តើផលិតកម្មចម្រៀង ឲ្យហាងខារាអូខេបង់លុយ ត្រឹមត្រូវឬទេ?
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 30, 2015
- ប្រធានបទ: កម្មសិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រស់នៅក្នុងនិតិរដ្ឋដ៏ថ្លៃថ្នូរ ចាំបាច់ត្រូវដើរ ក្នុងគន្លងច្បាប់ ទោះអ្នកនោះ ជាអ្វីក៏ដោយ។ ដូច្នេះបើសិនជាផលិតកម្ម សាន់ដេ ដែលជំនាញ ខាងការផលិតចម្រៀង ឬការកំសាន្ដផ្សេងៗ ដ៏ល្បីឈ្មោះនៅកម្ពុជា បានស្នើសុំឲ្យមេធាវីរបស់ខ្លួន ធ្វើចំណាត់ការ ទៅលើម្ចាស់ហាងខារ៉ាអូខេ ជាច្រើន ដែលបានយកចម្រៀងរបស់ខ្លួន មកធ្វើអាជីវកម្មបន្ត ដោយមិនបានសុំសិទ្ធិជាមុននោះ មិនមែនជាការធ្វើឡើង ដោយគ្មានអំណះអំណាង ត្រឹមត្រូវនោះឡើយ។
ចំពោះករណីនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈអ្នកស្រាវជ្រាវ ខាងច្បាប់របស់ខ្លួន សូមបំភ្លឺជូនប្រិយមិត្តអ្នកអាន នៅក្នុងអត្ថបទនេះ ជាសំនួរនិងចម្លើយ នូវករណីមួយចំនួន ដែលនៅជាប់ជាមន្ទិលនៅឡើយ។
១) ខ្ញុំរកសុី បើកហាងខារាអូខេ មកជាងម្ភៃឆ្នាំមកហើយ ខ្ញុំមិនបានដឹងសោះថា ខ្លួនរកសុីខុសច្បាប់ (ករណីយកចម្រៀង មកធ្វើអាជីវកម្ម គ្មានការអនុញ្ញាត)?
ចម្លើយ៖ នៅប្រទេសកម្ពុជា ទម្លាប់ដ៏អាក្រក់មួយ កំពុងនៅបន្តដក់ជាប់ ក្នុងសន្ដានចិត្តរបស់បណ្ដាជនទូទៅ នោះគឺគេចូលចិត្តអនុវត្តន៍ តាមទម្លាប់ តែគេមិនខ្វល់ពីច្បាប់ ដែលមានជាធរមាននោះទេ។ កំហុសនេះ ត្រូវចង្អុលដាក់ ទៅអាជ្ញាធរគ្រប់គ្រងទឹកដី (ឬរដ្ឋាភិបាល និយាយឲ្យខ្លី) ដែលខ្វះវិធី ពន្យល់ដល់ពលរដ្ឋរបស់ខ្លួន ឲ្យយល់ពីច្បាប់ ដែលទើបនឹង ត្រូវបានអនុម័តឲ្យប្រើប្រាស់ថ្មីៗ។
ចំពោះករណីខាងលើ ចម្រៀងកាយវិការ ដែលត្រូវបានយក មកធ្វើអាជីវកម្មបន្ត ដោយហាងខារ៉ាអូខេ ជាស្នាដៃរក្សាសិទ្ធិរបស់អ្នកនិពន្ធ ដែលការពារដោយច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលរដ្ឋសភាកម្ពុជា បានអនុម័ត កាលពីឆ្នាំ២០០៣។ ក្នុងពេលកន្លងមក គេតែងបានឃើញ សកម្មភាពចុះបង្ក្រាប ការចម្លងស៊ីឌី វីស៊ីឌី ឬឌីវីឌី នានា ពីសំណាក់អាជ្ញាធរ សហការជាមួយម្ចាស់ផលិតកម្មមួយចំនួន ហើយការចុះបង្ក្រាបនោះ ត្រូវបានគេយល់ថា វាជាយុទ្ធនាការ នៃការថែរក្សាសិទ្ធិអ្នកនិពន្ធ អនុលោមតាមច្បាប់ ដែលមានជាធរមាន។
ចុះការចាក់ផ្សាយ នៅក្នុងហាងខារាអូខេ ខុសច្បាប់រក្សាសិទ្ធិឬទេ? ពិតជាខុសច្បាប់ ប្រសិនជាម្ចាស់ហាងខារាអូខេ មិនបានស្នើសុំ«សិទ្ធិ» ឬការ«អនុញ្ញាត»ជាមុន ពីម្ចាស់ផលិតកម្ម ដើម្បីយកចម្រៀងទាំងនោះ មកធ្វើអាជីវកម្មបន្ត។ សិទ្ធិមួយនេះ នៅក្នុងច្បាប់ មានឈ្មោះហៅថា «សិទ្ធិបេតិកភណ្ឌ» ដែលជាសិទ្ធិប្រកបអាជីវកម្ម លើទ្រព្យ ដែលជាស្នាដៃរបស់ខ្លួន តាមរយៈការបោះផ្សាយជាសាធារណៈ ឬក៏តាមរយៈការបង្កើតស្នាដៃបន្ត។ នៅក្នុងមាត្រា ២១ នៃច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខ ធ្វើដោយខ្លួនឯង ឬក៏អនុញ្ញាតឲ្យគេធ្វើបន្ត នូវកិច្ចការដូចតទៅ៖
- ចែកចាយជាសាធារណៈ តាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀត នូវច្បាប់ដើម ឬច្បាប់ចម្លង
- ការបកប្រែជាភាសាបរទេស
- ការយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀត ដូចជា ការយករឿងប្រលោមលោក និពន្ធជាសៀវភៅ ទៅធ្វើជាខ្សែភាពយន្ត
- ការផលិតស្នាដៃឡើងវិញ ដូចជា ការយកសៀវភៅទៅបោះពុម្ពឡើងវិញ ឬក៏យកខ្លឹមសារ ទៅផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធ័រណិត ។ល។
ដូច្នេះ ការយកស្នាដៃ (ចម្រៀង ឬចម្រៀងកាយវិការ) មកធ្វើអាជីវកម្មបន្ត ដោយគ្មានការអនុញ្ញាត ពីផលិកម្ម (អ្នកនិពន្ធ) ជាករណីល្មើសមួយ ទៅនឹងមាត្រាខាងលើ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ។ នៅក្នុងមាត្រានេះ ក៏បានរាប់បញ្ចូល ការចម្លងចម្រៀងទាំងនោះ ចូលមកក្នុងថាសរឹង (Hard disk) ដែលគ្មានការអនុញ្ញាត ពីម្ចាស់ដើមនោះ ថាជាករណីល្មើសច្បាប់ដែរ។
២) ចុះ បើទិញស៊ីឌីចម្រៀង វីដេអូ ច្បាប់ដើមមួយ ដោយឲ្យប្រាក់ពេញថ្លៃ តើខ្ញុំអាចយកមកចាក់ផ្សាយបន្ត ដោយមិនខ្វល់ពីសិទ្ធិអ្នកនិពន្ធ បានឬទេ?
ចម្លើយ៖ ចាក់ផ្សាយបាន ប្រសិនជាការចាក់ផ្សាយនោះ មានលក្ខណៈជាឯកជន ឬគ្រួសារ។ អនុលោមតាមមាត្រា២១ដដែល គេគប្បីយល់ថា ស៊ីឌី ច្បាប់ដើម ដែលមានលក់នៅតាមទីផ្សារ ឬនៅតាមហាងនានា មានទិសដៅសម្រាប់តែ ការប្រើប្រាស់ ឬការចាក់ផ្សាយ ជាលក្ខណៈឯកជន ឬគ្រួសារប៉ុណ្ណោះ។ ទោះជាបានទិញ ដោយឲ្យប្រាក់ពេញថ្លៃក៏ដោយ ក៏ ស៊ីឌី ច្បាប់ដើមទាំងនោះ មិនអាចត្រូវបានយក ទៅចាក់ផ្សាយជាសាធារណៈ នៅតាមវិទ្យុ ទូរស្សន៍ ឬតាមបណ្ដាញណាផ្សេង ដោយគ្មានការអនុញ្ញាត ពីម្ចាស់អ្នកផលិតស៊ីឌី ឬផលិតកម្ម ជាមុនឡើយ។
៣) «ច្បាប់កម្មសិទ្ធបញ្ញា មិនបម្រើអោយពួកចោរ លួចចម្លងបទចម្រៀងលក់ ធ្វើអ្នកមានធុនពួក សាន់ដេ ហ្នឹងនោះទេ» ឃ្លានេះត្រឹមត្រូវឬទេ?
ចម្លើយ៖ ខុស ហើយគ្មានគុណធម៌ថែមទៀត។ បើយើងចោទគេថា ដើរតែចម្លងបទចម្រៀងអ្នកដទៃ មកធ្វើមានបានខ្លួនឯង... ដូច្នេះតោងខ្លួនយើង កុំយកចម្រៀងទាំងនោះ មកធ្វើអាជីវកម្មបន្ត! ក្រែងខ្លួនយើង កំពុងធ្វើអាជីវកម្មមានបាន ពីចម្រៀង«លួចចម្លង»គេដែរទេឬ?
ករណីនេះ ត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងម្ចាស់ដើម ដែលផលិតកម្ម បានលួចចម្រៀង បទភ្លេង ឬទំនុកច្រៀង មកផលិតជាចម្រៀងខ្លួនឯង និងផលិតកម្ម ដែលហាងខារាអូខេ យកស្នាដៃរបស់ផលិតកម្មនោះ មកធ្វើអាជីវកម្មបន្ត។ ឧទាហរណ៍៖ ផលិតកម្ម A បានចម្លងស្នាដៃ ពីម្ចាស់ដើម B មកផលិតជាស្នាដៃ និងត្រូវបានហាងខារាអូខេ C យកមកធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាត។ ប្រសិនបើម្ចាស់ដើម B មិនបានប្ដឹងរករឿង ផលិតកម្ម A ថាបានលួចចម្លងស្នាដៃខ្លួនទេ នោះនៅចំពោះមុខច្បាប់ ផលិតកម្ម A នៅតែមានសិទ្ធ ទៅលើស្នាដៃរបសខ្លួន ១០០ភាគរយ ទោះជាស្នាដៃនោះ មានគេដឹងថា បានលួចចម្លងពីម្ចាស់ដើម B ក៏ដោយ។
តែបើមានករណីប្ដឹងផ្ដល់ ពីម្ចាស់ដើម B មកលើផលិតកម្ម A នោះហាងខារាអូខេ C ដែលយកស្នាដៃទាំងនេះ ទៅធ្វើអាជីវកម្មបន្ត ដោយមិនសុំ«សិទ្ធិ»ជាមុន ក៏នៅតែប្រឈមមុខ នឹងច្បាប់កម្មសិទ្ធិបញ្ញានេះ ជាដដែល ដោយគ្រាន់តែលើកនេះ ហាងខារាអូខេ C នឹងត្រូវចាប់ ឲ្យប្រឈមដោយផ្ទាល់ ជាមួយនឹងម្ចាស់ដើម B វិញម្ដង។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន និតិវិធីនេះ ត្រូវបានអនុវត្តន៍ដោយស្វ័យប្រវត្តិ បើទោះម្ចាស់ដើម B មិនបានប្ដឹងហាងខារាអូខេ C ក៏ដោយ។
៤) ហេតុអ្វីបានជាមេធាវី មានសិទ្ធចេញលិខិតនេះ យកទៅដាក់តាមហាងខារាអូខេ ដោយគ្មានសាលក្រមសម្រេច របស់តុលាការ?
ចម្លើយ៖ ម្ចាស់ហាងខារាអូខេ គួរអរគុណផលិតកម្មទៅវិញទេ ដែលបានជូនដំណឹងរឿងនេះ តាមរយៈតំណាងផ្លូវច្បាប់ (មេធាវី) មកឲ្យខ្លួនបានដឹងជាមុន។ ព្រោះករណីនេះ ម្ចាស់ផលិតកម្ម អាចដាក់ពាក្យបណ្ដឹង ទៅតុលាការ ដោយមិនចាំបាច់ជូនដំណឹង ទៅម្ចាស់ហាងខារាអូខេជាមុន បន្ទាប់ពីទទួលបានភស្ដុតាង ឬសាក្សីគ្រប់គ្រាន់រួចហើយ។
គប្បីយល់ថា លិខិតជូនដំណឹងនេះ ជានិតិវិធីទូទៅមួយ ដែលនៅក្នុងប្រទេសនិតិរដ្ឋនានា តែងយកមកប្រើ ដើម្បីឲ្យមានការសម្រេបសម្រួលគ្នា នៅមុនការប្រើប្រាស់ នូវវិធានការ តាមផ្លូវតុលាការ។ ម្យ៉ាងទៀត អត្ថន័យនៅក្នុងលិខិតនេះ អាចជាការរំលឹក និងធ្វើឡើង ដោយស្របទៅនឹងខ្លឹមសារ នៃច្បាប់ ដែលនៅជាធរមាន និងជាច្បាប់ ដែលមនុស្សគ្រប់គ្នាត្រូវអនុវត្តន៍ ដោយមិនចាំបាច់មានដីកាសម្រេច ពីតុលាការអ្វីទេ។ ឧទាហរណ៍៖ ច្បាប់ចរាចរណ៍ថ្មី តម្រូវឲ្យមនុស្សពាក់មួកសុវត្ថិភាព នៅពេលជិះម៉ូតូទាំងមុខទាំងក្រោយ។ ដូច្នេះ នៅមុនពេលឡើងជិះលើម៉ូតូ អ្នកជិះម៉ូតូ ត្រូវដឹងពីកាតព្វកិច្ចរបស់ខ្លួន នៅចំពោះមុខច្បាប់ ដោយមិនចាំបាច់មានសាលក្រម ពីតុលាការឡើយ។
៥) តើសាមុីក្រសួង វប្បធម៌ និងវិចិត្រសិល្ប: លោកមានប្រតិកម្មយ៉ាងណា?
ចម្លើយ៖ តើក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ត្រូវយកជ័រភ្នៅ មកត្បៀបក្លៀកឬ? តើក្រសួងនឹងមានប្រតិកម្ម យ៉ាងដូចម្ដេច នៅពេលដែលករណីនេះ ជាការអនុវត្តន៍ច្បាប់ ទៅលើការធ្វើអាជីវកម្ម របស់ម្ចាស់ហាងខារាអូខេ ទៅលើស្នាដៃមួយ ដែលគ្មានការអនុញ្ញាត ពីអ្នកនិពន្ធ ឬផលិតកម្មនោះ? វៀរលែង តែនៅពីក្រោយឆាក ឬនៅខាងក្រោមតុ មានអំពើពុករលួយ ឬអំពើបក្សពួកនិយម រវាងម្ចាស់ហាង«អន្ទ្រើសៗ» និងមន្ត្រីក្រសួងប៉ុណ្ណោះ៕