កម្ពុជា៖ កម្ដៅរវាងកម្មករនិងរោងចក្រទំនងជាកើនឡើង ចុះចំណែកក្រុមហ៊ុនទទួលទិញវិញ?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាហាក់ដូចជាបានស្គាល់នូវ ភាពកម្រើកឡើងវិញ នូវការទាមទារពីសំណាក់កម្មករនិយោជិក ដើម្បីសុំឲ្យមានការគោរពសិទ្ធិរបស់ពួកគេ និងកែលម្អលក្ខខ័ណ្ឌការងារ ជាពិសេសនៅក្នុងសហគ្រាសមួយ ដែលបានផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនយីហោសម្លៀកបំពាក់កីឡាដ៏ល្បីរបស់ពិភពលោកមួយនោះ។
ព្រឹត្តិការណ៍ប្រឈមមុខគ្នា រវាងកងកម្លាំងនគរបាល និងក្រុមកម្មករ នៅថ្ងៃទី០៣ខែមិថុនា នៅរោងចក្រសាប៊្រីណា ក្នុងខេត្តកំពង់ស្ពឺ។ (រូបថត REUTERS/Samrang-Pring)
ហេតុការណ៍ដែលកើតចុងក្រោយបង្អស់ បានផ្ទុះឡើងនៅចុងខែឧសភា នៅក្នុងរោងចក្រកាត់ដេរមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើការឲ្យម៉ាកសម្លៀបំពាក់កីឡារបស់អាមេរិក មានឈ្មោះថា ណៃគ៍។ កម្មករអ្នកធ្វើការនៅទីនោះ បានទាមទារឲ្យមានការតម្លើងប្រាក់ខែ និងកែលម្អនូវលក្ខខ័ណ្ឌការងារមួយចំនួន របស់ពួកគេ។ តែការទាមទារនោះ បានកើតមាននូវការប៉ះទង្គិចដោយហឹង្សា ជាមួយកងកម្លាំងរបស់អាជ្ញាធរ។
ព្រឹត្តិការណ៍ទាំងនេះ បានកើតឡើង តែប៉ុន្មាសប្ដាហ៍ប៉ុណ្ណោះ ពីការស្លាប់កម្មករជាង ១១០០នាក់ នៅក្នុងព្រឹត្តិការណ៍បាក់ស្រុតរលំនៃអាគាររោងចក្រដ៏ធំមួយ នៅប្រទេសបង់ក្លាដេស ដែលជាប្រទេសនាំមុខមួយទៀត ខាងការនាំចេញនៃវិស័យកាត់ដេរសម្លៀកបំពាក់ នៅទ្វីបអាស៊ី។
មិនត្រឹមតែយីហោ ណៃគ៍ប៉ុណ្ណោះទេ ដែលមានបញ្ហាបែបនេះ នៅប្រទេសកម្ពុជា ប៉ុន្តែយីហោធំៗផ្សេងទៀត ដូចយ៉ាង H&M, Wal-Mart Stores, Gap ឬ Puma ជាដើម ក៏ធ្លាប់ជួបដូចគ្នា នូវចលនាទាមទាររបស់កម្មករនយោជិកដូច្នេះដែរ។ ប្រទេសកម្ពុជា ដែលមានកម្មករធ្វើការក្នុងវិស័យនេះ មិនតិចជាង ៣០០ពាន់នាក់នោះ ត្រូវបានចាត់ទុកជា«ប្រទេសគំរូ»មួយ នៃការផលិតសម្លៀកបំពាក់ដែលមានតម្លៃថោក ដោយសារតែអង្គការពលកម្មអន្តរជាតិ បានសម្លឹងមើលលក្ខខ័ណ្ឌការងារនៅក្នុងប្រទេសនេះ តាមរយៈកម្មវិធីប្រលងប្រណាំងមួយ ហៅថា«រោងចក្រដែលប្រសើរជាងគេនៅកម្ពុជា (Better Factories Cambodia - BFC)»
តែសម្រាប់ក្រុមសកម្មជនសហជីប និងសកម្មជនធ្វើការផ្នែកសង្គម បានគិតថា កម្មវិធីដែលកើតតាំងជាង១០ឆ្នាំមកហើយនេះ មិនអាចបិតបាំងពីភាពរយីករយាកនៃការគោរពសិទ្ធិ របស់កម្មករនយោជិកនោះបានឡើយ។ ពួកគេបាននិយាយថា កម្មវិធី BFC មិនមានអំណាចដើម្បីឲ្យរោងចក្រទាំងនោះ គោរពអនុសាសន៍របសកម្មវិធីបានទេ ហើយបានបញ្ជាក់ថា ម្ចាស់រោងចក្រទាំងនោះ តែងតែលើកឡើងពីការគាបសង្កត់របស់ ក្រុមហ៊ុនទទួលទិញផលិតផល ដែលចង់បានតែតម្លៃថោករហូតនោះ។
អង្គការអន្តរជាតិមួយ ដែលឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងវិស័យការងារ មានឈ្មោះជាភាសាអង់គ្លេសថា International Human Rights Clinic de la Stanford Law School បានរាយការណ៍ថា ការរំលោភសិទ្ធិសេរីភាពក្នុងការបង្កើតឲ្យមានសហជីប ត្រូវបានគេសង្កេតឃើញជាញឹកញាប់ និងមានការបង្ខំឲ្យធ្វើការបន្ថែមម៉ោង ហួសពេលកំណត់ដោយច្បាប់។
កម្មវិធី BFC របស់អង្គការពលកម្មអន្តរជាតិ ក៏បានលើកមកនិយាយ នៅក្នុងរបាយការណ៍របស់ខ្លួនមួយដែរថា មានភាពរយីករយាកខ្លាំងទាក់ទងនឹងលក្ខខ័ណ្ឌការងារ ដូចយ៉ាង «ការបង្កាប្រឆាំងនឹងអគ្គិភ័យ»នោះជាដើម។
ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត បានបង្ហាញពីភាពផុយស្រួយនៃលក្ខខ័ណ្ឌការងារ ក្នុងប្រទេសកម្ពុជា ដូចនៅក្នុងបញ្ហាបាក់ធ្លាក់ពិដានមួយ នៅក្នុងរោងចក្រជប៉ុន អាសីក (Asics) កាលពីខែឧសភា ដែលបណ្ដាល់ឲ្យមនុស្សពីរនាក់ស្លាប់។ រីឯការដួលសន្លប់ជាច្រើនលើក នៃកម្មកររាប់ពាន់នាក់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទៀតសោធ ក៏រឹតតែបានបង្ហាញពីកង្វះលក្ខខ័ណ្ឌការងារយ៉ាងខ្លាំងដែរ ទាក់ទងនឹងចំណីអាហារមិនគ្រប់គ្រាន់ ពេល-វេលាធ្វើការយូពេក និងទីកន្លែងធ្វើការគ្មានខ្យល់អាកាសគ្រប់គ្រាន់នោះជាដើម។
សកម្មជនការពារសិទ្ធិកម្មករមួយរូប បានថ្លែងឡើងថា «យីហោធំៗទាំងនោះ មិនអាចលាក់ខ្លួន នៅពីក្រោយអង្គការពលកម្មអន្តរជាតិរហូតអញ្ចឹងទេ។ បើក្រុមហ៊ុនបញ្ជាទិញ មិនមានវិធានការខ្លះ ប្រឆាំងរោងចក្រដែលផ្គត់ផ្គង់ផលិតផលឲ្យខ្លួននោះទេ រោងចក្រទាំងនោះ នឹងមិនអើពើរវល់ពីលក្ខខ័ណ្ឌការងារអ្វីឡើយ ព្រោះពួកគេរាល់គ្នានៅទីនេះ គ្មានបំណងអ្វី ក្រៅតែពីរកលុយឲ្យបានច្រើន តាមតែអាចធ្វើបាននោះឡើយ៕»
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ