សម្ភាសហង្ស ពុទ្ធា៖ ទោះ គ.ជ.ប ម៉ាស៊ីន​ចាស់ តែ​«យន្តការ»​ថ្មី

បើទោះជាបច្ចុប្បន្ន គ.ជ.ប ដែលមានក្បាលម៉ាស៊ីនដឹកនាំ«ថ្មី» ក៏ដោយ ក៏ស្ថាប័នមួយនេះ នៅតែរងការចោទប្រកាន់ និងរិះគន់ ពី​សាធារណៈជន ព្រមទាំងគណបក្សប្រឆាំងថា កំពុងប្រើប្រាស់«ម៉ាស៊ីនចាស់» ក្នុងការសណ្តោង ឬអូសរ៉ឺម៉ក ដ៏កញ្ចាស់របស់ខ្លួន។ នៅ​ចំពោះ​ការ​លើកឡើងនេះ អ្នកនាំពាក្យរបស់ស្ថាប័នរៀបចំការបោះឆ្នោត បានឆ្លើយនឹងការសាកសួរ របស់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៣០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: June 01, 2015
  • ប្រធានបទ: ការបោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជិតចូលពីរខែ នៃការបង្កើតគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី វាហាក់ដូចជាយូរណាស់ សម្រាប់អ្នក​ដែលទន្ទឹងរង់ចាំ តែវាក៏ជាពេលវេលា ដ៏ឆាប់រហ័សណាស់ដែរ សម្រាប់ការចាប់ផ្ដើមកិច្ចការមួយ ដែលថ្មីសុទ្ធនិងត្រូវ​រៀបចំ នូវការបោះឆ្នោតភ្លាមៗ ក្នុងពេលខាងមុខ។ ដូច្នេះហើយ ទើបការរិះគន់ជាច្រើន បានធ្លាក់មកជាបន្តបន្ទាប់ ក្នុងនោះ មាន​ដូចជាបានចាត់ទុក គ.ជ.ប ថ្មីនេះ កំពុងប្រើប្រាស់«ម៉ាស៊ីនចាស់» ពុំបានធ្វើការផ្លាស់ប្តូរ ឬកែប្រែអ្វីថ្មី ក្នុងការសណ្តោង ឬ​អូស​រ៉ឺម៉ក ដ៏កញ្ចាស់របស់ខ្លួននោះជាដើម។

ឆ្លើយតប នឹងការលើកឡើងខាងលើនេះ សមាជិកម្នាក់ និងជាមន្រ្តីនាំពាក្យ នៃស្ថាប័នអាជ្ញាកណ្ដាល ជំនាញខាងការ​រៀបចំ​ការបោះឆ្នោតជាតិ លោក ហង្ស ពុទ្ធា បានថ្លែងទទួលស្គាល់ គ្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​ថា ខ្លួនប្រាណរបស់ គ.ជ.ប ដែលកំពុងដំណើការនេះ ពិតជា«ចាស់»មែន បើទោះជា គ.ជ.ប បច្ចុប្បន្ននេះ ដែលមានថ្នាក់​ដឹក​នាំ​ថ្មីក៏ដោយ។ ប៉ុន្តែលោកបានអះអាងថា «ម៉ាស៊ីនចាស់» តែ«យន្តការថ្មី»។

លោក ហង្ស ពុទ្ធា ដែលជាអតីតនាយកប្រតិបត្តិ នៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា នីកហ្វិក បានបន្តថា ភាព​យឺតយ៉ាវនេះ ព្រោះតែ គ.ជ.ង កំពុងពិគ្រោះ ពិភាក្សាស្តីពី អនុក្រិត្យ នៃការប្រព្រឹត្តិទៅ នៃអគ្គលេខាធិការដ្ឋាន។ ជា​មួយ​គ្នានេះ ក៏កំពុងពិចារណា លើនាយកដ្ឋាន ពីតួនាទី និងការទទួលខុសត្រូវ លើផ្នែកនីមួយៗ និងទំហំការងាររបស់ គ.ជ.ប ទាំងមូល។ លោកបានលើកឡើងថា កាលពីថ្ងៃទី២៩ ខែឧសភានេះ គ.ជ.ប មានកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីដាក់ឆ្លង​សេចក្តី​ព្រាង និងនីតិវិធី ក្នុងការចំឈ្មោះ និងការរៀបចំបញ្ជីបោះឆ្នោតថ្មី។

ការឆ្លើយតបរបស់មន្ត្រីអ្នកនាំពាក្យ បានធ្វើឡើង បន្ទាប់ការរិះគន់លើស្ថាប័ន គ.ជ.ប បានធ្លាក់មកជាហូរហែរ ពីសំណាក់ ក្រុមអ្នកទន្ទឹងចង់បាន គ.ជ.ប មួយថ្មី និងឯករាជ្យ។ ក្នុងចំណោមនោះ  លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្មីៗនេះ បានថ្លែងបរិហារ គ.ជ.ប ថាកំពុងធ្វើការយឺតយ៉ាវ ក្នុងការជ្រើសតាំងអគ្គលេខាធិការថ្មី ដោយ​រហូត​មក​ដល់ពេលនេះ គ.ជ.ប នៅតែរក្សាលោក ទេព នីថា ជាអគ្គលេខាឲ្យស្ថាប័ននេះដដែល។

សម្រាប់លោក ហង្ស ពុទ្ធា វិញ លោកបានព្យាយាមពន្យល់ថា បច្ចុប្បន្ននេះ គ.ជ.ប កំពុងធ្វើសមហរណកម្មមន្រ្តី គ.ជ.ប ដូចគ្នា ទៅនឹងមន្រ្តីទទួលប្រាក់បៀរវត្យ ដូចបុគ្គលិករដ្ឋទូទៅដែរ។ ដែលពួកគាត់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ នៅ​អាយុ​៦០ឆ្នាំ។ លោកបានបន្តថា កិច្ចការទាំងអស់នោះហើយ ដែលនាំឲ្យមានភាពយឺតយ៉ាវ ក្នុងការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង គ.ជ.ប ដែលសាធារណៈជន បានចោទថា ជាម៉ាស៊ីនចាស់នោះ។

អ្នកនាំពាក្យ បានបញ្ជាក់ទៀតថា៖ «ទោះបីមិនទាន់មាន ការកំណែរទម្រង់ទាំងស្រុងនៅឡើយ បុគ្គលិក និង​អគ្គលេខា​ធិការ​ដ្ឋាន​ចាស់នៅឡើយ ប៉ុន្តែការងារកំពុងដើរទៅមុខ។ បើទោះបីជាម៉ាស៊ីនចាស់ ប៉ុន្តែយន្តការថ្មី។ យើងនៅមិនទាន់ដឹងថា ម៉ាស៊ីន​នោះ នឹងរុះរើបែបណាទេ ប៉ុន្តែយ៉ាងហោចណាស់ យើងមានយន្តការថ្មី។»

តាមអ្វីដែលជាការចោទប្រកាន់ លើបញ្ហាម៉ាស៊ីនចាស់នោះ បើតាមលោកមិនច្រឡំទេ គឺគេចង់សំដៅទៅលើ អគ្គ​លេខាធិការ​ដ្ឋាន នៃ គ.ជ.ប ដែលនៅស្ថិតក្រោម ការដឹកនាំ របស់លោក ទេព នីថា ដដែល។ លោកបន្តថា អគ្គលេខា​ធិការ​ដ្ឋាននេះ ត្រូវបានចំណុះដោយព្រះរាជក្រិត្យមួយ ដែល គ.ជ.ប កំពុងតែរង់ចាំ។ លោកបានបញ្ជាក់ថា នោះជាព្រះរាជ​ក្រិត្យ ស្តី​ពី​លក្ខន្តិកៈដោយឡែក នៃអ្នករាជការ គ.ជ.ប ដែលពីមុនមក គ្រាន់តែជាមន្រ្តីជាប់កិច្ចសន្យាប៉ុណ្ណោះ។

ទោះយ៉ាងណា អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងបន្តថា គ.ជ.ប កំពុងមមាញឹក និងយ៉ាងញាប់ដៃញាប់ជើង ក្នុងការ​បំពេញការងាររបស់ខ្លួន បើទោះជាលោកដឹងថា វាមិនទាន់ឆ្លើយតប ទៅនឹងទឹកចិត្តរបស់សាធារណៈជន នោះទាំងស្រុង​ក៏ដោយ។ លោក ហង្ស ពុទ្ធា បានថ្លែងបន្តថា៖ «សូមមេតាទុកពេលវេលាឲ្យ គ.ជ.ប ធ្វើការបន្តទៅទៀត សម្រាប់យើង​សម្រេច​គោលសំខាន់ៗ ដែលពាក់ព័ន្ធ នឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ (...) អគុណចំពោះទស្សនៈ និងការតិះទៀន​ទាំង​ឡាយ។ អ្នកតិះទៀន និងអ្នកដែលគិតឃើញយ៉ាងណានោះ គឺជាការចូលរួមចំណែក ក្នុងការទទួលខុសត្រូវ ដល់​ដំណើរ​ការ​បោះឆ្នោតនៅកម្ពុជា ដែលចង់បានការបោះឆ្នោតមួយ ដែលទទួលយកបាន ដោយគណបក្សនយោបាយ​ទាំង​ពីរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...