កូរ៉េខាងត្បូងយល់ព្រម សំណើរបស់ទីក្រុងព្យុងយ៉ាង ពីការចចារឡើងវិញ
ប្រទេសកូរ៉េខាងត្បូង បានទទួលយល់ព្រម នៅថ្ងៃព្រហស្បត្តិ៍នេះ សំណើសុំរបស់កូរ៉េខាងជើង ដែលចង់ធ្វើការចចារទៅលើប្រធានបទចំពោះមុខមួយចំនួន ក្រោយបន្ទាប់ពីមានភាពតានតឹងដាក់គ្នារវាងបងប្អូនសត្រូវទាំងពីរ ប៉ុន្មានខែចុងក្រោយនេះរួចមក។
ផ្លូវឆ្ពោះទៅកាន់តំបន់ឧស្សាហកម្ម កាអេស៊ុង។
សេចក្ដីប្រកាសនេះ បានកើតឡើង ខណៈពេលដែលការតម្លើងសម្លេង បានកើតឡើងយ៉ាងខ្លាំង រវាងប្រទេសលោកខាងលិច និងរបបកុម្មុយនីសកូរ៉េខាងជើង នៅជុំវិញការបាញ់សាកល្បងកាំជ្រួចនុយក្លេអ៊ែរ លើកទីបីរបស់ទីក្រុងព្យុងយ៉ាង និងបន្ទាប់ពីការគម្រាមកំហែង ដោយបើកការវាយប្រហារពីសំណាក់របបនេះ ក្នុងប៉ុន្មានខែចុងក្រោយ។
សេចក្ដីប្រកាសរបស់ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា «រដ្ឋាភិបាលកូរ៉េខាងត្បូង ទទួលដោយភាពវិជ្ជមាន សំណើសុំរបស់ប្រទេសកូរ៉េខាងជើង»។ សេចក្ដីប្រកាសនោះ បាននិយាយទៀតថានឹងប្រកាសឲ្យដឹងនៅពេលក្រោយ ពីទីកន្លែង និងកាលបរិច្ឆេទនៃកិច្ចចរចារទាំងនេះ។
«យើងសង្ឃឹមថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងឆ្លៀតឱកាសនេះ ដើម្បីរឹតចំណងទាក់ទងនៃភាពទុកចិត្តកាន់តែខ្លាំងឡើង» នេះជាការបញ្ជាក់ របស់សេចក្ដីប្រកាសព័ត៌មានដដែលនោះ។
នៅក្នុងការប្រកាសព័ត៌មាន របស់ភ្នាក់ងាររដ្ឋរបស់កូរ៉េខាងជើង គណកម្មាធិការទទួលបន្ទុកផ្សះផ្សារកូរ៉េ និងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង (CPRK) បានស្នើអោយមានការជជែកគ្នាឡើងវិញ ជាពិសេសស្ដីពីតំបន់ឧស្សាហកម្មអន្តរ-កូរ៉េ កាអេស៊ុង (Kaesong) និងស្ដីពីការប្រជុំរវាងគ្រួសារបែបបាក់គ្នា នៅក្រោយសង្គ្រាមកូរ៉េនៅឆ្នាំ១៩៥៣។
គណកម្មាធិការ (CPRK) មិនបានបញ្ជាក់ថានឹងមានតំណាងកម្រិតណា ពីខាងរដ្ឋាភិបាល នៅក្នុងការជួបចរចារនោះទេ ប៉ុន្តែបានទុកជម្រើសជាចំហរ ឲ្យទីក្រុងសេអ៊ូល ក្នុងការរើសទីកន្លែង និងកាលបរិច្ឆេទ។
កូរ៉េខាងជើង អះអាងថាខ្លួនបានត្រៀមខ្លួនរួចជាស្រេច នឹងជជែកពីអនាគតនៃតំបន់ឧស្សាហកម្ម កាអេស៊ុង ដែលមានបណ្ដាជនកូរ៉េខាងជើង ធ្វើការជាង៥០ពាន់នាក់ និងមន្ត្រីជំនាញកូរ៉េខាងត្បូងជាង១០០នាក់។ តំបន់នេះ ត្រូវបានបិទទ្វា កាលពីដើមខែមេសា ដោយអាជ្ញាធរទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង ក៏បានអះអាងដែរថា ខ្លួនចង់ចរចារ ពីការបើកឲ្យចូលទៅទស្សនាឡើងវិញ នូវតំបន់ទេសចរណ៍មួយ ឈ្មោះ គមហ្គាង (Kumgang) ដែលប្រកបដោយទេសភាពយ៉ាងល្អវិសេស ជាមួយកំពូលភ្នំ ដើមឈើធំៗយ៉ាងសម្បូរបែប និងអាចសម្លឹងឃើញទៅដល់សមុទ្រ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ