ចិនស្នើរកម្ពុជាចចារដោយសន្តិវិធី ខណៈខ្លួនស្វាគមន៍ជ័យជំនះគណបក្សប្រជាជន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងរយៈពេលបីថ្ងៃនេះ លោកមានគម្រោងជួបថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា ដូចជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, រដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង។ ដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ ដោយឡែក លោកពុំបានបញ្ជាក់ពីជំនួប ជាមួយនឹងគណបក្សប្រឆាំងនោះទេ ។
លោក ហា ណាំហុង (ខាងឆ្វេង) និងលោក វ៉ាង យី ចាប់ដៃគ្នា នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។ (រូបថត MONOROOM.info/ O. Vary)
ក្នុងសន្វិសិទ្ធិកាសែតនៅសណ្ឋាគារនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ ក្រោយពីមានជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯវិមានរដ្ឋសភា លោក វ៉ាង យី (Wang Yi) នឹងបន្តរ ជួបពិភាក្សាការងារជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង ជាមួយគ្នា បន្ថែមទៀត និងក៏ដើម្បីអបអរសាទរខួបឆ្នាំទី៥៥ មិត្តភាពកម្ពុជា-ចិន។
លោក វ៉ាង យី បានមកដល់កម្ពុជា នាយប់ថ្ងៃទី២០ ខែសីហា ស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា មានភាពតានតឹង មិនទាន់ទាំងដោះស្រាយបាននៅឡើយ នោះព្រោះតែមានការពង្រាយនូវរថពាសដែក រថក្រោះ ក្នុងគោលបំណងទប់ទល់ ចំពោះការគំរាមធ្វើមហាបាតុកម្ម ដោយប្រជាពលរដ្ឋ ក្រោមការនាំមុខដោយគណបក្សសង្រ្គោះជាតិ។ មុននឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២១ ខែសីហា ខាងមុខនេះ ចំពោះការបោះឆ្នោតនៅកម្ពុជាលោក វ៉ាង យី បានគាំទ្រ និងសាទរនូវលទ្ធល ការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះកៅអីភាគច្រើននៅក្នុងរដ្ឋសភា។ លោកក៏សុំឲ្យកម្ពុជា ដោះស្រាយបញ្ហាបោះឆ្នោតនេះ ដោយសន្តិវិធី តាមរយៈកិច្ចជំនួនប្រជុំពិភាក្សា ជជែក និងចរចាគ្នា រកច្រកចេញពីវិបត្តិក្រោយការបោះឆ្នោត។
លោក វ៉ាង យី បានបញ្ជាក់ថាការដឹកនាំគណៈប្រតិភូចិន មកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជានេះ ក្នុងគោលបំណង ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ក៏ក្នុងគោលបំនងមួយ បញ្ជាក់ថាចិនយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយគាំទ្រ ព្រមទាំងខិតខំរក្សា និងការពារអោយបាននូវចំណងមិត្តភាព នៃប្រទេសទាំងពីរ។ លោកបានថ្លែងទៀតថា «ជាមិត្តភ័ក្រល្អ ជាប្រទេសជិតខាងល្អ ក្រោមការដឹកនាំរបស់របស់ប្រមុខនៃប្រទេសទាំងពីរ។(…) បង្កើតនិងពង្រឹងនូវ ការទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងកិច្ចអភិវឌ្ឍន៍។»
សូមបញ្ជាក់ថាជំនួបអាហារថ្ងៃត្រង់នៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ រវាង លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពីជជែកពិស្តារ អំពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសកម្ពុជា និងចិននោះ។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែសីហានេះ ប្រទេសចិនបានចុះហត្ថលេខា ប្រគល់ម៉ាស៊ីនស្គែនកុងតឺន័រប្រភេទ MT1213LT បួនគ្រឿងដល់មកកម្ពុជា ដែលជាហិរញ្ញប្បទានឥតសំណង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស រវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជាង៨៤លានយ័ន (ជិត១៤លានដុល្លារ)។ ឆ្នំា២០១២ កម្ពុជាបានទទួលម៉ាស៊ីនស្គែនកុងទីន័របីគ្រឿង, ប្រព័ន្ធត្រួតពិនិត្យលើខ្លួនមនុស្សចំនួនប្រាំពីរគ្រឿង, ម៉ាស៊ីនស្គែនសម្ភារៈផ្ទាល់ខ្លួនខ្នាតតូចបួនគ្រឿង និងម៉ាស៊ីនស្គែនសម្ភារៈផ្ទាល់ខ្លួនខ្នាតធំបីគ្រឿង។
ក្រៅពីនេះបន្ទាប់ពីការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៨ ខែកក្កដា នេះ រដ្ឋាភិបាលចិនក៏បានផ្តល់កាំភ្លើងដៃចំនួនមួយពាន់ដើម និងគ្រាប់ចំនួនប្រាំម៉ឺនគ្រាប់ដល់កងនគរបាលកម្ពុជា។
តាមព័ត៌មានពីក្រសួងហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតរាប់ពីឆ្នាំ១៩៩២មក ប្រទេសចិនតែមួយ បានផ្ដល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ជាង២ពាន់៨រយលានដុល្លារអាម៉េរិក ក្នុងនោះមានឥណទានសម្បទាន ជាប្រាក់ជាង២ពាន់៤រយ៥០លានដុល្លារ អាមេរិកដែលកម្ពុជាត្រូវសងទៅចិនវិញដែរ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ