សាលាក្ដីខ្មែរក្រហម៖ ខៀវ សំផន ចូលសម្រាកពេទ្យទៀត
អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចូលទៅសម្រាកពេទ្យ កាលពីថ្ងៃពុធទី១៦មករាម្សិលម៉ិញ ខណៈលោកកំពុងត្រូវបានតុលាការកូនកាត់មួយ ក្នុងទីក្រុងភ្នំពេញ កាត់ទោសលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ រូបថត eccc.gov.kh។
លោក ឡាស អូលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្ដី ដែលបង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម បានពន្យល់ថា បុរសអតីតមេដឹកនាំនៃរបបបីឆ្នាំ ប្រាំបីខែម្ភែថ្ងៃ អាយុ៨១ឆ្នាំ ឈ្មោះខៀវ សំផន មានអាការះអស់កម្លាំង និងពិបាកក្នុងការដកដង្ហើម។
មេដឹកនាំម្នាក់ទៀត ដែលជាអតីតបងធំទីពីរ លោកនួន ជា ក៏ត្រូវបានចូលទៅសម្រាកក្នុងមន្ទីរពេទ្យដែរ កាលពីថ្ងៃអាទិត្យទី១៣មករាកន្លងមក។ លោកមានជំងឺរលាកទងសួត យ៉ាងស្រួចស្រាវ ខ្សោយកម្លាំងជើងទាំងពីរ និងមានអាការៈហេវហត់ ហើយបានដួលនៅក្នុងពន្ធនាគារ។
អវត្តមានរបស់មេដឹកនាំ ឯកទេសខាងមនោគមវិជ្ជានៃរបប រូបនេះ បានតម្រូវអោយតុលាការផ្អាក សវនាការរបស់ខ្លួន កាលពីថ្ងៃច័ន្ធម្ដងរួចមកហើយ។
បុរសទាំងពីរខាងលើ និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបនេះមួយរូបទៀត លោកអៀង សារី សុទ្ធតែត្រូវបានតុលាការចោទប្រកាន់ទោសកំហុស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាប្រមាណជា១,៧លាននាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហមនេះ រាប់ចាប់តាំងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។ ប្រជាជនដែលរួចរស់ មានជីវិតពីរបបនេះ ក៏ត្រូវរងគ្រោះនឹងភាពហេវហត់ អស់កម្លាំង ខូចខាតទ្រព្យសម្បត្តិ ព្រាត់ប្រាស់គ្រួសារ និងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
ស្ថានភាពសុខភាព របស់ជនជាប់ចោទទាំងនេះ ដែលមានវ័យកាន់តែជរាទៅ ធ្វើអោយមានការបារម្ភជាទូទៅ ពីយុត្តិធម៌ចេញការកាត់ក្ដីរបស់សាលាក្ដីនេះ។ បុរសទាំងនេះ អាចនឹងស្លាប់បាត់បង់ជីវិត មុនការកាត់ក្ដីត្រូវបញ្ចប់ ហើយនឹងយកទៅជាមួយ នូវរាល់ការពិតទាំងឡាយ ដែលកើតមាននៅក្នុងអំឡុងពេល នៃការកាន់អំណាចរបស់ខ្លួន។ តាំងពីសាលាក្ដីនេះបានកើតចេញជារូបរាងមក មានសាលក្រមតែមួយគត់ ដែលតុលាការបានសម្រេចកាត់ទោស អតីតមេគុកទួលស្លែង អោយជាប់ពន្ធនាគារអស់មួយជីវិត៕
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ