ចែកសណ្ដែកដីនៅមុខហាងលក់ខោអាវធំៗ ដើម្បីកម្មករខ្មែរ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៥ ធ្នូ២០១៥
- កែប្រែចុងក្រោយ: December 16, 2015
- ប្រធានបទ: កម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន សមាគមមួយឈ្មោះ «achACT» ក្នុងប្រទេសប៊ែលហ្សិក និងបណ្ដាញយុទ្ធនាការ «លាងសម្អាតសម្លៀកបំពាក់ (ជាភាសាដើម Schone Kleren និងជាភាសាអង់គ្លេស Clean Clothes)» នៅក្នុងប្រទេសហូឡង់ បានធ្វើការបរិហារ ពីស្ថានភាពដែលកម្មករកាត់ដេរ នៅក្នុងទ្វីបអាស៊ី។ ក្រុមសកម្មជន របស់សមាគមទាំងពីរ បានលើកឡើងយកមកនិយាយ នូវការដួលសន្លប់ និងការក្អួតចង្អោរ ដែលមានលក្ខណៈជាក្រុម របស់ក្រុមកម្មករខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងរោងចក្រជាច្រើន ក្នុងប្រទេសកម្ពុជា។
លោក ហ្សង់ម៉ាក ឆូតដ្រុង (Jean-Marc Caudron) អ្នកទទួលខុសត្រូវ ខាងកិច្ចការបន្ទាន់របស់សមាគម «achACT» បានថ្លែងឲ្យដឹងថា៖ «ដោយសាររដ្ឋាភិបាលកម្ពុជា មិនទទួលខុសត្រូវ លើបញ្ហាទាំងនេះ យើងគិតថា វាគឺជាតួនាទី នៃអ្នកទទួលទិញ ក្នុងវិស័យឧស្សាហកម្ម វាយនភ័ណ្ឌ ដែលត្រូវទៅជជែកពិភាក្សា ជាមួយនឹងក្រុមសហជីព នូវការតម្លើងប្រាក់ខែ»។
នៅក្នុងឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រុមសកម្មជនប្រមាណជាង៣០នាក់ បានធ្វើយុទ្ធនាការមួយ នៅតាមដងផ្លូវ ណូវ (Neuve) កណ្ដាលរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ដោយបានធ្វើការចែក នូវសណ្ដែកដី និងខិតប័ណ្ណទៅដល់អ្នកដំណើរនានា ដើម្បីបរិហារ ពីប្រាក់ខែដ៏តិចតួចស្ដួចស្ដើង របស់កម្មករកាត់ដេរ នៅប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មានឈ្មោះហៅថា «ធុញទ្រាន់នឹងទទួលបានប្រាក់ខែ ដែលទិញបានតែសណ្ដែកដី! (ជាភាសាបារាំង Marre de gagner peanuts!)» ដែលជាការរៀបចំឡើង ដោយសមាគម និងបណ្ដាញយុទ្ធនាការខាងលើ។
ក្រុមហ៊ុនតែមួយប៉ុណ្ណោះ ឆ្លើយតប...
នៅចុងបញ្ចប់ នៃការចែក«សណ្ដែកដី» តំណាងមួយរូបបានយកកញ្ចប់សណ្ដែកដី ក៏ដូចជាការទាមទារនានា របស់កម្មករនិយោជិក នៅក្នុងប្រទេសកម្ពុជា ចូលទៅក្នុងទីស្នាក់ការ របស់ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ របស់អ៊ឺរ៉ុប «H&M»។ ប៉ុន្តែអ្នកគ្រប់គ្រង នៅទីនោះ មិនបានជួយសម្រួល ដើម្បីឲ្យមានការជួបពិភាក្សាគ្នានោះទេ។ ក្រុមហ៊ុន «H&M» សុខចិត្តផ្ញើរជាលិខិតមួយ នៅក្នុងសប្ដាហ៍នេះ ត្រឡប់មកក្រុមអ្នកតវ៉ាវិញ ថាក្រុមហ៊ុន បានព្រមព្រៀងតាំងពីច្រើនឆ្នាំមកហើយ ជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងថា ក្រុមហ៊ុនកំពុងធ្វើ នូវយុទ្ធសាស្ត្រជាសកលមួយ ឈានទៅរកប្រាក់ខែ ដែលអាចរស់បាន របស់កម្មករនិយោជិក។
សម្រាប់លោក ហ្សង់ម៉ាក ឆូតដ្រុង វិញ បានច្រានចោលការលើកឡើងនេះ ដោយបានថ្លែងឡើងថា៖ «ការអះអាងខាងលើ មិនបានជួយអ្វី ទៅដល់ស្ថានភាពការងារ និងប្រាក់បៀរវត្សន៍ នៅក្នុងរោងចក្រនោះឡើយ»។ លោកបានបានពន្យល់ឲ្យដឹងថា៖ «យើងចង់ឲ្យមានការផ្ដោតអារម្មណ៍ កាន់តែខ្លាំង ទៅលើការអនុវត្តន៍ ឲ្យបានចេញជារូបរាង»។
សមាគមទាំងពីរ ក៏បានធ្វើការទាមទារ ទៅកាន់ក្រុមហ៊ុនសម្លៀកបំពាក់ ធំៗ ដ៏សម្បើមៗ ដូចជា «Zara» «C&A» និង«Levi's»ជាដើម ដែលសុទ្ធសឹងបានទិញ សម្លៀកបំពាក់ពីប្រទេសកម្ពុជាដែរ។ ប៉ុន្តែពីក្នុងចំណោមនោះ មានតែក្រុមហ៊ុន «C&A» មួយប៉ុណ្ណោះ ដែលបានឆ្លើយតប ទៅនឹងការទាមទាររបស់សមាគម ដោយបញ្ជាក់ថា នឹងទទួលឲ្យតំណាងសមាគម មកជួបពិភាក្សាជាមួយ នៅក្នុងសប្ដាហ៍ខាងមុខ៕