នៅភ្នំពេញ កុំដើរយប់តែឯង ព្រោះនឹងត្រូវក្មេងស្ទាវ«វាយកំសាន្ដ»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 30, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់រាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ន គេមិនត្រូវដើរចេញ នៅពេលយប់នោះទេ។ ព្រោះបើតាមមន្ត្រីសមត្ថកិច្ចម្នាក់ បាននិយាយថា ការចេញដើរ នៅតាមផ្លូវសារធារណៈ ទាំងយប់អាធ្រាតនោះ អាចនឹងនាំជាបញ្ហា ដូចករណីបុរសខាងក្រោម។
ហេតុការណ៍គ្មានជម្លោះ នៅដើរសុខៗ ត្រូវបានគេព្រួតវាយនេះ បានកើតឡើង កាលពីម៉ោង៣រំលងអាធ្រាត យប់ថ្ងៃទី២៨ ឈានចូថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវសុធារស ត្រង់ចំនុចជិតវត្តខ័ន្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីនេះ បង្ករដោយក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប៥នាក់ ស្រីម្នាក់ប្រុស៤នាក់ ជិះម៉ូតូ២គ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពវាយ ទៅលើបុរសរងគ្រោះ ទាំងកំរោល ដោយប្រើស្វ័យកាំភ្លើង និងដំបងដែក។
សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសររងគ្រោះឈ្មោះ ទឹម រស់ រស់នៅផ្ទះលេខតេ១៦៤ ផ្លូវនរោត្តមភូមិ១៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានដើរតែម្នាក់ឯង នៅជិតវត្តខ័ន្ត ស្រាប់តែភ្លាមនោះមានក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូតាមបណ្តោយផ្លូវនេះដែរ បានឈប់ម៉ូតូ រួចព្រួតវាយទៅលើបុរសខាងលើ រហូតបែកក្បាល ដួលក្នុងថ្លុកឈាម។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមនេះបាននាំគ្នា ឡើងម៉ូតូជិះរត់គេចខ្លូន បាត់ស្រមោល។
ហេតុការណ៍នេះ ត្រូវបានក្រុមអ្នកម៉ូតូឌុប នៅជិតនោះ មើលឃើញ ហើយបានផ្តល់ដំណឹង ទៅកាន់សមត្ថកិច្ចមូលដ្ឋាន មួយនឹងបញ្ជូន អ្នករបួសអាយុ ៣៤ឆ្នាំ ខាងលើ ទៅកាន់មន្ទីពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចដែលបានចុះ ធ្វើអន្តរាគមន៍បានឲ្យដឹងថា កំពុងធ្វើការតាមដានស្រាវជ្រាវ រកមុខសញ្ញាខាងលើ ដើម្បីយកមកដាក់ទោស ទៅតាមច្បាប់។ សមត្ថកិច្ចមួយរូបបានបញ្ជាក់ដែរថា រាល់អ្នកដែលគ្មានកិច្ចការសំខាន់ទាំងអស់ មិនគួរចេញពីផ្ទះ ដើររហេតរហូត នៅតាមផ្លូវសារធារណៈ ទាំងយប់អាធ្រាតនោះទេ ព្រោះវាអាចនាំជាបញ្ហា ដូចបុរសខាងលើ ដែលគ្មានអ្នកណាអាចជួយទាន់ បើទៅណាមកណាសូមឲ្យមានគ្នា គ្រាន់បានស្គាល់អ្នកបង្ក និងងាយស្រួលរកមុខសញ្ញា ជនខិលខួចមកដាក់ទោស៕