បណ្ដាញសហគមន៍មួយ ស្រែករកជំនួយជួយពលរដ្ឋ ត្រូវភ្លើងឆេះផ្ទះនៅបឹងឈូក
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: គ្រោះភ័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្តាញសហគមន៍សន្តិភាពការពារដីធ្លី ខ្មែរអមតៈ បានអំពាវនាវដល់សប្បុរសជន ក្នុងស្រុក និងក្រៅស្រុក ឲ្យជួយផ្តល់ជំនួយ ដល់សហគមន៍បឹងឈូក ដែលផ្ទះសំបែងត្រូវបានភ្លើងឆេះ ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៤ កន្លងមកនេះ។
បន្ទាប់ពីអគ្គីភ័យឆក់យកផ្ទះសំបែង របស់សហគមន៍បឹងឈូកប្រមាណជា ៣១ខ្នងរួចមក ការខ្វះខាតបានកើតមាន ចំពោះប្រជាជននៅតំបន់នោះ ប្រមាណជា៥៤គ្រួសារ ដោយខ្វះទីជម្រក គ្មានសម្លៀកបំពាក់ គ្មានអង្ករ គ្មានអាហារហូបឡើយ។ បើសូម្បីតែតង់ចងធ្វើជាជំរកស្នាក់នៅ ក៍ប្រជាពលរដ្ឋខ្លះមិនមានផង ដោយសារតែអគ្គីភ័យ បានឆេះកំទេចទាំងទ្រព្យសម្បត្តិ ទាំងលំនៅដ្ឋានរបស់ពួកគាត់ទាំងអស់ គ្មានសល់អ្វីនៅជាប់នឹងខ្លួនទេ។
ប្រជាពលរដ្ឋដែលរងគ្រោះមួយចំនួន បានទទួលអំណោយខ្លះៗហើយ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ព្រោះអ្វីដែលជាអាទិភាព ហើយពលរដ្ឋត្រូវការខ្លាំងនោះ គឺសំភារៈសាងសង់លំនៅដ្ឋានឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ពៅ អនុប្រធានបណ្តាញសហគមន៍សន្តិភាព ការពារដីធ្លី ខ្មែរអមតៈ។
ចំពោះរដ្ឋាភិបាលវិញ គេនៅមិនទាន់ឃើញមានយកការជួយឧបត្ថម្ភណាមួយ យកទៅជួយជនរងគ្រោះទាំងនោះនៅឡើយ ក្រៅតែពីក្រុមការងារកាកកបាតក្រហម បាននាំយកស្បៀងមួយចំនួន រួមមានអង្ករ ទឹកត្រី និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ទៅជួយដល់ជនរងគ្រោះទាំងនោះ បានចំនួន ២៦កញ្ចប់ (សំរាប់១គ្រួសារ១កញ្ចប់)។ ជំនួយរបស់កាកបាតក្រហម បានផ្តល់ជូនសំរាប់ពលរដ្ឋ ដែលមានផ្ទះសំបែងពិតប្រាកដ ដែលស្ថិតនៅសហគមន៍នោះប៉ុណ្ណោះ។ ដោយឡែកអ្នកដែលមិនមានផ្ទះ ដោយគ្រាន់តែទៅជួលផ្ទះនៅតំបន់នោះ ដើម្បីរកស៊ីឫស្នាក់នៅ មិនត្រូវបានកាកកបាតក្រហមផ្តល់ជំនួយឲ្យឡើយ។
ពលរដ្ឋនៅតែសង្ស័យអាជ្ញាធរ ជាអ្នកដុត!
ពាក់ព័ន្ធនឹងមូលហេតុ នៃការឆេះនេះវិញ ប្រជាពលរដ្ឋហាក់បីដូចជា នៅមានមន្ទិលសង្ស័យថា មានអ្នកលួចដុតដដែល។ ការសង្ស័យនេះ បានកើតឡើងជាប់ក្នុងចិត្តពលរដ្ឋ ដោយសារតែអាជ្ញាធរធ្លាប់បានប្រកាស ឲ្យប្រជាពលរដ្ឋរុះរើផ្ទះចេញពីតំបន់បឹងឈូកនោះ។
តាមសម្តីរបស់ លោក ងិត ពៅ បានឲ្យដឹងទៀតថា ក្រោយពីអគ្គីភ័យបានបញ្ចប់ទៅមួយថ្ងៃ ប្រជាពលរដ្ឋបានយកបង្គោល ទៅបោះនៅជុំវិញដីរបស់ខ្លួន ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យបោះ ដោយបានយករបងបិត មិនឲ្យពលរដ្ឋចូលទៅក្នុងតំបន់កើតហេតុ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋបានធ្វើការបោះតង់ និងសាងសង់ទីលំនៅក្នុងដីរបស់ខ្លួនហើយ បន្ទាប់ពីពួកគាត់ បានធ្វើការតវ៉ាជាមួយអាជ្ញាធរដែលមករារាំងនោះ។
ប៉ុន្តែអាជ្ញាធរខណ្ឌឫស្សីកែវ បានច្រានចោលការសង្ស័យរបស់ប្រជាសហគមន៍ទាំងនោះ ដោយអះអាងថា អាជ្ញាធរមិនព្រឹត្តអំពើខុសច្បាប់បែបនេះឡើយ។ ស្រង់សម្ដីដោយវិទ្យុសម្លេងប្រជាធិបតេយ្យ អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ បានថ្លែងថា៖ «សួរថា អ្នកណាទៅកសាងនរកអវជ័យ ដល់ថ្នាក់ទៅដុតបំផ្លាញរបស់គេអ៊ីចឹង គំនិតហ្នឹងដូចមិនដែរមានសោះខាងខ្ញុំ»៕