តឺនីស៖ ណាដាល់ និងឌីចូកូវីក ប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) នឹងត្រូវជួបប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ហ្វ្រេនអូផិន (French Open) បន្ទាប់ពីពួកគេទទួលបានជ័យជំនះ ក្នុងវគ្គ១ភាគ៤ដូចគ្នារួចមកនោះ។
កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប(Rafael Nadal)ណូវ៉ាក់ ឌីចូកូវីក និង រ៉ាហ្វាអែល ណាដាល់។
ម្ចាស់ជើងឯក៧សម័យកាល ណាដាល់ បានយកឈ្នះកីឡាករស្វីស ស្តែនីស្លាស វ៉ារីនកា (Stanislas Wawrinka) ដោយលទ្ធផល ៦-២, ៦-៣ និង ៦-១ ខណៈដែលកីឡាករលំដាប់លេខ១ពិភពលោកឌីចូកូវីក បានទម្លាក់កីឡាករអាឡឺម៉ង់ ថុម៊ី ហាស (Tommy Haas) ដោយលទ្ធផល ៦-៣, ៧-៦ (៧-៥) និង ៧-៥។
កីឡាករអេស្ប៉ាញ ណាដាល់ ដែលទើបតែត្រឡប់ពីរបួសអស់រយះពេល៧ខែ ដោយសាររបួសជង្គង់នោះ បាននិយាយថា «ខ្ញុំដឹងថា ខ្ញុំនឹងត្រូវប្រកួតជាមួយ កំពូលកីឡាកររបស់ពិភពលោក។ ហើយខ្ញុំក៏ដឹងថា គាត់ធ្វើបានយ៉ាងល្អបំផុត ក្នុងពេលកន្លងមកដែរ។»
កីឡាករវ័យ២៧ឆ្នាំ បានបន្តថា «ប៉ុន្តែខ្ញុំគ្រាន់តែលេង ទៅតាមសមត្ថភាពរបស់ខ្ញុំ និងព្យាយាមធ្វើឲ្យបានល្អបំផុតសម្រាប់ខ្លួនឯង តែប៉ុណ្ណោះ។ នេះជាឱកាសរបស់ខ្ញុំ ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។»
រីឯកីឡាករស៊ែប៊ី ឌីចូកូវីក ក៏បាននិយាយដែរថា «ខ្ញុំកំពុងតែផ្តោតអារម្មណ៏ ទៅលើការប្រកួតមួយនេះ។ អ្នកដឹងទេ នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំត្រូវប្រកួតជាមួយគាត់ ព្រោះយើងបានជួបគ្នា ៣០លើករួចមកហើយ។ ខ្ញុំគិតថា យើងក៏បានដឹងពីសមត្ថភាពរបស់គ្នា រៀងៗខ្លួនដែរ។»
កីឡាករវ័យ២៦ឆ្នាំ បានបន្ថែមថា «យើងទាំង២នាក់ កំពុងតែមានទម្រង់ដ៏ល្អដូចគ្នា។ ហើយនេះក៏ជាការប្រកួតដ៏ធំជាងគេបំផុតដែរ នៅក្នុងកម្មវិធី រ៉ូឡែន ហ្គារ៉ូស (Roland Garros) ឆ្នាំ២០១៣នេះ សម្រាប់រូបខ្ញុំ ក៏ដូចជារូបគាត់ផងដែរ។»
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅយប់ថ្ងៃសុក្រស្អែកនេះ ដែលគូបើកឆាកទី១ កីឡាករអេស្ប៉ាញ ដេវីដ ហ្វឺរ៉ឺ (David Ferrer) នឹងត្រូវប្រកួតជាមួយកីឡាករបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga)។ រីឯគូដែលជក់ចិត្តរវាងណាដាល់ និងឌីចូកូវីក នឹងប្រកួតគ្នាបន្ទាប់៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ