ឥណ្ឌូនេស៊ី៖ រដ្ឋធានីចាការតា នៅក្រោមទឹក ប្រធានាធិបតីមូរជើងខោរ
ទឹកជំនន់ឡើងខ្ពស់ ជន់លិចសណ្ឋាគារប្រណិតៗ រថយន្ដរាប់សិប និងសូម្បីតែប្រធានាធិបតីនៃប្រទេស ក៏ត្រូវមូរជើងខោ ដើម្បីដើរចូលទៅក្នុងវិមានរបស់លោកដែរ។ ទីក្រុងចាការតា ត្រូវរងគ្រោះនឹងទឹកជំនន់មួយ ដែលបានកើតមានជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។
រង្វង់មូល ដែលមើលទៅដូចជាក្លាយជាកូនបឹងមួយ នៅកណ្ដាលទីក្រុង។ រូបថត AP Photo/Achmad Ibrahim។
«រដ្ឋធានី ចាការតា រងគ្រោះដោយទឹកជំនន់!» នេះជាការទទួលស្គាល់របស់ប្រធានាធិបតី លោកស៊ុយស៊ីឡូ ប៊មបាង យូដូយូណូ (Susilo Bambang Yudhoyono) ជាមួយនឹងជើងខោលាត់ឡើងរហូតត្រឹមជង្គង់ និងជើងរបស់លោក ត្រាំក្នុងទឹកដែលមានពណ៌ល្អក់ ចូលមកវាយលុកក្នុងវិមានប្រធានាធិបតី កណ្ដាលទីក្រុង។
មិនឆ្ងាយពីទីនេះប៉ុន្មាន ស្ថានទូតបារាំង អាឡឺម៉ង់ និងអង់គ្លេសជាពិសេស ក៏ត្រូវបានព័ទ្ធជុំជិតដោយ «ទឹកល្ហល្ហេវ» ដូចគ្នានឹងសណ្ឋាគារដ៏ប្រណិតៗ ឬអាគារកញ្ចក់ខ្ពស់ៗ ដែរនោះ។
រថយន្ដរាប់ពាន់គ្រឿង ជាប់គាំង
រថយន្ដរាប់ពាន់ ត្រូវជាប់គាំង តាំងពីព្រឹកព្រលឹម ហើយមានមួយចំនួនត្រូវបានម្ចាស់វាបោះបង់ចោល។ ចំណែកឯអ្នករត់ម៉ូតូឌុបវិញ ខិតខំរុញយាន្ដរបស់ខ្លួន ទាំងត្រដាបត្រដួស ឆ្លងកាត់ទឹកលិចពាសវាល ពាសកាល ឡើងខ្ពស់ជិតដល់ដៃចង្កូតរបស់ម៉ូតូ។
នៅក្នុងសង្កាត់ខ្លះ ដែលទឹកមិនបានរាលដាលទៅដល់ ឬនៅខ្ពស់ជាង ត្រូវរងនឹងសភាពស្ទះចរាចរណ៍រាប់សិបគីឡូម៉ែត្រ។ ចរាចរណ៍ ដែលបណ្ដាជនជិត២០លាននាក់ រស់នៅក្នុងទីក្រុងនេះ ពិបាកនឹងធ្វើដំណើររួចទៅហើយ នៅក្នុងពេលធម្មតាមិនមានទឹកជំនន់។ ទីក្រុងទាំងមូល ត្រូវជាប់គាំងមិនមានដំណើរការ ដោយហេតុថាការិយាល័យជាច្រើន នៅទំនេរដោយគ្មានបុគ្គលិកមកធ្វើការ។
តុល្យភាពចុងក្រោយ នៅមិនទាន់ច្បាស់
ប្រធានាធិបតីឥណ្ឌូនេស៊ី លោកយូដូយូណូ ប្រកាសថា «ខ្ញុំសង្ឃឹមថា មិនមានជនរងគ្រោះច្រើននាក់ពេកទេ» មុននឹងលោកទៅសម្ងួតជើងរបស់លោក ដែលទទឹកនឹងការដើរកាត់ទឹកមុននេះ។ កាលពីយប់ថ្ងៃពុធ តុល្យភាពនៃទឹកជំនន់នេះ បានអោយដឹងថា មានមនុស្សស្លាប់ពីរនាក់ ក្នុងនោះទារកម្នាក់ ត្រូវទឺកនាំគូចយកទៅ និងបណ្ដាជនប្រមាណជាជាង ដប់ពាន់នាក់រងនឹងការខ្វះជម្រក។ នៅថ្ងៃព្រហស្បត្តិនេះ ក្រុមភ្នាក់ងារអ្នកជួយសង្គ្រោះ នៅមិនទាន់អោយដឹង ពីចំនួនអ្នករងគ្រោះថ្មីនៅឡើយ។
ការប្រកាសភាពអាសន្ន បានធ្វើឡើងក្នុងកម្រិតខ្ពស់បំផុត និងស្ថានភាពនេះ នឹងអាចមានរយះពេលយូតទៅទៀត។ នេះជាការអោយដឹងរបស់ អ្នកនាំពាក្យភ្នាក់ងារជាតិ ដើម្បីគ្រប់គ្រងគ្រោះធម្មជាតិ លោក ស៊ូតូប៉ូ ពៀវូ នូហ្គ្រូហូ (Sutopo Purwo Nugroho)។ លោកនូហ្គ្រូហូ បានធ្លោយមាត់ប្រាប់អ្នកសារពត៌មានថា «ទីក្រុងចាការតា បានហ៊ំព័ទ្ធដោយទឹក»។
ទីក្រុងចាការតា បានស្គាល់ជារៀងរាល់ឆ្នាំ នូវទឹកជំនន់ នៅពេលរដូវភ្លៀង (ពីខែធ្នូ ទៅដល់ខែមេសា) ប៉ុន្តែលើកនេះ ជាងពេលណាៗទាំងអស់ ជាគ្រោះធម្មជាតិមួយយ៉ាងអាក្រក់ មិនធ្លាប់ដែលជួបពីមុនម៕
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ