តើព្រះសង្ឃធ្វើបាតុកម្ម ឬសម្ដេចសង្ឃ ដែលគិតតែពី«ឆាន់សិងៗ»?
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះបីជាសម្តេចព្រះសង្ឃរាជទំាងពីរគណៈ បានចេញបញ្ជាមិនអនុញ្ញាតឲ្យព្រះសង្ឃ ចូលរួមធ្វើបាតុកម្មនោះយ៉ាងណាក៏ដោយ ក៏នៅថ្ងៃទី៧ខែកញ្ញានេះ ព្រះសង្ឃជាច្រើនរយអង្គ នៅតែចូលរួមធ្វើមហាបាតុកម្ម ជាមួយនឹងគណៈបក្សសង្គ្រោះជាតិដដែល។ ព្រះថេរានុថេរៈដែលបានទៅចូលរួម នៅក្នុងមហាបាតុកម្មនោះ សុទ្ធតែអះអាងដូចៗគ្នាថា លោកមិនខ្លាចសម្តេចសង្ឃដាក់ទោសនោះទេ។
ភាគមួយនៃព្រះសង្ឃ ដែលបានទៅចូលរួមក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថ្ងៃទី០៧ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)
«អាត្មាមិនខ្លាចនោះទេ ពីព្រោះអាត្មាធ្វើដើម្បីជាតិមាតុភូមិអាត្មា» នេះគឺជាសង្ឃដីកាជាទូទៅ ប្រកបដោយព្រះភ័ក្ដស្លូតបូត តែមានភាពក្លាហានរបស់ព្រះថេរានុថេរៈ ដែលបាននិមន្តមកចូលរួម ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ។ ព្រះសង្ឃព្រះពុទ្ធសាសនារាប់រយអង្គទាំងនោះ បាននិមន្ដមកពីទីអារាមនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើមហាបាតុកម្មនេះ។
ការចូលរួមរបស់ព្រះសង្ឃក្នុងមហាបាតុកម្ម ត្រូវបានគេមើលឃើញថា បានបង្ហាញនូវភាព«មិនរវល់» និងអាចនិយាយថា ជាការ«ប្រឆាំង»ទៅនឹងព្រះរាជសង្ឃប្រកាសរបស់សម្តេច សង្ឃ ទេព វង្ស និងសម្តេច សង្ឃ ប៊ូរ គ្រី កាលពីប៉ុន្មានថ្ងៃមុននេះ ដែលចេញបញ្ជាហាមប្រាមមិនឲ្យព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជាទាំងអស់ ចូលរូមធ្វើមហាបាតុកម្មអ្វីឡើយ។ នៅក្នុងសង្ឃប្រកាសនោះ ក៏បានបញ្ជាក់ដែរថា ប្រសិនបើមានភិក្ខុ សង្ឃអង្គណា ល្មើសនឹងសង្ឃបញ្ជានេះ នឹងត្រូវដាក់ទោសតាមច្បាប់ជាតិ និងច្បាប់សាសនា (?)។
កំពុងគង់ផ្ទាល់នឹងឥដ្ឋការ៉ូ នាបរិវេណនៃទីលានប្រជាធិបតេយ្យ ហើយព្រះហស្ថម្ខាងកាន់ឆ័ត្រ ដើម្បីបាំងពន្លឺថ្ងៃដែលកំពុងតែរះវេលាជិតថ្ងៃត្រង់ ព្រះតេជគុណ ថាំង សាន និមន្តមកពីវត្តថាន់ នៅរាជធានីភ្នំពេញ បានមានសង្ឃដីការប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «ការហាមប្រាណរបស់សម្តេចសង្ឃទាំងពីរគណៈ ធ្វើឡើងគ្រាន់តែដើម្បីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ មិនបានគិតពីផលប្រយោជន៍ប្រទេសជាតិនោះទេ»។ សង្ឃវ័យជាង ២០ ព្រះវស្សាអង្គនេះ បានមានដីការបន្តថា «បើទោះបីជាព្រះអង្គត្រូវស្លាប់ ឬត្រូវគេធ្វើបាប បណ្តេញចេញពីវត្តយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែចូលរូមធ្វើមហាបាតុកម្ម ជាមួយនឹងគណបក្សសង្រោ្គះជាតិដែរ ពីព្រោះរឿងនេះជារឿងជាតិ ហើយបើរឿងជាតិ ក៏ជារឿងរបស់ព្រះអង្គដែរ»។
«កុំស្រឡាញ់អំណាចខ្លាំងពេក!»
ព្រះតេជគុណ ថាំង សាន បានមានថេរដីការបន្តថា បច្ចុប្បន្ននេះព្រះសង្ឃជាច្រើនបានទទួលរង នូវការគាបសង្កត់គ្រប់បែបយ៉ាងពីសំណាក់មន្រ្តីសង្ឃ ជាពិសេសគឺពីសំណាក់សម្តេចសង្ឃតែម្តង នៅពេលដែលព្រះសង្ឃអង្គណាចូលរួមក្នុងសកម្មភាពនយោបាយជាមួយបក្សប្រឆាំង និងសកម្មភាពការពារសិទ្ធិមនុស្ស។ ព្រះតេជគុណ បានធ្វើការអំពាវនាវឲ្យសម្តេចសង្ឃទាំងអស់ និងមន្រ្តីសង្ឃដទៃទៀត គួរតែគិតពីប្រទេសជាតិខ្លួនឯងផង «កុំស្រឡាញ់អំណាចខ្លាំងពេក» និងគួរតែយកគំរូតាមព្រះសង្ឃ ដែលហ៊ានចូលរូមគិតគូរពីបញ្ហាប្រទេសជាតិ។
ស្រដៀងគ្នានេះដែរព្រះតេជគុណម្នាក់ទៀតព្រះនាម លី គង់ និមន្ដមកពីវត្តឧណ្ណាឡោម សម្បុរខ្មៅស្រអែម ព្រះភ័ក្ដពោរពេញទៅដោយញើស ដែលហូរចេញមកពីព្រះកេស ព្រោះតែពន្លឺព្រះអាទិត្យខ្លាំងពេក បានមានថេរដីការថា ការចេញសេចក្តីប្រកាសរបស់សម្តេចសង្ឃរាជកាលពីពេលថ្មីៗនេះ ថាគឺជាការបំបិទសិទ្ធិសេរីភាពរបស់ព្រះសង្ឃ ក្នុងការបញ្ចេញមតិ។ ព្រះសង្ឃអង្គនេះ បានបន្តថា លោកមិនមានការភ័យខ្លាចអ្វីនោះទេ ពីព្រោះអ្វីដែលព្រះអង្គកំពុងធ្វើ គឺជាអំពើល្អ ពោលគឺដើម្បីទាមទារសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ។ ដូច្នេះ វាពិតជារឿងស្របច្បាប់ជាតិ និងច្បាប់សាសនា (?)។
«ព្រះពុទ្ធលោកមិនមែនបង្រៀនឲ្យព្រះសង្ឃ«ឆាប់សិងៗ»នោះទេ»
និមន្តមកពីវត្តឱរ៉ាល់ស្ថិតនៅខេត្តកំពង់ស្ពឺតែមួយអង្គឯង និងមិនបានឆាន់ចង្ហាន់ទៀតនោះ ព្រះតេជគុណ សម គឹមសាធ កំពុងតែនិមន្ដដើរចេញពីសួនសេរីភាពប្រកបដោយភាពស្ងៀមស្ងាត់ នៅក្រោយពេលដែលបាតុកម្មបានបិទបញ្ចប់។ តែព្រះអង្គបានឆ្លៀតថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ដោយបានហៅចំណាត់ការរបស់សម្តេចព្រះសង្ឃរាជ ថាជាការមិនយល់អំពីព្រះពុទ្ធសាសនា សោះឡើយ។ ព្រះអង្គបានពន្យល់ថា ក្នុងផ្លូវព្រះពុទ្ធសាសនា ព្រះពុទ្ធលោកមិនមែនបង្រៀនឲ្យព្រះសង្ឃគិតតែ«ឆាន់សិងៗ»នោះទេ តែនៅពេលដែលឃើញពុទ្ធបរិស័ទមានទុក្ខហើយនោះ ព្រះសង្ឃត្រូវតែចូលរួមរក«ដំណោះស្រាយជាមួយនឹងពុទ្ធបរិស័ទ ឬប្រជាពលរដ្ឋហើយណាញ៉ោម»។
ព្រះតេជគុណ សម គឹមសាធ បានបញ្ជាក់ថា ប្រសិនបើព្រះអង្គចូលរួមសកម្មភាពនេះ ហើយត្រូវបានគេចាប់យកទៅដាក់ទោសនោះ គឺព្រះអង្គមានតែសប្បាយចិត្តថែម ពីព្រោះព្រះអង្គមិនបានធ្វើអ្វីខុសនោះទេ។ អ្នកបួសអង្គនេះ បានអំពាវនាវទៅសម្តេចសង្ឃទាំងពីរគណៈ ឲ្យយល់ថារឿងនយោបាយទាំងអស់នេះ ត្រូវការព្រះសង្ឃចូលរួមជាការចាំបាច់ ទើបប្រទេសជាតិបានសុខសាន្ត។
នៅល្ងាចថ្ងៃនេះដដែល គេមិនទាន់ដឹងនៅឡើយទេ ថាខាងសម្តេចសង្ឃទាំងពីរគណៈគឺសម្តេចសង្ឃ ទេព វង្ស និងសមេ្តចសង្ឃ ប៊ូរ គ្រី ព្រមទាំងខាងក្រសូងធម្មការនោះផង នឹងមានចំណាត់ការយ៉ាងណានោះ ទល់នឹងព្រះសង្ឃ«ល្មើស»ទាំងនេះ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ក៏មិនអាចទាក់ទងអ្នកទទួលខុសត្រូវក្រសូងធម្មការ និងសាសនា និងខុទ្ទកាល័យសម្ដេចសង្ឃទាំងពីរនៅថ្ងៃនេះ ដើម្បីសុំការធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ បានដែរ។
ប៉ុន្តែទោះជាសង្ឃប្រកាសនេះ បានបញ្ជានិងធ្វើឡើងក្រោមរូបភាពសាសនាក៏ដោយ តែក្រុមអ្នកការពារសិទ្ធិតែងតែចោទថា នោះជាសង្ឃប្រកាសដែលបម្រើឲ្យនយោបាយ របស់គណបក្សកាន់អំណាច ក្នុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងបរិបទប្រទាញប្រទង់នៅក្រោយការបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសដោយកណ្ដាប់ដៃដែកតាំងពីជិត៣០ឆ្នាំមកហើយ និងជារឿយៗ រដ្ឋាភិបាលរបស់លោក តែងរងការរិះគន់ថាបានដាក់គម្នាបលើសិទ្ធិសេរីភាព និងបង្ខាំងពលរដ្ឋខ្លួនឯង មិនឲ្យមានសិទ្ធិបញ្ចេញមតិពេញបរិបូរ៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ