សហជីពរើសថ្ងៃ៨មីនាធ្វើវេទិកា ព្រោះ៨០%នៃកម្មករខ្មែរ ជា«ស្ត្រី»
សហជីពកម្មករ ក៏ដូចជាកម្មករកម្មការិនី មួយចំនួន បានសម្តែងការចកចិត្តជាខ្លាំង ចំពោះសមត្ថកិច្ច បន្ទាប់ពីពួកគេ ត្រូវបានកងកម្លាំងអាជ្ញាធរ ហាមឃាត់មិនអោយប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មិនា។ ការខកចិត្តបានបណ្ដាលឲ្យមេដឹកនាំសហជីព ចេញមកបកស្រាយថា មូលហេតុដែលក្រុមខ្លួន ជ្រើសរើសយកថ្ងៃ៨មីនា មកធ្វើវេទិកាសាធារណៈ ដោយសារតែកម្មករខ្មែរចំនួន៨០ភាគរយ ជាស្ត្រី។
ការពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ Channita)
សិទ្ធិ - នៅថ្ងៃទី០៨ ខែមិនា ជាថ្ងៃដែលទូទាំងពិភពលោកប្រារព្ធពិធីសិទ្ធិនារីអន្តរជាតិ ដោយឡែកនៅទីលានប្រជាធិបតេយ្យខាងសហជីពកម្មករ ជាពិសេសកម្មការិនី ដែលមានបំណងយកថ្ងៃទិវាសិទ្ធិរបស់ខ្លួន ដើម្បីបង្ហាញក្តីកង្វល់ដល់សាធារណៈជន ក៏ដូចជាអន្តជាតិ ដឹងអំពីស្ថានភាពរស់នៅ និងការធ្វើការងាររបស់ខ្លួន ត្រូវបានអាជ្ញាធរហាមឃាត់មិនអោយប្រារព្ធ។
ពីសួនច្បារខាងកើតទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំវេទិកាសាធារណៈស្តីពីសិទ្ធិការងារនោះ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបង្ហាញការសោកស្តាយថា វាមិនគួរអោយជឿ ដែលទីលានប្រជាធិបតេយ្យ ក្លាយជាជាទីលានមួយដែលមិនអាចបញ្ចេញមតិបាន កាលណាអាជ្ញាធរឬរដ្ឋាភិបាលធ្វើការហាមឃាត់ វាជាការបិទសិទ្ធសេរីភាព បម្រាមហាមជួបជុំត្រូវបានដកហើយ តែការជុំជួបនៅតែត្រូវបានហាមឃាត់។
កម្មករនៅស្រុកខ្មែរ ៨០ភាគរយជាស្រ្តីភេទ
លោកពន្យល់ទៀតថា មូលហេតុដែលសម្ព័ន្ធសហជីព ជ្រើសរើសយកថ្ងៃសិទ្ធិនារីអន្តរជាតិ៨មិនា ដើម្បីបញ្ជាញមតិ និងអោយរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួន អោយកម្មករ ព្រោះជាពេលវេលាមួយដែលសមស្រប ដោយសារកម្មករនៅស្រុកខ្មែរ ៨០ភាគរយជាស្រ្តីភេទ។ បើរដ្ឋាភិបាលដោះស្រាយបញ្ហាជីវភាពរបស់កម្មករ បញ្ហាសុខភាព និងប្រាក់ខែរបស់កម្មករ វាដូចជាប្រៀបដូចជាការលើកម្កើងសិទ្ធិនារីដែរ។
ប្រធានសម្ព័ន្ធ សហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រតិកម្មទាក់ទងនឹងការបំបិតសិទ្ធិស្ត្រីនៅថ្ងៃនេះ យ៉ាងដូច្នេះថា «ថ្ងៃនេះ មិនមែនជាថ្ងៃធ្វើបាតុកម្ម-កូដកម្មនោះទេ ជាថ្ងៃដែលយើងធ្វើវេទិការសារធារណៈ ដើម្បីអោយកម្មករនិងរដ្ឋាភិបាលឆ្លើយបំភ្លឺគ្នា ទៅវិញទៅមកទាក់ទងនិងរឿងប្រាក់ឈ្នួល និងការចាប់ខ្លួនមនុស្សទាំង២១នាក់តែប៉ុណ្នឹង ហើយត្រូវបានគេហាមឃាត់ គេវាយដុំ វាមានភាពអយុត្តិធម៌ណាស់ចំពោះនារីខ្មែរ ក៏ដូចជាកម្មករនៅទូទាំងប្រទេស។ (...) វាជាការមួយដែលបិទសិទ្ធសេរីភាពរបស់ពួកយើង។»
បើទោះបីជាការហាមឃាត់ពីសំណាក់អាជ្ញាធរ មិនអោយជួបជុំសម្តែងមតិ នៅលើទីលានប្រជាធិបតេយ្យយ៉ាងណាក៏ដោយ តែលោក អាត់ ធន់ បានអះអាង សកម្មភាពថ្ងៃនេះមិនមែន មិនទទួលបានជោគជ័យទេ វាគ្រាន់តែខាងមិនចង់ប្រឈមមុខជាមួយកម្លាំងអាជ្ញាធរ ដោយមិនចង់យកកម្លាំងកម្មករ ទៅឈ្លោះគ្នាជាមួយកម្លាំងអាជ្ញាធរប៉ុណ្ណោះ។
ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយ ពីមន្ត្រីរដ្ឋាភិបាល ឬពីខាងសមាគមតំណាងថៅកែរោងចក្រកម្ពុជា ទាក់ទងនឹងការលើកឡើងខាងលើ ដោយសារតែថ្ងៃនេះជាថ្ងៃសៅរ៍ និងជាថ្ងៃបុណ្យឈប់សម្រាកនោះផង៕
-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៨ មិនា ២០១៤