សង្គ្រាមនៅម៉ាលី បាន«ប្ដូររូបភាព»នឹងការចាប់ធ្វើចំណាប់ខ្មាំង នៅអាល់ហ្សេរី
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិបត្តិនៅប្រទេសម៉ាលី បានឈានជើងចូល មកក្នុងដំណាក់កាលថ្មីមួយទៀត ខណៈមានការចាប់ជនស៊ីវិល ភាគច្រើនជាជនបរទេស ធ្វើជាចំណាប់ខ្មាំង នៅក្នុងប្រទេសអាលហ្សេរី ដែលនៅជាប់ព្រំប្រទល់មួយ។ អ្នកទទួលខុសត្រូវ ដែលជាក្រុមប្រដាប់អាវុធអ៊ីស្លាមនិយមនេះ មានគោលបំណង ចង់ប្រើប្រាស់ការធ្វើចំណាប់ខ្មាំង យ៉ាងសន្ធឹកសន្ធាប់នេះ ជាការផ្លាស់ប្ដូរនឹងប្រតិបត្តិការសឹក ក្នុងប្រទេសម៉ាលី ដែលដឹកនាំដោយ កងទ័ពបារាំង។
របងព្រំប្រទល់ដី នៃតំបន់ អ៊ីន អាមើណា របស់ប្រទេសអាល់ហ្សេរី។ រូបថត FranceTv info។
តាំងពីព្រលឹងស្រាងៗ ថ្ងៃពុធទី១៦មករា ពួកក្រុមប្រដាប់អាវុធ ដែលស្និតនឹងបណ្ដាញភេវរកម្ម អាល់កៃដា (Al-Qaïda) បានវាយលុករោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយកន្លែង ស្ថិតនៅផ្នែកខាងកើត ប្រទេសអាល់ហ្សេរី ក្បែរព្រំប្រទល់ ជាមួយប្រទេសលីប៊ី មានចម្ងាយប្រមាណជា ១៣០០គីឡូម៉ែត្រ ពីរដ្ឋធានីអាល់ហ្សេរ។ រោងចក្រនៃតំបន់ អ៊ីន អាមើណា (In Amenas) នោះ មានក្រុមហ៊ុនប្រេងអន្តរជាតិធំៗបី កំពុងធ្វើអាជីវកម្មនៅទីនោះ ៖ ក្រុមហ៊ុនប៊ីភី(BP) របស់អង់គ្លេស ក្រុមហ៊ុនស្តាត័យ (Statoil) របស់ណ័រវេស និងក្រុមហ៊ុនសូណាត្រាច (Sonatrach) របស់អាល់ហ្សេរី។
អាជ្ញាធរអាល់ហ្សេរី បានប្រកាសក្នុងពេលបន្ទាប់មកថា ជនជាតិអង់គ្លេសម្នាក់ និងម្នាក់ទៀតជាជនជាតិអាល់ហ្សេរី ត្រូវបានសម្លាប់។ ជនបរទេសមកពីបស្ចឹមប្រទេសជាច្រើនទៀត ត្រូវបានចាប់ធ្វើចំណាប់ខ្មាំង និងបណ្ដាជនជាតិអាល់ហ្សេរី ប្រមាណជា១៥០នាក់ ធ្វើការអោយក្រុមហ៊ុនបារាំង ឈ្មោះ សេអ៊ីអេស កាទើរីង (CIS Catering) ផ្សេងទៀត ក៏ត្រូវបានជាប់នៅទីនោះដូចគ្នា។
ជាការវាយប្រហារសងសឹក របស់ជនប្រដាប់អាវុធអ៊ីស្លាមនិយម «ស្ម័គ្របូជាឈាម»មួយក្រុម ទល់នឹងប្រតិបត្តិការសឹកនៃពួក«គ្រឹស្ត៍» ដឹកនាំដោយកងកម្លាំងនៃប្រទេសបារាំង ធ្វើក្នុងប្រទេសម៉ាលី។ នេះជាការអោយដឹងរបស់ គេហទំព័រមួយ ដែលផ្សាយជាញឹកញាប់ នូវសេចក្ដីប្រកាសរបស់ក្រុមជីហាដ (jihad)។ «យើងអះអាងថា ចំណាប់ខ្មាំងដែលត្រូវ"ឆ្កាង" មានច្រើនជាង ៤០នាក់ ក្នុងនោះ៧នាក់ជាអាមេរិកាំង ២នាក់ជាអង់គ្លេស»។ ពួកគេសរសេរថា គោលបំនងធំគឺ«ត្រូវបញ្ឈប់ការបៀតបៀនប្រឆាំងទល់នឹង សហសេវិករបស់យើង នៅក្នុងប្រទេសម៉ាលី»។
កងទ័ពបារាំង បានរុលទៅទិសខាងជើងនៃប្រទេសម៉ាលី ក្នុងផែនការថ្មី នៃប្រតិបត្តិការសឹកជើងគោករបស់ខ្លួន បន្ទាប់ពីបានវាយលុកតាមដែនអាកាស ក្នុងផែនការបឋមតាំងពីថ្ងៃទី១១មករាមក ដើម្បីទប់ស្កាត់ការរីកចុះមក កាន់រដ្ឋធានីបាម៉ាកូ (Bamako ទិសខាងត្បូងនៃប្រទេសម៉ាលី) របស់ក្រុមស្ម័គ្រប្រយុទ្ធនិយមអ៊ីស្លាមទាំងនេះ។
ទីក្រុងវ៉ាស៊ីនតោន តាមរយះពេលក្រសួងការបរទេសរបស់ខ្លួន បានអះអាងថា ពិតជាមានជនជាតិអាមេរិកាំង នៅជាប់ជាចំណាប់ខ្មាំង។ បន្ទាប់មកទៀត ទីក្រុងឌុយប្លាំងប្រទេសអៀរឡង់ និងសារពត៌មានណ័រវស ក៏បានបញ្ជាក់ផងដែរ ថាជនជាតិរបស់ផងខ្លួនម្នាក់ៗ ត្រូវគេចាប់ឃាត់ជាចំណាប់ខ្មាំងដែរ។
នៅក្នុងសេចក្ដីប្រកាស របស់ក្រុមភេវរជនទាំងនោះ បានសរសេរអោយដឹង ពីជម្រើសរបស់ក្រុមខ្លួន ក្នុងការជ្រើសរើស ប្រទេសអាល់ហ្សេរី ជាទីតាំងវាយប្រហារ ដោយសារការ«បន្ទាបបន្ថោកកិត្តិយលនៃប្រជាជនអាល់ហ្សេរី» ពីសំណាក់ប្រធានាធិបតី អាបដែឡាហ្សីស ប៊ូតេផ្លីកា (Abdelaziz Bouteflika) នៃប្រទេសនេះ ដែលបានអនុញ្ញាតិអោយ យន្ដហោះចម្បាំងរបស់បារាំង ប្រើប្រាស់ដែនអាកាសរបស់អាល់ហ្សេរី ក្នុងការធ្វើដំណើរទៅកាន់ប្រទេសម៉ាលី។
អ្នកធ្វើការម្នាក់របស់គេហទំព័រ ដែលផ្សាយសេចក្ដីប្រកាសនោះ បានប្រាប់ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា «ក្រុមចាប់ជម្រិតទាមទារអោយមានការដោះលែង អ្នកទោសជាភេវរករ ១០០នាក់ ពីក្នុងពន្ធនាគាររបស់ប្រទេសអាល់ហ្សេរី ដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង»។ អ្នកធ្វើការអោយគេហទំព័រ ថាខ្លួនបានស្ដាប់លឺនូវការជជែកគ្នា រវាងអ្នកទទួលខុសត្រូវអាល់ហ្សេរី និងក្រុមចាប់ជម្រិត ពីការទាមទារនេះ ដែលត្រូវតែនាំជនទាំង១០០នាក់នេះ ទៅកាន់ផ្នែកខាងជើងនៃប្រទេសម៉ាលី។
ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល់ហ្សេរី លោកដាហ៊ូ អ៊ូល្ដ កាប្លីយ៉ា (Dahou Ould Kablia) បានថ្លែងថា អាជ្ញាធរ«មិនឆ្លើយតបនឹងការទាមទារតវ៉ាណាមួយ របស់ពួកភេវរជនទេ ហើយបដិសេធចោល នូវរាល់ការចរចារទាំងឡាយ»។ លោកក៏បានច្រានចោលផងដែរ ពីការប្រកាសខ្លួនរបស់ក្រុមអ្នកចាប់ជម្រិត ជាសមាជិកនៃបណ្ដាញភេវរកម្មអាល់កៃដានោះ ដោយលោកបាននិយាយថា គ្រាន់ជាក្រុមជនប្រមាណជា២០នាក់ ចេញពីតំបន់នោះប៉ុណ្ណោះ។
នៅឯប្រទេសម៉ាលីឯនោះវិញ កងកម្លាំងពិសេសរបស់បារាំង រួមជាមួយនឹងកងទ័ពម៉ាលី កំពុងតែជួបប្រយុទ្ធយ៉ាងស្វិតស្វាញ ទល់នឹងក្រុមប្រដាប់អាវុធនិយមអ៊ីស្លាម នៅទីក្រុង ឌីយ៉ាបាលី (Diabali) ផ្នែកខាងលិចប្រទេស។ ទីក្រុងដែលមានចម្ងាយប្រមាណជា ៤០០គីឡូម៉ែត្រ ខាងជើងរដ្ឋធានី បាម៉ាកូនេះ បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ ក្រុមនេះ ដែលទំនងជាដឹកនាំដោយ ជនជាតិអាល់ហ្សេរីម្នាក់ ឈ្មោះអាប៊ូ ហ្សេដ (Abou Zeid)។ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោកហ្សង់-អ៊ីវ ឡឺឌ្រីអាន (Jean-Yves Le Drian) បានទទួលស្គាល់ថា ស្ថានភាពមានការពិបាក នឹងប្រយុទ្ធទល់នឹងក្រុមនេះ ដែលជាក្រុមមួយច្បាស់លាស់ ក្នុងយុទ្ធសាស្ត្រសឹក និងបំពាក់ទៅដោយអាវុធទំនើបៗ។
សូមបញ្ជាក់ថា កងទ័ពបារាំងត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសម៉ាលី ប្រមាណជា ៨០០នាក់រួចមកហើយ មកទល់នឹងពេលនេះ។ នៅក្នុងគម្រោង កងទ័ពបារាំងនឹងត្រូវដាក់ពង្រាយ រហូតដល់ ២៥០០នាក់៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ