រូបភាពក្នុងនិងក្រោយពេល គីម ជុង-ណាម ត្រូវស្ត្រី២នាក់បំពុល
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 21, 2017
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាព ដែលទទួលបាន ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ អនុញ្ញាតឲ្យគេយល់ ពីសកម្មភាពដែលបានកើតឡើង នៅពេលកើតហេតុ និងនៅពេលបន្ទាប់មក។ ដំបូងឡើយ គេឃើញលោក គឹម ជុង-អ៊ុន (Kim Jong-nam) បងប្រុសម្ដាយដទៃ របស់លោក គឹម ជុង-អ៊ុន (Kim Jong-un) មេដឹកនាំកូរ៉េកុម្មុយនីសសព្វថ្ងៃ ដើរចូលទៅក្នុងបន្ទប់ធំកណ្ដាល សម្រាប់ការធ្វើដំណើរចាកចេញ នៃព្រលានយន្ដហោះ ជាមួយនឹងកាបូបស្ពាយនៅលើខ្នង។ លោកបានបានចូលទៅមើល ប្រអប់ជូនដំណឹង ពីជើងហោះហើរទាំងឡាយ ហើយបន្ទាប់មក លោកបានដើរចេញពីទីនោះ ស្របពេលនឹងស្ត្រីពីរនាក់ បានដើរសំដៅមករកលោក។
រំពេចនោះ ស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រីទាំងពីរ បានដើរមកបុកលោក ចំពីមុខ ខណៈស្ត្រីម្នាក់ទៀត បានចាប់លោកពីក្រោយ និងដាក់«អ្វីមួយ» នៅលើមុខរបស់លោក។ ក្រោយពីធ្វើសកម្មភាពរួច ស្ត្រីទាំងពីរបានដើរគេចខ្លួនភ្លាមៗ ទៅតាមទិសដៅផ្សេងគ្នា រៀងៗខ្លួន។
ក្រោយហេតុការណ៍នោះ លោក គឹម ជុង-ណាម បានយកដៃខ្ទប់មាត់ និងបានដើរសំដៅ ទៅរកការជួយសង្គ្រោះ។ លោកបានដើរទៅរកបុគ្គលិក របស់ព្រលានយន្ដហោះ ហើយបាននិយាយ ពីអ្វីដែលបានកើតឡើង ចំពោះរូបលោក។ ក្នុងរូបភាពជាបន្ត គេឃើញលោកបានព្យាយាមដើរ ជាមួយបុគ្គលិកពីរនាក់ ឆ្ពោះទៅកាន់គិលានសង្គ្រោះ ដែលស្ថិតក្នុងព្រលានយន្ដហោះ។ គឺនៅទីនោះហើយ ដែលលោក គឹម ជុង-ណាម បានសន្លប់លែងដឹងខ្លួន។ លោកបានផុតដង្ហើម នៅប៉ុន្មាននាទីក្រោយមក បន្ទាប់ពីរូបលោក ត្រូវបានរថយន្ដសង្គ្រោះដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
កម្មវិធី«លួចថតវីដេអូ»...
ស្ត្រីទាំងពីរនាក់ (ម្នាក់កាន់លិខិតឆ្លងដែនវៀតណាម និងម្នាក់ទៀត កាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី) ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន នៅប៉ុន្មានថ្ងៃក្រោយមក។ ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី បានគិតនៅក្នុងជំហានដំបូងថា ស្ត្រីទាំងពីរនាក់ ត្រូវបានរៀបចំ ឬបញ្ឆោត ឲ្យធ្វើសកម្មភាពនេះ ពីសំណាក់ភ្នាក់ងារពេជ្ឈឃាដសំងាត់ មកពីប្រទេសកូរ៉េខាងជើង។ ស្ត្រីម្នាក់ពីក្នុងចំណោមនោះ ដែលមានរូបភាពខ្លួន បង្ហាញច្បាស់ជាងគេ នៅក្នុងវីដេអូ បានអះអាងប្រាប់នគរបាលម៉ាឡេស៊ីថា ខ្លួនគ្រាន់តែបានចូលរួម នៅក្នុងឈុតឆាក កម្មវិធី«លួចថត»ជាសំងាត់មួយ ធ្វើទៅលើលោក គឹម ជុង-ណាម ដែលខ្លួនស្មានថា គឺជា«អ្នកជំនួញ»ម្នាក់ប៉ុណ្ណោះ៕
» កម្មវិធីទូរទស្សន៍ «Fuji TV» របស់ជប៉ុន ស្ដីពីឃាតកម្មនេះ៖