចឃុំខ្លួនលោក ជាបណ្ដោះអាសន្ន។
កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងមកនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈ អះអាងពី «ទោសក្បត់ជាតិ» បន្ទាប់ពីបានហៅការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងនោះ ថាជាការ«ទូទាត់បញ្ជី តាំងពីដើមរហូតដល់ចប់» ក្នុងគម្រោងការមួយ ដែលលោកនាយករដ្ឋមន្ត្រី ពន្យល់ថា ជាផែនការសម្ងាត់ ដើម្បីធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។
បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «រឿងនេះ ជារឿងក្បត់ជាតិ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលជាបាតដៃទី៣! អ្នកបាតដៃ ដែលធ្លាប់ប្រើ លន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតទៀត។ (...) ដូចព្រឹត្តិការណ៍ស្លាប់មនុស្ស នៅតាមផ្លូវវេងស្រេង។ អ្វីៗទាំងអស់ មនុស្សនេះអ្នកកសាងដូច្នេះ។ ការចាប់ខ្លូននៅពេលនេះ គឺជាការទូទាត់បញ្ជី ពីដើមដល់ចប់ ហើយបាតដៃពីក្រោយ វានៅតែដដែល គឺអាមេរិកាំង។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឲ្យមានការចាប់ខ្លួនភ្លាម។»។
សម្រាប់លោក «James Gomez» បានវាយតម្លៃវិធានការខាងលើ របស់រដ្ឋាភិបាល ថាជាដំណាក់កាល«ដ៏ខ្លាំងក្លា»មួយ ក្នុងការគាបសង្កត់ គម្រាមកំហែង ទៅលើក្រុមអ្នករិះគន់ និងសារព័ត៌មានឯករាជ្យ។ លោកថា៖ «វាដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ ត្រូវបង្ហាញពីជំហរច្បាស់ របស់ផងខ្លួន និងត្រូវដាក់គំនាប ទៅលើលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដើម្បីដាក់បញ្ចប់ នូវភាពតានតឹងផ្នែកនយោបាយ ប្រកបដោយគ្រោះថ្នាក់នេះ និងដើម្បីឲ្យមានការគោរពច្បាប់ ជាមូលដ្ឋាន»៕