វត្តភ្នំ កន្លែង​ណាត់​ជួប​ថ្មី នៃ​«ពេស្យាកម្ម»

វត្តភ្នំ គឺជារមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាកន្លែង សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ប៉ុន្តែ​រមនីយ​ដ្ឋាន​ជា​បេះដូង របស់រាជធានីភ្នំពេញនេះ ត្រូវបានគេចាត់ទុក ថាជាកន្លែងណាត់ជួប រវាងអ្នកត្រូវការ និងអ្នកបម្រើ​ផ្លូវ​ភេទ។ ជារឿយៗ តែងតែលឺគេ ថា​នារីវ័យក្មេង​ ដែលទៅកន្លែងនោះ តែងតែត្រូវបានគេតថ្លៃ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ៖ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 24, 2015
  • ប្រធានបទ: បទយកការណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វត្តភ្នំ កំពុងប្រែក្លាយជា កន្លែងណាត់ជួប នៃពេស្យាកម្ម រវាងអ្នករកស៊ីផ្លូវភេទ និងអ្នកត្រូវការសេវាបម្រើផ្លូវ? ទោះ​ពិត ឬ​មិន​ពិតក៏ដោយ តែវាកំពុងតែកើតឡើង ក្នុងពេលនេះ។ ដោយចង់ដឹង ពីករណីនេះ កាលពីប៉ុន្មានថ្ងៃមុន អ្នក​​សារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរ ទៅកាន់ទីនោះ ហើយទទួលបានការ​ស្វាគមន៍ ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​មែន។

មិនទាន់បានជាន់ជើង នៅនឹងរមនីយដ្ឋានប្រវត្តសាស្រ្តនេះ បានស្រួលបួលផង តែបុរសៗជាច្រើន ដែលនៅ​តំបន់​នោះ បានបែរភ្នែក សម្លឹងមើលមកនាងរួចជាស្រេច។ បន្ទាប់ពីអ្នកសារព័ត៌មាន បានទៅអង្គុយ នៅលើ​កៅអីវែងមួយ ដែល​គេ​ដាក់សម្រាប់ ឱ្យភ្ញៀវអង្គុយលេង មិនទាន់បាន១០នាទី ស្រាប់តែបុរសចំណាស់ម្នាក់ ក្នុង​វ័យប្រមាណ៥០ឆ្នាំ បានដើរ​ចូល​មកជិតកញ្ញា ហើយបានផ្តើមនិយាយ មករកនាង ជាមួយនឹងការតថ្លៃ នូវតម្លៃ​ខ្លួន បើព្រមទៅគេង ជាមួយ​បុរស​នេះ។ បុរសវ័យចំណាស់នោះ បានអះអាងថា ខ្លួនទើបតែមកពីសហរដ្ឋ​អាមេរិក។

បន្ទាប់ពី បានបដិសេធជាមួយបុរសវ័យចំណាស់ តែនៅមានតណ្ហាក្រាសនេះរួច អ្នកយកព័ត៌មានទស្សនាវដ្តី​ស្ត្រីយើង បាន​ដើរ​ចេញ ទៅជួបស្រី្តម្នាក់ ដែលកំពុងអង្គុយរងចាំម៉ូយ។ ស្ត្រីវ័យប្រមាណជា៣០ឆ្នាំ ឈ្មោះ សកុណា (ឈ្មោះដែល​អ្នក​សារព័ត៌មាន ដាក់ជំនួស) ដែលបានអះអាងថា ខ្លួនជាអ្នកផ្តល់ នូវសេវាបម្រើផ្លូវភេទ បានប្រាប់អ្នកសារព័ត៌មាន​យើង​ថា៖ «បើអូនឯងមិនមែន ជាអ្នករកស៊ីអញ្ចឹងទេ កុំមកអង្គុយកន្លែងហ្នឹងអី ប្រយ័ត្ន​គេច្រឡំ ព្រោះថា នៅកន្លែងនេះ ឱ្យតែ​ឃើញស្រីក្មេងមកអង្គុយម្នាក់ឯង នឹងមានម៉ូយ មកទាក់យក​ទៅ​ហើយ។ បើមិនមានការអីសំខាន់ទេ គួរតែប្រញាប់​ចេញ​ទៅ។»។

នាង សកុណា បាននិយាយថា នាងបានប្រកបរបរ រកស៊ីផ្លូវភេទនៅតាមដងផ្លូវ រយៈពេលជិត៥ឆ្នាំហើយ ហើយ​ក្នុង​មួយ​ថ្ងៃ នាងរកបានម៉ូយ ឬអ្នកមករកសេវាផ្លូវភេទ បានពីម្នាក់ ទៅពីរនាក់ ថ្ងៃខ្លះក៏បានលើសហ្នឹង ប៉ុន្តែគាត់​មិនអាចទទួល ការ​ដេក​ជាមួយភ្ញៀវ លើសពី៣នាក់បានទេ ក្នុងមួយថ្ងៃ។ នាងបានរកប្រាក់ ពីភ្ញៀវម្នាក់ៗ ក្នុង​ចំនួន​១០ដុល្លារ។

មិនមែន តែអ្នកសារព័ត៌មាន របស់ទស្សនាវដ្តីទេ ដែលត្រូវបានគេមកតថ្លៃ ចង់យកចេញទៅ តែបើសូម្បី​យុវតី​ម្នាក់ មាន​សម្លៀកបំពាក់ ឯកសណ្ឋានជាសិស្ស ដែលបានមកឈរក្បែររមនីយដ្ឋាន ក៏ត្រូវបានបុរសម្នាក់ មក​ឈប់​ម៉ូតូនៅពីមុខ​នាង ដើម្បីតថ្លៃផងដែរ។ អ្នកសារព័ត៌មាន បានដើរទៅជិតយុវតី ដើម្បីសាកសួរ ហើយត្រូវ​បាន​នាង ឆ្លើយតបមកវិញថា នាង​ទើបនឹងចេញពីសាលារៀន នៅក្បែរនោះ ស្រាប់តែមកដល់ទីនេះ នាងត្រូវបាន​បុរសម្នាក់នោះ ជិះម៉ូតូមកឈប់ក្បែរ រួច​ធ្វើការ​តថ្លៃតែម្ដង។ នាងបានរៀបរាប់ថា នាងទើបនឹងមកភ្នំពេញ នាង​មិន​ដឹងថា រមនីយដ្ឋានវត្តភ្នំ ដែលជាបេះដូង​របស់​រាជធានី ក្លាយជាកន្លែងបែបហ្នឹងទេ។​ ដោយសារហេតុនេះ​ហើយ ទើបទៅឈរ រង់ចាំបងនៅទីនោះ។

ការប្រកបរបរ ផ្ដល់សេវាផ្លូវភេទ ត្រូវបានហាមឃាត់ នៅក្នុងប្រទេសកម្ពុជា ដោយអាជ្ញាធរចាត់ទុកថា បាន​ប៉ះ​ពាល់​​ដល់​ប្រពៃណី ទំនៀមទំលាប់ និងជាពិសេស ដល់រូបភាពរបស់ស្ត្រីខ្មែរ។ កន្លងមក អាជ្ញាធរធ្លាប់បាន ចាត់​វិធានការជាច្រើន​ដង ទៅលើក្រុមនារីដែលរកស៊ីផ្លូវភេទ នៅទីរមនីយដ្ឋានវត្តភ្នំ ប៉ុន្តែវិធានការទាំងនោះ ហាក់​ពុំ​មានប្រសិទ្ធភាពទេ ដោយ​ជារឿយៗ នារីៗដែលរកស៊ី បម្រើសេវាផ្លូវភេទ តែងត្រឡប់មកឈររងចាំម៉ូយ នៅ​ទីនោះវិញ។ រីឯអ្នកដែលទៅរក​សេវា​នេះវិញ ក៏នៅតែ ត្រឡប់ទៅទីនោះវិញ ដើម្បីតម្រូវការរបស់ខ្លួន មិន​ដែល​ដាច់ដែរ។

សំនួរសំខាន់បំផុត ដែលត្រូវសួរនៅពេលនេះ ថាតើគេត្រូវទុកឲ្យ «វត្តភ្នំ»រមនីយដ្ឋានជាបេះដូង និងជាតំបន់​ទេសចរណ៍​មួយនេះ មានឈ្មោះជាកន្លែង ដែលគេស្វែងរក ការបម្រើផ្លូវភេទឬ?

ប៉ុន្តែ គេនឹងមិនអាចបំបាត់ សេវាកម្មនេះទាំងស្រុងបានទេ ប្រសិនបើគេមិនយល់ ពីឫសគល់នៃបញ្ហា។ អ្នក​ជំនាញ ខាង​បញ្ហាសង្គមមួយរូប បានលើកឡើងថា៖ «គេមិនអាចវែកចកចេញ ឲ្យបាត់ទៅបានរហូតទេ បើគេ​មិនដឹងពីមូលហេតុ ដែល​ធ្វើឲ្យចក ចេញតែវិញត្រឡប់មកវិញ»។ ចំពោះមូលហេតុ ដែលឈានទៅជ្រើសរើស ការបម្រើសេវាផ្លូវភេទ​ទាំង​នោះ មានករណីរួមផ្សំជាច្រើន ក្នុងនោះបញ្ហាសំខាន់ បណ្ដាលមកពីសង្គម និងអ្នក​ទទួលខុសត្រូវដឹកនាំសង្គម ដែល​គ្មាន​សមត្ថភាព ក្នុងការរកដំណោះស្រាយ សព្វបើករណីតូចមួយនេះ។

ករណីនេះ បានស្ដែងច្បាស់ តាមរយៈស្ត្រីបម្រើសេវាផ្លូវភេទខាងលើ នាង សកុណា ដែលជាអ្នកមកពី​ខេត្ត​មួយ​រូប។ នាង​និយាយថា ដោយសារតែគ្មានមុខរបរ និងមានជីវភាពក្រីក្រ ទើបនាងបានសម្រេចចិត្ត ជ្រើសរើស​យក​មុខរបរនេះ។ សកុណា បានបន្តថា ការរកស៊ីរបស់នេះ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែដោយសារតែ​គ្មាន​ជម្រើស ទើបគាត់​ធ្វើបែបនេះ ដើម្បីរកលុយចិញ្ចឹមគ្រួសារ ប៉ុន្តែក៏មាននារីក្មេងមួយចំនួនទៀត បានចាញ់​បោក​សង្សារ ហើយក៏ទៅប្រកប មុខរបរលក់ផ្លូវភេទនេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...