ឆេះផ្ទះយាយជីមួយខ្នង ក្នុងវត្តស្ទឹងមានជ័យ មិនដឹងមូលហេតុ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 17, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីភ្លើងឆេះនេះ បានកើតឡើងនៅវេលាម៉ោង ១និង០៥នាទី រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រភពបន្តថា ផ្ទះដែលឆេះខាងលើ ជារបស់ដូនជីមួយរូប តែបច្ចុប្បន្ន លោកយាយាបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែមានកូនស្រីមេម៉ាយម្នាក់ គឺអ្នកស្រី ចាន់ កែវ កំពុងរស់នៅជាមួយកូន០៥នាក់ ក្នុងផ្ទះមួយនេះ។
ក្នុងវ័យ៣០ឆ្នាំ អ្នកស្រី ចាន់ កែវ ហៅ អ៊ិន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ គឺទៅយកសាច់ញាតិ នៅពោធិ៍ជិនតុង និងយកធៀបការ ទៅអញ្ជើញភ្ញៀវ ក្នុងពិធីរៀបមង្គលការបងប្អូន។ ក្នុងនោះ អ្នកស្រីបញ្ជាក់ថា បានយកទៅតែកូនពៅម្នាក់ប៉ុណ្ណោះ ក្រៅពីនោះ គេនៅរត់លេង នៅផ្ទះធម្មតា។ ម្ចាស់ផ្ទះខាងលើ បានឲ្យដឹងដែរថា សម្ភារៈមានទាំងឯកសារកូន ឯកសារអ្នកស្រី រួមនឹងប្រាក់ចំនួន១លានរៀល និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង។
ព្រះសង្ឃគង់ ក្នុងវត្តស្ទឹងមានជ័យមួយអង្គ ព្រះនាម ម៉ៅ សុម៉ូណូ បានឲ្យដឹងថា កុដិឆេះនេះ ជារបស់យាយជីម្នាក់ ដែលបានស្លាប់បាត់ទៅហើយ បច្ចុប្បន្នមានកូនស្រីម្នាក់ខាងលើ មករស់នៅជាមួយកូន។ នៅវេលាកើតហេតុ ព្រះអង្គមិនបានដឹងថា បណ្តាលមកពីហេតុអ្វីនោះទេ ដឹងត្រឹមតែថា គេផ្អើលមកជួយពន្លត់។ រីឯសាក្សីម្នាក់ទៀត អ្នកស្រី រី បានឲ្យដឹងដែរថា ដំបូងគាត់ឃើញផ្សែងហ៊ុយចេញតិចៗ មួយសន្ទុះក្រោយមក ស្រាប់តែឆេះកាន់តែខ្លាំងឡើងៗ។ ពេលនោះ អ្នកស្រីបានស្រែក ឲ្យអ្នកជិតខាងជួយពន្លត់ តែមិនដឹង ពីមូលហេតុនៃការឆេះនេះទេ។
តាមការបញ្ជាក់ របស់មន្រ្តីផ្នែកពន្លត់អគ្គីភ័យម្នាក់ បានឲ្យដឹងថា ដើម្បីពន្លត់អគ្គិភ័យនេះ ឲ្យអស់ជាស្ថាពរ ខាងលោកបានប្រើប្រាស់ឡានទឹក ជួយសង្គ្រោះអស់ចំនួនពីរគ្រឿង។ លោកបានបន្ថែមថា គ្មានតុល្យភាព និយាយពីអ្នករងរបួសនោះទេ ប៉ុន្តែខាងពន្លត់អគ្គីភ័យ មិនអាចជួយពន្លត់បានរហ័ស ដោយសារគ្មានផ្លូវ សម្រាប់ឡានបាញ់ទឹកចូល (ផ្លូវតូចចូលមិនរួច)៕