ក្រសួងការងារ៖ គោលការណ៍៥ ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៥
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រសួងការងារបានកំណត់ពេលវេលា ដោយយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៃការចូលជាធរមាន ក្នុងការតម្លើងប្រាក់ឈ្នួលអប្បរមា លើផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រាក់ឈ្នួល - លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ លោកបានបញ្ជាក់ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួលថ្មី សម្រាប់ឆ្នាំ«២០១៥»ថា មានមតិពីរលើកឡើងពីការកំណត់ប្រាក់ឈ្នួលនេះ។ មតិមួយឲ្យកំណត់យកខែតុលា ឆ្នាំ២០១៤ តែមតិមួយទៀតសុំកំណត់យកខែមករា ឆ្នាំ២០១៥ សម្រាប់កំណត់លើពេលវេលាបើកប្រាក់ឈ្នួលកម្មករ។
លោកបន្តថា ដោយមូលហេតុនេះ ក្រុមការងារក៏សម្រេចធ្វើការបោះឆ្នោតជាសំងាត់ ដើម្បីសម្រេចយកពេលវេលាមួយជាក់លាក់ក្នុងការបើកប្រាក់ឈ្នួល។ រដ្ឋមន្រ្តីរូបនេះបានបន្តថា ក្នុងការបោះឆ្នោតសម្ងាត់នេះ អ្នកដែលត្រូវចូលរួមមាន២៣សម្លេង ក្នុងនោះមាន២០សម្លេងបានគំទ្រយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃចូលជា«ធរមាន» ប្រាក់ឈ្នួលអប្បរមា និងបីសម្លេងផ្សេងទៀតត្រូវបានជំទាស់។
យោងតាមសេចក្ដីថ្លែងការណ៍របស់គណកម្មការប្រឹក្សាការងារ ដែលបានចុះហត្ថលេខាដោយលោក អ៊ិត សំហេង ជាប្រធានគណកម្មការប្រឹក្សាការងារ លោក ណាង សុធី អនុប្រធានតំណាងភាគីនិយោជក និងលោក ជួន មុំថុល អនុប្រធានតំណាងភាគីកម្មករនិយោជិក បានកំណត់នូវគោលការប្រាំយ៉ាង ដែលជាលទ្ធផលនៃកិច្ចប្រជុំនោះ។ ទីមួយកំណត់យកខែកក្កដា ឆ្នាំ២០១៤ ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជា«លក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ»។ ទីពីរយកខែសីហា ឆ្នាំ២០១៤ ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជា«លក្ខណៈទ្វេភាគី»។ ទីបីយកខែកញ្ញា ឆ្នាំ២០១៤ ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជា«លក្ខណៈត្រីភាគី»។ ទីបួនយកខែតុលា ឆ្នាំ២០១៤ បើកកិច្ចប្រជុំគណកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ២០១៥ និងទីប្រាំយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ជាកាលបរិច្ចេកចូលជាធរមាននៃប្រាក់ឈ្នួលអប្បរមា ផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
ជាមួយនឹងពេលវេលានៃការកំណត់ខាងលើ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបង្ហាញសមាសភាពនៃកិច្ចប្រជុំមានដូចជាខាងសហជីពមានប្រាំពីរនាក់ ខាងនិយោជកមកទាំងអស់គ្នា និងខាងរដ្ឋាភិបាលបាត់ប្រាំនាក់ សរុបវត្តមាន២៣នាក់។
ទោះរយៈពេលនេះខុសគ្នាតែបីខែក៏ដោយ ព្រោះកម្មករភាគច្រើន ចង់ឲ្យមានការកំណត់ប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ ហើយបីខែនេះមានតម្លៃណាស់ ក្នុងការរស់នៅរបស់ពួកគេ ។ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជារូបនេះ ក៏បានធ្វើការចោទប្រកាន់ទៅលើសហជីពដែលគាំទ្រថា ខ្លួនជាតំណាងឲ្យកម្មករ តែមិនបានធ្វើអ្វី តាមការស្នើឡើងដោយកម្មករនោះទេ។ លោកបញ្ជាក់ដូច្នេះថា «ភាគច្រើនអ្នកគាំទ្រ ចង់បានឆ្នាំក្រោយ មិនចង់បានឆ្នាំនេះទេ។ នេះហាក់បីដូចជាខុសពីកម្មវត្ថុ និងគោលបំណងរបស់កម្មករ។ អ៊ីចឹងអ្នកដែលចូលរួមនោះ ជាសហជីពកម្មករ តែមិនបានតំណាងឲ្យកម្មករ។ (...) យើងយោងតាមសំណើរកម្មករ សហជីពតំណាងឲ្យកម្មករ តែបែជាគាំទ្រយកឆ្នាំក្រោយដែរ។ ដូច្នេះសហជីពទាំងនោះ មិនអាចតំណាងឲ្យកម្មករបានទេ។»៕