អ្នកលក់បន្លែ និងកងសន្តិសុខ ឈ្លោះគ្នាផ្អើលដល់តំណាងរាស្ត្រ
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២៥ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 26, 2014
- ប្រធានបទ: ហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីជម្លោះនៅតាមដងផ្លូវខ្លះ ពិបាកនឹងពន្យល់គ្នាឲ្យបានយល់ណាស់ ប្រសិនបើភាគីម្ខាងៗ ចង់តែយកឈ្នះតែរៀងខ្លួននោះ។ ប៉ុន្តែបើមានតំណាងអាជ្ញាធរ ឬក៏តំណាងរាស្ត្រចូលជួយអន្តរាគមន៍ ករណីជម្លោះអាចនឹងងាយដោះស្រាយ ហើយអាចបញ្ចប់បានឆាប់ជាងមុន។
នេះជាករណីជម្លោះមួយ ដែលបានកើតឡើង នៅផ្សារដើមគរ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ រវាងអ្នកលក់បន្លែជាស្ត្រីមួយរូប និងកងកម្លាំងសន្ដិសុខបីនាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតមានប្រតិកម្មចូលជួយអន្តរាគមន៍ ពីសំណាក់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ។
សាក្សីដែលឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា ឡានសន្តិសុខមួយគ្រឿង ដែលបើកបរដោយកងសន្ដិសុខម្នាក់ឈ្មោះ កុយ កេង បានបើកមកកិនកញ្ជើរបន្លែ របស់ស្ត្រីលក់បន្លែឈ្មោះ តិប ចិន្តា និងបន្ទាប់មក បានចុះមក«ដាល់»ស្ត្រីនោះ ចំមុខយ៉ាងហោចណាស់ មួយកំភ្លៀង។ បន្ទាប់ពីអ្នកស្រី តិប ចិន្តា មានបំណងចង់ធ្វើការតបតរវិញនោះ ស្រាប់តែមានសន្តិសុខបីនាក់ផ្សេងទៀត បានលេចមុខមកឃាត់ ហើយក៏មានការប្រតាយប្រតប់គ្នា បានកើតឡើងនៅនឹងកណ្តាលផ្លូវ។ សន្តិសុខម្នាក់ ពីក្នុងចំណោមបីនាក់នោះ បានបានប្រើសម្តីខ្លាំងៗ ទៅកាន់អ្នកលក់បន្លែថា៖ «នៅឲ្យស្ងៀម ឆាប់អង្គុយចុះភ្លាម!»។ ទិដ្ឋភាពដែលពិបាកមើល ព្រោះមនុស្សប្រុសបីនាក់ ធ្វើការបោកចំបាប់ជាមួយមនុស្សស្រីម្នាក់។
នៅក្នុងទីស្នាក់ការគណៈកម្មការគ្រប់គ្រងផ្សារដើមគ និងនៅចំពោះ លោកស្រីតំណាងរាស្រ្ត មួ សុខហួ ដែលបានធ្វើដំណើរចុះជួបជាអាជីវករមានបញ្ហាក្នុងផ្សារ ហើយបានដឹងហេតុការណ៍នេះដោយចៃដន្យនោះ អ្នកបើកឡានខាងលើបានសារភាពថា ខ្លួនពិតជាបានទះកំភ្លៀងអ្នកស្រី តិប ចិន្តា ព្រោះស្ត្រីរូបនេះបានជេរគាត់។ អ្នកបើកឡានបានថ្លែងឡើងថា៖ «ជេរខ្ញុំ បានខ្ញុំវ៉ៃ»។
ប៉ុន្តែការលើកឡើងរបស់អ្នកបើកឡាន ត្រូវបានអ្នកស្រី តិប ចិន្តា បដិសេធ ដោយបានបញ្ជាក់ថា គាត់ជាមនុស្សស្រី មិនអាចតបតរជាមួយកម្លាំងមនុស្សប្រុសបានទេ ហេតុនេះហើយ ទើបគាត់ប្រើសម្តី៖ «កុំបើកឡានលឿនពេក កិនបន្លែខ្ញុំអស់ហើយ»។ ស្ត្រីអ្នកលក់បន្លែបានថ្លែងប្ដឹងផ្ដល់ទៀតថា គេទះកំភ្លៀងគាត់ប៉ុណ្ណេះហើយ គ្មានអ្នកណាមកជួយគាត់ទេ ស្រាប់តែមានសន្តិសុខពីរបីនាក់ មកចាប់គាត់ថែមទៀត។
ជាដំណោះស្រាយចុងក្រោយ លោកស្រី មូ សុខហួ បានជំរុញឲ្យភាគីទាំងសងខាង បានយល់ព្រមបញ្ចប់រឿង នៅត្រឹមទីស្នាក់ការគណៈកម្មការគ្រប់គ្រងផ្សារដើមគរ ដើម្បីកុំឲ្យរឿងវែងឆ្ងាយ។ សូមទស្សនាវីដេអូខាងក្រោមនេះ (វីដេអូពីហ្វេសប៊ុក និងរបស់អ្នកយកព័ត៌មានទស្សនាវដ្ដី) ដូចតទៅ៖