ទំនាស់សម្តីបន្តិចបន្តូច ស្រាប់តែប្តីរត់ទៅចងកសម្លាប់ខ្លូន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 07, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង នៅវេលាយប់រំលងអាធ្រាត ថ្ងៃទី០២ ចូលមកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសម្នាក់ ឈ្មោះ ប៉ុន ថន អាយុ២៦ឆ្នាំ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីមានទំនាស់ ជាមួយភរិយាខ្លួនបន្តិចបន្តួច។
ស្រ្តីជាប្រពន្ធ អ្នកស្រី សែម ថេង ដែលធ្វើការជាមួយប្ដី ជាកម្មករផលិតជីធម្មជាតិដូចគ្នានោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងឡើយប្តីអ្នកស្រី និងក្រុមកម្មករផ្សេងទៀត ប្រមាណ៣នាក់ កំពុងស៊ីផឹកនៅក្នុងរោងចក្រ ជិតកន្លែងស្នាក់នៅ ព្រោះជាថ្ងៃបើកប្រាក់ខែ។ ក្រោយពីផឹកស៊ីបន្តិចបន្តួចនេះ នាងជាប្រពន្ធ បានមកតាមប្តី នៅកំឡុងម៉ោងប្រមាណ ជា២៤យប់ ឱ្យចូលសម្រាក ព្រោះយប់ជ្រៅហើយ។ អ្នកស្រី បាននិយាយថា៖ «ឈប់ផឹកស្រា ល្មមចូលដេក ហើយបង»។
ក្រោយពីប្រពន្ធមកហៅ លោក ប៉ុន ថន មិនបានទៅ ជាមួយប្រពន្ធភ្លាមៗទេ។ ស្ត្រីជាភរិយា បានបញ្ជាក់ទៀតថា៖ «ផឹកអស់មួយកែវ(រួច) បានគាត់ឡើងទៅគេងជាមួយខ្ញុំ» ហើយនៅមុនពេលចូលគេង អ្នកស្រីថា ប្តីអ្នកស្រីមានរឿងអ្វីមិនដឹង ចង់និយាយជាមួយ តែអ្នកស្រីតបថា៖ «ដេកសិនទៅ ចាំភ្ញាក់ពីដេកចាំសួរទៀត»។
តែនៅពេលម៉ោងប្រមាណ ប្រមាណជា ០០និង៣០នាទី រំលងអាធ្រាត លោក ប៉ុន ថន បានងើបចេញទៅណាមិនដឹង ហើយអ្នកស្រីបានសង្ស័យថា ស្វាមីនៅខាងក្រៅ រួចក៏បានឡើង ចេញទៅតាម ដើម្បីបត់ជើងតូចផង។ ប៉ុន្តែអ្នកស្រីមិនបានឃើញលោក ប់ុន ថន នោះទេ។ អ្នកស្រីបានជួប នឹងអ្នកគ្រប់គ្រងកម្មករម្នាក់ នៅទីនោះភ្លាមៗ ហើបានសួរថា៖ «ពូមានឃើញប្តីខ្ញុំទេ»?
អ្នកគ្រប់គ្រងកម្មករ លោក ស្រាញ់ ឡេង ឆ្លើយភ្លាម ទាំងមិនទាន់ស្វាងពីដំណេក ថាមិនឃើញទេ។ អ្នកទាំងពីរ បានដើររកបុរស ប៉ុន ថន ទាំងយប់ រហូតដល់ម៉ោង១ និង៣០ នាទី ព្រឹកព្រហាមថ្ងៃទី០៣ ខែកញ្ញា ទើបពួកគេបានប្រទះឃើញ សាកសពបុរសនេះ នៅចងកសម្លាប់ខ្លូន នៅរោងផលិតខាងក្រោយ។ ស្រ្តីជាប្រពន្ធតក់ស្លុតជាខ្លាំង ស្រែកទ្រហ៊ោយំ ឱ្យអ្នកជិតខាងជួយ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលនេះ ក្រុកម្មករបានជួយដោះសាកសព លើកមកដាក់លើគ្រែ។
អ្នកស្រី សែម ថេង ដែលមានកូនពីរ ជាមួយលោក ប៉ុន ថន បានរៀបរាប់ទាំងចិត្តក្តុកក្តួល ក្នុងពេលភ្លាមៗនោះថា នាងនៅមិនទាន់សម្រេច យកសាកសពស្វាមីទៅធ្វើបុណ្យ នៅស្រុកកំណើត ឬទុកធ្វើបុណ្យ នៅនឹងរាជធានីភ្នំពេញឡើយ ដោយរងចាំ ក្រុមគ្រួសារឪពុកម្តាយ មកជុំដើម្បីពិភាក្សារ។ យ៉ាងណាក៏ដោយ លោក ស្រាញ់ ឡេង ជាអ្នកគ្រប់គ្រងក្រុមកម្មករនៅទីនោះ បានបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តផ្ដល់ការងារ ឲ្យស្រ្តីជាប្រពន្ធកូនពីរនេះដដែល បើនាងសម្រេចចិត្តបន្ត។ រីឯក្រុមហ៊ុនវិញ បានជួយសម្រួលថវិកាមួយចំនួន សម្រាប់ពិធីបុណ្យនេះ៕