ប្រតិកម្ម​ចោទ​រដ្ឋាភិបាល​មាន​និន្នាការ​«ពីរ» សម្រាប់​ទិវា​សិទ្ធិ​ស្ត្រី ៨​មីនា

មន្ត្រីសិទ្ធិមនុស្សបានប្រតិកម្ម ទាក់ទងនឹងការប្រារពទិវាសិទ្ធិនារី ៨ មីនា ឆ្នាំ២០១៤ សម្រាប់ប្រទេសកម្ពុជាក្នុងថ្ងៃនេះ ថាមាននិន្នារពីរសម្រាប់អ្នកមានឋានៈ បុណ្យស័ក្ក ឬអ្នកមាន ត្រូវបានសម្រួល និងអនុញ្ញាតិ​ឲ្យមានការរៀបចំជួបជុំ។ ឯប្រជាពលរដ្ឋធម្មតា ឬអ្នកក្រ មិនត្រូវបានអនុញ្ញាតិ ថែមទាំងរារាំងមិនឲ្យមានការជួបជុំគ្នា ឬរងចោទប្រកាន់ថាជា ក្រុម«អាណាធិបតេយ្យ»នោះថែមទៀត។ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងបញ្ជាក់ថា និន្នាការពីរនេះ ខុសពីការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រីកាលពីថ្មីៗនេះ ដែលថាបម្រាមហាមមិនឲ្យជួបជុំត្រូវបានលើកចោល។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីសិទ្ធិមនុស្សបានប្រតិកម្ម ទាក់ទងនឹងការប្រារពទិវាសិទ្ធិនារី ៨ មីនា ឆ្នាំ២០១៤ សម្រាប់ប្រទេសកម្ពុជាក្នុងថ្ងៃនេះ ថាមាននិន្នារពីរសម្រាប់អ្នកមានឋានៈ បុណ្យស័ក្ក ឬអ្នកមាន ត្រូវបានសម្រួល និងអនុញ្ញាតិ​ឲ្យមានការរៀបចំជួបជុំ។ ឯប្រជាពលរដ្ឋធម្មតា ឬអ្នកក្រ មិនត្រូវបានអនុញ្ញាតិ ថែមទាំងរារាំងមិនឲ្យមានការជួបជុំគ្នា ឬរងចោទប្រកាន់ថាជា ក្រុម«អាណាធិបតេយ្យ»នោះថែមទៀត។ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក បានថ្លែងបញ្ជាក់ថា និន្នាការពីរនេះ ខុសពីការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រីកាលពីថ្មីៗនេះ ដែលថាបម្រាមហាមមិនឲ្យជួបជុំត្រូវបានលើកចោល។


ការរារាំងការដង្ហែក្បួនរបស់អ្នកភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដែល​ឃ្លាំមើលការគោរពសិទ្ធិមនុស្ស បានបរិហារពីការរឹតបណ្តឹងសិទ្ធិសេរីភាពពលរដ្ឋ ក្នុងថ្ងៃទី៧ ថ្ងៃទី៨ ខែមីនានេះ ចំពោះការស្នើសុំដាក់ញតិ ការដង្ហៃរក្បួនដាក់ញតិ ទាំងអង្គការសង្គមស៊ីវិល ទាំងកម្មករសហជីព ទាំងប្រជាពលរដ្ឋ​បឹងកក់គ្រប់កន្លែង។ លោកក៏បានបង្ហាញនូវការហួសចិត្តដល់រដ្ឋាភិបាលផងដែរ ចំពោះកម្មវិធីតែមួយ​តែការ​អនុវត្ត​ខុសគ្នា ឧទាហរណ៍ជាក់ស្តែងដូចនៅអង្គការនានារបស់រដ្ឋ ពិសេសខាងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ដែលរដ្ឋាភិបាល​បានសម្រួលគ្រប់បែបយ៉ាង។

លោក ណៃ វ៉ង់ដា បានលើកឡើងដូច្នេះថា «មិនដឹងថាព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានប្រភេទទេ។ ការប្រារព្វ​សិទ្ធិនារីនៅវិទ្យាស្ថានអប់រំជាន់ខ្ពស់ មានការលើកទឹកចិត្តសព្វបែបយ៉ាងទាំងអស់ តែសម្រាប់ប្រជាពលរដ្ឋ​ក្រីក្រ​បឹងកក់ ក៏ដូចជាកម្មករនៅទីលានប្រជាធិបតេយ្យ និងលោកស្រី ធីតា ឃីស នៅសកលវិទ្យាល័យបញ្ញាជាតិជាដើម ត្រូវបានហាមឃាត់។ (...) សង្គមបើមានការបែងចែកវណ្ណៈគ្នាយ៉ាងនេះ មិនប្រសើរឡើយ។»

ការថ្លែងប្រតិកម្មរបស់លោក បន្ទាប់ពីនៅព្រឹកថ្ងៃទី៨ ខែមីនា នេះ ពលរដ្ឋកម្ពុជា និងតំណាងរបស់ខ្លួន​ប្រមាណជិត​៣០សហគម បានមកជួបជុំគ្នានៅសហគមបឹងកក់ ដើម្បីដង្ហែរញតិទៅដាក់នៅក្រសួងកិច្ចការនារី ដែលជាក្រសួង​រដ្ឋ​មួយ ដើម្បីធានាឲ្យមានការគោរពសិទ្ធិស្រ្តី ប៉ុន្តែត្រូវបានរារាំង និងរំខានដោយកងកម្លាំងប្រដាប់អាវុធ ខែល និង​ដំបង​រាប់រយនាក់ នៅត្រង់ចំណុចផ្លូវបំបែកច្រកចេញពីតំបន់បឹងកក់ និងមហាវិថីព្រះមុន្នីវង្ស។

តំណាងសហគម បូរីកីឡា លោក ពេជ្រ លឹមឃួន បាននិយាយដោយការហួសចិត្ត ថារដ្ឋាភិបាលគួរផ្តល់សិទ្ធិដល់ស្រ្តី ឲ្យមានភាពស្មើគ្នា ដូចដែលបានចែងក្នុងច្បាប់។ លោកបញ្ជាក់ចំពោះការអនុវត្តរបស់រដ្ឋាភិបាលថា «ឃើញតែ​កម្លាំង​បុរស មកបង្ក្រាបស្រ្តីជារឿយៗ។ ដូច្នេះហើយជាទង្វើរមួយបានតែថា តែមិនបានអនុវត្ត។ ខ្ញុំសូមទទូចដល់ប្រមុខ​រដ្ឋាភិបាល ត្រូវតែផ្តល់សិទ្ធិឲ្យស្រ្តី ពិសេសស្រ្តីដែលចូលរួមតស៊ូមតិ និងបញ្ឈប់ការប្រើអំពើហិង្សាលើស្រ្តី តទៅទៀត និងស្នើដល់អន្តរជាតិឲ្យជួយជំរុញរដ្ឋាភិបាលកម្ពុជា មានការគោរពសិទ្ធិស្រ្តី និងបញ្ឈប់ហិង្សាលើស្រ្តីជាបន្ទាន់។»

ដោយបរាជ័យ នៃការហែរញ្ញត្តិទៅកាន់ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃដដែលនេះ អ្នកស្រី ស៊ុន ស្រីលាភ តំណាង​សហគមបូរីកីឡា បាន​លើក​ឡើងថា ការជួបជុំដង្ហែរញតិនេះ ក្នុងគោលបំណងចង់ឲ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់ការ​ប្រើហិង្សាលើស្រ្តី និងហិង្សា​ទាំងអស់ក្នុងប្រទេសកម្ពុជា។ អ្នកស្រីបានថ្លែងឲ្យដឹងថា «ពិសេសក្នុងថ្ងៃ ៨មីនាអន្តរជាតិ ដែលគេគោរព​ទូទាំង​ពិភពលោក។ តែរាជរដ្ឋាភិបាលកម្ពុជា មិនបានប្រារព្វជាមួយប្រជាពលរដ្ឋទេ បែរជាមកបិទបាំង​សិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ ក៏ដូចជាបិទបាំងនូវសម្លេងប្រជាពលរដ្ឋមួយ ក្នុងការផ្ញើរសារបញ្ឈប់ហិង្សា​មកលើ​ប្រជា​ពលរដ្ឋខ្លួនឯង។»

ដោយឡែក លោក ភួង ម៉ាល័យ ដែលមានវត្តមានក្នុងការបញ្ជាកងកម្លាំងផ្ទាល់នៅព្រឹកថ្ងៃដដែលនេះ មិនបាន​ផ្តល់​បទសម្ភាស​ជាមួយ​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ទេ ចំពោះបញ្ហានៃការពង្រាយកម្លាំងរារាំងប្រជាសហគមន៍នេះ។ តែលោក​បាន​ស្រែក​នៅចំពោះ​មុខអ្នកសារព័ត៌មាន ទៅកាន់កងកម្លាំងដែលស្ថិតនៅក្រោមបញ្ជារបស់លោក​ទាំងនោះ​ថា «ពួកហ្អែងបិទឲ្យជិត កុំឲ្យមានអ្នកណាម្នាក់ចេញរួច។ (...) ឈរ​ប៉ិនហ្នឹង (វា) គ្មានទៅចុកជើងស្ងីទេហ្អា!»។

ចំណែកលោក កាន់ វណ្ណៈ ដែលស្ថិតក្នុងការដឹកនាំកម្លាំងដែរនោះ បានបញ្ជាក់ប្រាប់ថា លោកមិនបានដឹងពីការ​យក​កម្លាំងមករាំងស្កាត់នោះទេ។ ឆ្លើយនឹងការសាកសួររបស់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា ថ្នាក់លើបានឯកភាព​ឲ្យ​មាន​តំណាង១០នាក់ យកញតិទៅដាក់នៅក្រសួងហើយ ហេតុអ្វីមិនឃើញអនុវត្ត និងបិទយ៉ាងនេះ? លោកបាន​បញ្ជាក់​យ៉ាងខ្លីថា «ខ្ញុំក៏មិនបានដឹងដែរ»។

សម្រាប់លោក រៀល ខេមរិន្រ្ទ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលស្វាយរៀង របស់គណបក្សសង្គ្រោះជាតិ ដែល​ចូល​រួមក្នងការដង្ហែនេះ បានបញ្ចេញនូវចំណាប់អារម្មណ៍ថា ជាទិវានារីអន្តរជាតិ ទាំងច្បាប់អន្តរជាតិ និងច្បាប់ជាតិ​មាន​ចែងលើកកំពស់នូវសិទ្ធិនារីនេះ។ បើក្រុមអាជ្ញាធរ ដែនដីធ្វើបែបនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះថ្ងៃ​នេះជាសិទ្ធិរបស់ពួកគាត់។ «យើងមានច្បាប់ហើយ យើងនាំគ្នាគោរពច្បាប់ទាំងអស់គ្នាទៅ បានហើយ។ ថ្ងៃនេះជា​ថ្ងៃគោរពទិវាសិទ្ធិនារីអន្តរជាតិ របស់នារីហ្នឹងឯង អញ្ចឹងបើយើងធ្វើបែបនេះ ជាការមិនគោរពច្បាប់។ (…) រដ្ឋាភិបាល​បង្កើតច្បាប់ សម្រាប់តែអង្គុយលើច្បាប់ឬយ៉ាងណា?»៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...