តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

សមាសភាព នៃសមាជិកទាំង៩ របស់ គ.ជ.ប នៅតែមាន ភាពអាថ៌កំបាំងនៅឡើយ បើទោះជាច្បាប់ចំនួនពីរ ទាក់ទងនឹង គ.ជ.ប នេះ ត្រូវបាន រដ្ឋសភា និងព្រឹទ្ធសភាអនុម័តភ្លាមៗ ដោយគ្មានការពិភាក្សា និងជំទាស់ កាលពីថ្ងៃទី១៩ និងថ្ងៃទី២៣ ខែមីនានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 25, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីបានធ្វើ សម្បទានឲ្យគ្នា ទៅវិញទៅមក ក្នុងការពិភាក្សា នៃក្រុមបច្ចេកទេស របស់គណបក្សទាំងពីរលើ សេចក្តី​ព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​នោះមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់មានការបង្ហាញ ជាសាធារណៈ ពីគោល​ជំហររបស់បក្សទាំងពីរ ជុំវិញសមាសភាព ទាំង៩រូប នៃ គ.ជ.ប នៅឡើយ។

ការពិភាក្សា និងកែប្រែច្បាប់ថ្មី ទាក់ទងនឹង គ.ជ.ប នេះ ក៏ព្រោះតែចង់ដោះស្រាយ ភាពជាប់គាំងនយោបាយ ក្រោយការ​បោះឆ្នោត សម្រាប់អាណត្តិក្រោយ និងតាមអ្វីដែលគណបក្សប្រឆាំង បានលើកឡើងថា គ.ជ.ប នៅពេលមុន គ្មានភាព​ឯករាជ្យ និងអព្យាក្រិត្យ។ គេនៅចាំបានថា ក្នុងកិច្ចពិភាក្សា នៃក្រុមបច្ចេកទេសទាំងពីរគណបក្ស នាពេលកន្លងមក បាន​ធ្វើការបែងចែក នូវចំនួនសមាសភាព ដែលជាសមាជិករបស់ គ.ជ.ប រួចរាល់ហើយដែរ ដែលបួនរូប មកពីគណបក្ស​ប្រជាជន​កម្ពុជា បួនរូបទៀត មកពីគណបក្សប្រជាជនកម្ពុជា និងមួយរូប មកពីសង្គមស៊ីវិល ដែលស្ថិតក្រោមការ​ឯកភាព​ព្រមគ្នា នៃគណបក្សទាំងពីរ។

មន្រ្តីជាន់ខ្ពស់ម្នាក់ ដែលស្និតនឹងគណបក្សសង្គ្រោះជាតិ ក្នុងលក្ខខណ្ឌមិនបង្ហាញឈ្មោះ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២៤ ខែមីនានេះថា សមាជិក គ.ជ.ប ៤រូបរបស់គណៈបក្សសង្គ្រោះជាតិ មាន ២រូប ត្រូវបាន​ជ្រើស​ចេញ ពីសមាជិកគណបក្សផ្ទាល់ និង ២រូបទៀត ត្រូវជ្រើសចេញ ពីសង្គមស៊ីវិល ដែលជាការសម្រេច ដោយ​ឯកតោភាគី របស់គណបក្សនេះ។  តែលោកមិនប្រាកដថា ឯសមាសភាពទាំង ៤រូប ដែលមកពីគណបក្ស​ប្រជាជន​កម្ពុជា  នឹងត្រូវរៀបចំ ដូចគណបក្សសង្គ្រោះជាតិដែរ ឬយ៉ាងណាទេ។

ប៉ុន្តែលោក បានសន្និដ្ឋានថា លោក ប៊ិន ឈិន ប្រធានក្រុមចរចារ របស់គណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន ប្រធានក្រុមចរចារ របស់គណបក្សសង្គ្រោះជាតិ អាចជាសមាជិកនៃគ.ជ.បថ្មីនេះ ដែលត្រូវបានស្នើឡើង ដោយ​គណបក្សសាម៉ីរបស់ខ្លួន ដោយសារអ្នកទាំងពីរ បានដឹកនាំការជជែកចរចា ក្នុងពេលកន្លងមក។

មន្ត្រីរូបនោះ បានពន្យល់ តាមភាសាសមញ្ញថា យ៉ាងហោចណាស់ សមាជិក គ.ជ.ប អាចនឹងមានសមាសភាព ៣+២+៤ ឬ ២+២+៥ ។ លោកថ្លែងថា៖ «សមាជិក គ.ជ.ប ៩រូប។ ៤រូប មកពីគណបក្សសង្គ្រោះជាតិ ក្នុងនោះពីររូប មក​ពី​សង្គមស៊ីវិល។ (…) ឯគណបក្សប្រជាជនកម្ពុជា ខ្ញុំមិនសង្ឃឹមថា នឹងប្រើប្រាស់រូបមន្ត ដូចសង្គ្រោះជាតិនោះទេ។ (…) តែបួនរូប អាចមាន ១រូប ឬពីររូប នៃសមាជិក មកពីគណបក្សប្រជាជន ត្រូវបានគណបក្សនេះ ជ្រើសរើសពី​សង្គម​ស៊ីវិល​ដែរ។ ឯ ១រូប ទៀត ក្រោមការជ្រើសតាំង ដោយបានឯកភាព របស់គណបក្សទាំងពីរ ដាច់ខាតត្រូវមកពីសង្គមស៊ីវិល។»

នាពេលកន្លងមក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានអះអាងថា បេក្ខភាពទាំងបួន របស់​គណបក្ស​លោក ដែលត្រូវមកធ្វើជាសមាជិក គ.ជ.ប ហើយត្រូវបានជ្រើសតាំង មាន ២រូប ចេញពីគណបក្ស និង ២រូប ទៀត​ចេញ​ពីសង្គមស៊ីវិល។ ឯ ២រូប ដែលចេញពីសង្គមស៊ីវិលនោះ អាចជ្រើសតាំង យកប្រធានអង្គការខុមហ្វ្រែល លោក គល់ បញ្ញា និងប្រធានមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក យ៉េង វីរៈ។

សម្រាប់សមាសភាពសមាជិក ១រូប ដែលត្រូវបានគេគិតថា អាចឈរជាប្រធាន គ.ជ.ប ក្រោមការជ្រើសតាំង របស់​គណបក្ស​ទាំងពីរនោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិខាងលើ លើកឡើងថា បើគ្មានអ្វីប្រែប្រួល គ្មាន​ការជំទាស់ ឬបដិសេធពីសាម៉ីខ្លួនទេ បេក្ខភាពប្រធាន គ.ជ.ប ថ្មីនេះ អាចជាលោកស្រី ពុង ឈីវកេក មកពីអង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ។ ចំពោះករណីនេះ ត្រូវបានគណបក្សទាំងពីរ ង្ហាញជំហរផ្ទុយមកវិញ ដោយគណបក្ស​ប្រជាជនកម្ពុជា ទាមទារឲ្យ មន្រ្តីសង្គមស៊ីវិល ឬបេក្ខជនមកពីគណបក្សណាក៏ដោយ ដែលអាចឈរជាសមាជិក គ.ជ.ប បាន លុះត្រាតែមានសញ្ជាតិខ្មែរ ពីកំណើត និងមានសញ្ជាតិ តែមួយគត់។

ក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែមីនានេះ នាទីស្តីការរដ្ឋសភា លោក ឈាង វុន មន្រ្តីជាន់ខ្ពស់ គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានលើកឡើងថា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នឹង​ប្រជុំជ្រើសរើស សមាសភាព គ.ជ.ប ថ្មី នៅថ្ងៃទី២៧ ខែមីនា ក្រោយច្បាប់ទាំងពីរនេះ បានចេញផុតដៃរដ្ឋសភា និង​ព្រឹទ្ធិសភា។ មន្រ្តីគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្តថា ការប្រកាសជ្រើសរើសបេក្ខភាព សមាជិក គ.ជ.ប ថ្មីនេះ មានចំនួន៩រូប។ លោកបន្តថា បន្ទាប់មកត្រូវប្រើប្រាស់រូបមន្ត ៤+៤+១ នឹងដាក់ចូលសភាពេញអង្គ ដើម្បីអនុម័តឲ្យបាន មុនចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ លោក ឈាង វុន បានបន្ថែមថា សមាជិក គ.ជ.ប ថ្មី ១រូប ដែលគណបក្សទាំងពីរ ធ្លាប់បានធ្វើការស្នើសុំ ពីសង្គមស៊ីវិល មកឈរឈ្មោះនោះ គឺលោកស្រី ពុង ឈីវកេក មកពីអង្គការលីកាដូ។

សូមបញ្ជាក់ថា តាមច្បាប់ថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំកាបោះឆ្នោត មាត្រា៤ បាន​ចែងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសមាសភាព៩រូប។ ក្នុងនោះ ១រូបជាប្រធាន ១រូប ជា​អនុ​ប្រធាន និង៧រូប ជាសមាជិក។ តាមមាត្រា៦ នៃច្បាប់ដដែលនេះ បានចែងបន្ថែមថា សមាសភាពទាំង ៩រូប នោះ ត្រូវ​ជ្រើសរើស ដោយគណបក្សកាន់អំណាចចំនួន៤រូប ជ្រើសរើសដោយ គណបក្សសម្លេងភាគតិច នៃរដ្ឋសភា ដែលមិន​កាន់អំណាច (មិនមែនរដ្ឋាភិបាល) ចំនួន ៤រូប និង ១រូប ទៀត ជ្រើសរើសដោយមានការព្រមព្រៀងគ្នា រវាង​គណបក្ស​ទាំងអស់ ដែលមានអាសនៈ ក្នុងរដ្ឋសភា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...