កម្ពុជា៖ ទោះតំណាងរាស្ត្រប្រឆាំងថារដ្ឋសភា«បាត់សុពលភាព» តែច្បាប់នឹងត្រូវអនុម័ត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃសុក្រទី០៧ខែមិថុនានេះ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីអនុម័តលើសេចក្តីស្នើច្បាប់ ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដោយគ្មានវត្តមានរបស់គណបក្សប្រឆាំង។ នេះបើតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៦ ខែមិថុនា របស់ក្រុមតំណាងរាស្រ្តគណបក្សសម រង្សី និងគណបក្សសិទ្ធិមនុស្ស ដែលបានចាត់ទុកថា «រដ្ឋសភាខ្មែរបានបាត់បង់សុពលភាព» អស់ទៅហើយ។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ MONOROOM.info photo/ O.Vary។
សេចក្តីថ្លែងការណ៍នេះបានចាត់ទុកថា រដ្ឋសភា ដែលគ្មានសម្លេងគណបក្សប្រឆាំងនេះ នឹងត្រូវបានរំលាយចោល ដោយគណកម្មាធិការអចិន្ត្រៃនៃរដ្ឋសភា ហើយនាំដល់ការរំលាយរដ្ឋសភាមុននីតិកាល។ រដ្ឋសភានេះមិនអាចមានសុពលភាព ឬសិទ្ធិអំណាច ដើម្បីធ្វើការប្រជុំអនុម័តច្បាប់ ឬសម្រេចអ្វីក្នុងនាមស្ថាប័ននីតិបញ្ញត្តិបានតទៅទៀតទេ។
បញ្ជាក់លើករណីនេះ លោក ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភា បានប្រាប់មនោរម្យព័ងអាំងហ្វូថា នឹងមានការអញ្ជើញឲ្យចូលរួម ពីសមាជិកភាពរបស់គណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា។ តែបើសមាជិកណា បានលាលែងចេញពីគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា (គណបក្សប្រជាជនកម្ពុជា សម រង្សី សិទ្ធិមនុស្ស នរោត្តមរណឬទ្ធិ និងហ្វុនស៊ីនប៉ិច) នោះមានន័យថាលែងជាសមាជិកភាព នៃរដ្ឋសភាទៀតហើយ និងក៏គ្មានការអញ្ជើញឲ្យចូលរួមដែរ ព្រោះពួកគាត់ មិនមែនជាអ្នកតំណាងរាស្រ្តទៀតទេ។
លោកបន្តថា ការផ្តាច់ខ្លួនពីគណបក្ស ដែលមានអសនៈនៅក្នុងរដ្ឋសភា ទៅគណបក្សមួយផ្សេងទៀត នាំឲ្យមានការបាត់បង់នូវសមាជិកភាពនៃរដ្ឋសភា។ ថ្ងៃស្អែក នឹងមានការបកស្រាយលើច្បាប់បង្អែកប្រាំ ដែលនិយាយពីការបាត់បង់សមាជិកភាព សិទ្ធិជាតំណាងរាស្រ្តនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានបញ្ជាក់ទៀតថា ការផាត់ចេញមិនអញ្ជើញតំណាងរាស្ត្រ មកពីគណបក្សសម រង្សី ចំនួនម្ភៃប្រាំរូប និងគណបក្សសិទ្ធិមនុស្សចំនួនបីរូប ឲ្យចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភានាថ្ងៃស្អែកនេះ បានធ្វើឲ្យសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនមានចំនួនតែ៩៥ រូបតែប៉ុណ្ណោះ និងនាំទៅដល់ចំនួនមិនគ្រប់១២០រូបតាមរដ្ឋធម្មនុញ្ញ ដើម្បីក្លាយជារដ្ឋសភាមួយបាន។
អ្នកវិភាគឯករាជ្យ ពីបញ្ហាសង្គម និងនយោបាយ លោក ឡៅ ម៉ុងហៃ បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តីច្បាប់ មួយដែលមានសុពលភាព អាចអនុវត្តទៅបាននោះ មិនសំដៅលើសមាជិក១២០រូបនេះទេ។ លោកបន្តថា ចំនួន១២០រូបនេះ គ្រាន់តែជាការកំណត់ នូវចំនួនសមាជិកសភា ដែលត្រូវមានក្នុងសភាប៉ុណ្ណោះ មិនមែនជាចំនួននៃការកំណត់ ក្នុងកិច្ចប្រជុំធ្វើច្បាប់ឡើយ។ តាមរដ្ឋធម្មនុញ្ញត្រង់មាត្រា៨៨ បានកំណត់ថា «ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុម ប្រាំបីភាគដប់ នៃសមាជិករដ្ឋសភាទាំងមូល» ហើយគណបក្សប្រជាជនសព្វថ្ងៃ នេះមាន«កូរ៉ុមគ្រប់គ្រាន់» ក្នុងការអនុម័តច្បាប់ហើយ។
ឯលោកញ៉ែម ថាវី បន្ថែមថា សម្រាប់ការប្រជុំវិសាមញ្ញនៃរដ្ឋសភាស្អែកនេះ សមាជិកភាពដែលនឹងត្រូវចូលរួមមកពីគណបក្សចំនួនប្រាំ ក្នុងនោះមានសមាជិកភាពគណបក្សប្រជាជនចំនួន៩០នាក់ នឹងចូលរួម ប្រសិនបើពួកគេមិនមានជាប់បំពេញបេសកម្មអ្វីនោះទេ។ ឯសមាជិកភាព ក្រៅពីនេះ មកពីគណបក្សសម រង្សី សិទ្ធិមនុស្ស ហ្វុនស៊ីនប៉ិច និងនរោត្តមរណឬទ្ធិដែលមិនបានលាលែង ឬបាត់បង់ជាសមាជិកភាពនៃរដ្ឋសភា ក៏ត្រូវបានអញ្ជើញឲ្យចូលរូមដែរ។
ក្នុងថ្ងៃព្រហស្បត្តិ៍នេះ គណបក្សប្រឆាំងក៏បានស្នើរសុំឲ្យរដ្ឋសភា ធ្វើការពន្យាពេលនៃកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់នេះ រហូតដល់ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រខាងមុខ ដើម្បីឲ្យរដ្ឋសភាអាចធ្វើច្បាប់មួយនេះឲ្យល្អ និងត្រឹមត្រូវ។ តែរហូតមកដល់ល្ងាចនេះ នៅមិនទាន់មានការឆ្លើយតប ពីប្រធានរដ្ឋសភានៅឡើយទេ ។
សូមរម្លឹកថា តាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែមិថុនា របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួនប្រាំមួយ ក្នុងនោះក៏មានសេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យផងដែរ។ សេចក្តីស្នើច្បាប់នេះមានប្រាំមាត្រា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយខែ ទៅពីរឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅបួនលានរៀល ទៅលើអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ