ដួង ស្រីពេជ្រ សុំទោសរឿងរូបថតបញ្ចេញសុដន់ ថាជាកំហុស«អចេតនា»
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី៣០ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 30, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំមិនបានថតរូប ធ្វើឲ្យមានចំណាប់អារម្មណ៍ ឬចង់បានការទាក់ទាញ ពីអ្នកណានោះទេ គឺថ្ងៃទៅខួបកំណើតនោះ ខ្ញុំចេញពីថតម៉ូដសម្លៀកបំពាក់ ឲ្យហាងមួយ។ ពេលនោះ ប្រញាប់ទៅថត នៅកន្លែងមួយទៀត មិនបានប្តូរឈុតនោះចេញ ជួនពេលទៅដល់ ជួបជាមួយមិត្តរួមការងារចាស់ គេសុំថត ក៏ថតជាមួយ។ មិននឹកស្មានថា គេបង្ហោះរូបនោះ លើបណ្តាញសង្គម ហើយធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ប្រិយមិត្ត អ្នកគាំទ្រមួយចំនួន។ ដូច្នេះ នាងខ្ញុំសូមទោស ព្រោះកំហុសអចេតនាមួយនេះ។» ទាំងនេះជាពាក្យសម្តីផ្ទាល់ របស់កញ្ញា ដួង ស្រីពេជ្រ ដែលបានថ្លែង សុំទោសតាមរយៈ ទូទស្សន៍ក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ។
ការចេញមុខបកស្រាយនេះ បានធ្វើឡើងភ្លាមៗ នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានការចែកចាយ និងផ្តល់មតិយោបល់ ក៏ដូចជាការរិះគន់ផ្សេងៗ នៅលើបណ្តាញសង្គម ពីសំណាក់អ្នកប្រើប្រាស់។ កញ្ញាបានធ្វើការបកស្រាយ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ខ្សែរកាប CCPTV ប៉ុស្តិ៍លេខ៨ នៅក្នុងស្រុកថា កញ្ញាសូមអរគុណ ដែលអ្នកទាំងនោះបានគាំទ្រ និងជួយលើកទឹកចិត្តកញ្ញា កញ្ញាទទួលដោយរីករាយ នូវការឲ្យយោបល់ ប៉ុន្តែអ្វីដែលមិនមែនជាការពិត និងមិនមែន ជាចរិកពិតរបស់កញ្ញា ៗនឹងមិនទទួលយកនោះទេ ព្រោះថាអ្នកទាំងនោះ មិនបានដឹងពីកញ្ញាច្បាស់។
ដួង ស្រីពេជ្រ បានលើកឡើងថា៖ «ពាក្យរិះគន់ខ្លះ មិនមែនជាចរិកពិតរបស់ខ្ញុំនោះទេ សូមកុំបន្ត ដូចជាការប្រមាថ មើលងាយខ្ញុំថា ជាស្រីលក់ខ្លូនជាដើម នាងខ្ញុំសុំបដិសេធ ហើយសុំមេត្តាបញ្ឈប់ជាបន្ទាន់»។
តារាស្រី ដែលបានចូល បម្រើសិល្បៈ ជាច្រើនឆ្នាំមកនេះ បានថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់ថា កញ្ញាអរគុណ ដល់អ្នកទាំងអស់ ដែលបានគាំទ្រ តាំងពីពេលចូលសិល្បៈដំបូង រហូតដល់ពេលនេះ ហើយកញ្ញានៅតែរីករាយ ទទួលជានិច្ច នៅពាក្យសម្តីរិះគន់ទាំងឡាយ ដើម្បីស្ថាបនា និងកែលម្អរ។ បច្ចុប្បន្នកញ្ញា ដួង ស្រីពេជ្រ បានបង្ហើបដែរថា នាងមានអាជីព ជាអ្នកសម្តែងខារាអូខេ អ្នកសម្តែងរឿង អ្នកដើរម៉ូដ និងថ្មីៗនេះ នាងកំពុងចាប់អាជីព ជាអ្នកចម្រៀងមួយទៀត ហើយសព្វថ្ងៃ តារាវ័យ២៦ឆ្នាំរូបនេះ មានភាពមមាញឹក ជាមួយការងារសិល្បៈ ទាំងនេះណាស់។ តែកញ្ញាសប្បាយចិត្តនឹងធ្វើ ព្រោះវាជាចំណូលចិត្ត៕