គ.ជ.ប ថត«ស្ប៉ត»ប្រកាសលទ្ធផលឆ្នោត តាមបញ្ជាគណបក្សប្រជាជនកម្ពុជា?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកញ្ញានេះ គ.ជ.ប បាននឹងកំពុងរៀបចំថត«ស្ប៉ត» ស្តីពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ សម្រាប់ទុកចាក់ផ្សាយតាមរយៈទូរទស្សន៍ និងវិទ្យុជាតិ នាថ្ងៃស្អែកទី៨ ខែកញ្ញា តាមកាលកំណត់នៃប្រតិទិនរបស់គ.ជ.ប មិនមានការកែប្រែអ្វីនោះឡើយ។ តែជាការថត«ស្ប៉ត»ផ្សាយ ដែលប្រភពមួយបាននិយាយថា ជាការធ្វើតាមបង្គាប់បញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ។
រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
តាមកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក អ៊ឹម សួស្តី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា គ.ជ.ប មិនមានការកែក្រែនូវប្រតិទិនរបស់ខ្លួនក្នុងការប្រកាស នូវលទ្ធផលនៃការបោះឆ្នោតជាផ្លូវការណាមួយនោះទេ។ ប្រធានគ.ជ.ប រូបនេះបានបញ្ជាក់ថា នាវេលាព្រឹកស្អែកនេះម៉ោងប្រាំបី នឹងមានការចាក់ផ្សាយ ពីលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំ តាមរយៈស្ថានីយ៍ទូរទស្សន៍ និងវិទ្យុជាតិ។
តែការប្រកាសលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទីប្រាំមួយ ដែលមិនត្រូវបានធ្វើឡើងដោយមានការផ្សាយបន្តផ្ទាល់ ឬមានការចូលរួមពីអ្នកការសែត ដូចដែលប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យក្នុងលោកបានធ្វើនោះទេ។ លោកអ៊ឹម សួស្ដី ថ្លែងបញ្ជាក់ថា «ការផ្សាយនេះមិនមានវត្តមានអ្នកសារព័ត៌មាននោះទេ ព្រោះជាការចាក់ផ្សាយ មិនមែនផ្សាយបន្តផ្ទាល់ឡើយ។ (…) ឥឡូវនេះយើងកំពុងតែរៀបចំថត ធ្វើយ៉ាងណាដើម្បីឲ្យបានទាន់ម៉ោងប្រាំបីស្អែក។ អ្នកដែលប្រកាស គឺលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។»
ប្រភពព័ត៌មានមួយដែលស្និតនឹង គ.ជ.ប សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ការរៀបចំថត«ស្ប៉ត»នេះ ជៀសវាងនូវការផ្សាយចេញទៅ មានកំហុសខុសឆ្គងដោយប្រការណាមួយ ឬដោយបច្ចេកទេស។ មន្ត្រីម្ចាស់ប្រភពដដែលបានបញ្ជាក់ថា ករណី«ពិសេស»នៃការថតសម្រាប់ការចាក់ផ្សាយ ដោយមិនផ្សាយផ្ទាល់ឬប្រកាសលទ្ធផលដោយមានការចូលរួមពីអ្នកសារព័ត៌មាននោះ គឺដោយសារតែក្រោយពីការថត បានចប់ជាស្ថាពរហើយ និងមុននឹងត្រូវបានអនុញ្ញាតិឲ្យយកទៅចាក់ផ្សាយ ត្រូវបញ្ជូន«ស្ប៉ត»នោះទៅឲ្យថ្នាក់ដឹកនាំ «គណបក្សប្រជាជនកម្ពុជា»ធ្វើការ«ត្រួតពិនិត្យ»ជាមុនសិន។ «បើមិនត្រឹមត្រូវ ឬមិនស្របតាមអ្វីដែលចង់បាន ឬដូចអ្វីដែលបានកំណត់នោះ ត្រូវធ្វើការកែប្រែ ឬផ្លាស់ប្តូរភ្លាម តែបើត្រឹមត្រូវនោះទើបអាចយកទៅចាក់ផ្សាយបាន»។
ករណីដែលមានការចោទប្រកាន់ថាការថត«ស្ប៉ត» អំពីការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ ត្រូវដាក់ទៅឲ្យថ្នាក់ដឹកនាំ«គណបក្សប្រជាជនកម្ពុជា»ធ្វើការ«ត្រួតពិនិត្យ» មុននឹងធ្វើការចាក់ផ្សាយនេះ លោក យឹម សុវណ្ណ នាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា លោកទទួលស្គាល់ និង«គាំទ្រ»នូវការលើកឡើងខាងលើនេះ។ លោកបានបន្តរថា «គ.ជ.ប មិនមែនត្រឹមតែស្តាប់គណបក្សប្រជាជន តែក្នុងឆ្នាំនេះនោះទេ ស្តាប់តាំងតែបីបួនឆ្នាំមុនការបោះឆ្នោតម្លេះ។ គ.ជ.ប នណាក៏ដឹងដែរថា ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា តាំងតែពីឆ្នាំ១៩៩៨មក ហើយតែងតែជួយលួចបន្លំសន្លឹកឆ្នោត បំរើផលប្រយោជន៍ឲ្យគណបក្សប្រជាជន។ (…) ប្រជាពលរដ្ឋលែងផ្តល់សេចក្តីទុកចិត្តទៅលើ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលសុទ្ធិតែជាសមាជិកគណបក្សប្រជាជនភាគច្រើននោះ។»
ប្រតិកម្មតបទៅនឹងការលើកឡើងខាងលើ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជនកម្ពុជា បានធ្វើការ«បដិសេធទាំងស្រុង»ចំពោះការចោទប្រកាន់ខាងលើនេះ។ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជារូបនេះបានបន្តរថា «គ្មានគណបក្សប្រជាជនកម្ពុជាបង្គាប់បញ្ជាទៅគ.ជ.ប យ៉ាងម៉េចៗទេ។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្សប្រជាជនកម្ពុជា មិនដែលឮថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជាធ្វើអ្វី ត្រូវដឹងហើយ! (…) គ្មានធ្វើជាការបង្គាប់បញ្ជា ពីគណបក្សប្រជាជនកម្ពុជា ឬពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅ គ.ជ.ប នោះទេ។ ខ្ញុំសុំ«បដិសេធដាច់អហង្កា» ចំពោះការចោទប្រកាន់ខាងលើនេះ។
ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគា និង សវនកម្មនៃរដ្ឋសភារូបនេះ បានបន្តរថា «គ.ជ.ប ធ្វើអ្វីដោយឯករាជ្យម្ចាស់ការខ្លួនឯង។ គ្មានការថតណាមួយដើម្បី ឆ្លង (គណបក្សប្រជាជនកម្ពុជា) នោះទេ តាមធម្មតា គណបក្សប្រជាជនកម្ពុជា"បានដឹង"អស់ទៅហើយ តាំងតែពីការប្រកាសបណ្តោះអាសន្នថ្ងៃទី២៨ ខែកក្កដា រហូតដល់មានការប្រកាសផ្លូវការបណ្តោះអាសន្នថ្ងៃទី១២ខែសីហា។ (…) គ.ជ.ប បានអនុវត្តការងាររបស់ខ្លួនតាមច្បាប់ រួចរាល់អស់ទៅហើយ ឯក្រុមប្រឹក្សាធម្មនុញ្ញក៏បានបញ្ចប់នូវភារកិច្ចរបស់ខ្លួនដែរកាលពី(ថ្ងៃទី៦ ខែកញ្ញា)ម្សិលម៉ិញនេះ ដូច្នេះ គ.ជ.ប អាចធ្វើការប្រកាសបានហើយ។»
ទាក់ទិននឹងបញ្ហាខាងលើ នាយកប្រតិបត្តិនៃអង្គការ ខុមហ្វ្រែល គល់ បញ្ញា លោកមិនដែលបានដឹងពីបញ្ហាថាមានការបង្គាប់ទៅ គ.ជ.ប ដោយគណបក្សប្រជាជនក្នុងការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនោះទេ។ ទោះជាយ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា សម្រាប់ការប្រកាសលទ្ធផលជាផ្លួវការ នៃការបោះឆ្នោតតាមរយៈនៃការថត«ស្ប៉ត»ទុកចាក់ផ្សាយនោះ មិនមានអ្វីជាការកត់សម្គាល់ ឬកំហុសធ្ងន់ធ្ងរទេ។
នាយកប្រតិបត្តិនៃអង្គការ ខុមហ្វ្រែល បានបន្តរថា សម្រាប់អាណត្តិមុនៗ លោកក៏មិនបានដឹងថាតើជាការថតផ្ទាល់ ឬជាការចាក់ផ្សាយនោះដែរ។ មន្ត្រីរូបនេះបន្ថែមថា (វា)មិនសំខាន់ថា «ផ្ទាល់ឬចាក់ផ្សាយទេ។ អ្វីដែលសំខាន់ថាតើការប្រកាសនោះពិតជាត្រឹមត្រូវ សម្រាប់ភាគីទាំងអស់ទទួលបានឬទេ។ (…) ម្យ៉ាងទៀត ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនេះ ជាទូទៅអាចថតជា«ស្ប៉ត»បាន ព្រោះលទ្ធផលទាំងអស់នោះ នឹងមិនមានការប៉ះពាល់ឡើយ (វា)គ្រាន់តែមានលក្ខណៈជាទម្រង់ប៉ុណ្ណោះ ព្រោះមានរបាយការណ៏កំណត់ពីទិន្នន័យគ្រប់គ្រាន់អស់ហើយ។ (…) អ្វីដែលចាំបាច់ដែលត្រូវធ្វើការផ្សាយបន្តរផ្ទាល់ ឬអានផ្ទាល់ ដែលមិនអាចថតជាស្ប៉តបាននោះ គឺលទ្ធផលបឋម នាថ្ងៃទី២៨ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត ព្រោះគ្រប់ភាគីទាំងអស់ចង់បាននូវតម្លាភាព រួមទាំងម្ចាស់ឆ្នោតផងដែរ។»
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ