កម្ពុជា៖ សិទ្ធិ​នារី​ថ្ងៃ​០៨​មីនា ដែល​មាន​តែ​មួយ​ចំហៀង

បើទោះជាតាមបណ្តាក្រសួងរដ្ឋ គ្រប់គ្រងដោយរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ០៨ មីនា ដែលមានលក្ខណៈពិធីការ យ៉ាងគគ្រឹកគគ្រេងក៏ដោយ ក៏ភាពជាក់ស្តែងនៃការប្រមូលផ្តុំសម្តែងមតិ និងការហែញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមអង្គការសង្គមស៊ីវិល នូវតែទទួលរងការបំភិតបំភ័យ នៅឡើយ ខណៈទីលានប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចចម្រុះ ហាមឃាត់ការប្រមូលផ្តុំ និងគ្រប់គ្រងយ៉ាងតឹងរឹង នៅថ្ងៃសិទ្ធិនារី០៨ មីនា នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាតាមបណ្តាក្រសួងរដ្ឋ គ្រប់គ្រងដោយរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា បានប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ០៨ មីនា ដែលមានលក្ខណៈពិធីការ យ៉ាងគគ្រឹកគគ្រេងក៏ដោយ ក៏ភាពជាក់ស្តែងនៃការប្រមូលផ្តុំសម្តែងមតិ និងការហែញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមអង្គការសង្គមស៊ីវិល នូវតែទទួលរងការបំភិតបំភ័យ នៅឡើយ ខណៈទីលានប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចចម្រុះ ហាមឃាត់ការប្រមូលផ្តុំ និងគ្រប់គ្រងយ៉ាងតឹងរឹង នៅថ្ងៃសិទ្ធិ​នារី០៨ មីនា នេះ។


ការរារាំងការដង្ហែក្បួនរបស់អ្នកភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

សិទ្ធិ - នៅព្រឹកថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ០៨ មីនា នេះ ព្រះសង្ឃ ស្រ្តីអ្នកភូមិបឹងកក់ និងសកម្មជនសិទ្ធិមនុស្ស​ច្រើន​រយនាក់ ដែលមានបំណងហែញត្តិ យកទៅដាក់នៅក្រសួងកិច្ចការនារីនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រដាប់​ដោយ​ខែល និងដំបង ជាច្រើនរយនាក់បិទខ្ទប់ នៅលើចំណុចមហាវិថីព្រះមុនីវង្ស ក្បែរមន្ទីពេទ្យកាល់ម៉ែត តែមិនមានការ​ប៉ះទង្គិចគ្នាធ្ងន់ធ្ងរនោះទេ។

ចំណែកទីលានប្រជាធិបតេយ្យ ក៏មិនត្រូវបានអនុញ្ញាតឲ្យមានការប្រមូលផ្តុំដែរ ព្រោះកម្លាំងបង្រ្កាបបាតុកម្ម និងក្រុម​សន្តិសុខសាលារាជធានីភ្នំពេញ ជាច្រើនរយនាក់ បានដាក់របាំងដែកបិទផ្លូវជុំវិញតំបន់នោះ ហើយបានបណ្តេញ​ប្រជាពលរដ្ឋ ដែលមានបំណងមកប្រមូលផ្តុំនៅលើទីលាននោះ។ ទីលានប្រជាធិបតេយ្យក៏ជាទីតាំង ដែលក្រុម​សហជីព​ចំនួន ១៨ បានប្រកាសថានឹងធ្វើវេទិការសាធារណៈ និងអបអរសាទរទិវាសិទ្ធិនារី០៨ មីនា ផងដែរ។

ការរិតត្បិតនៅពេលនេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះប្រហែលជា ជាង២ពាន់នាក់ បានធ្វើសមយុទ្ធ​បង្រ្កាប​បាតុកម្ម កាលពីថ្ងៃទី០៦ មីនា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ។ ក្នុងឱកាសនោះ លោក ជួន សុវណ្ណ បាន​ថ្លែង​ប្រាប់អ្នកសារព័ត៌មាន ថា សមយុទ្ធនាពេលនេះ ធ្វើឡើងដើម្បីត្រៀមការពារ ការធ្វើបាតុកម្មនៅថ្ងៃទី០៨ មីនា ។

លោកនី ចរិយា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចុះអង្កេតផ្ទាល់ចំពោះករណីនេះ បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  ថាការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ គឺជារឿងមួយដាច់ដោយឡែក តែទីលាន​ប្រជាធិតេយ្យ មិនជាកន្លែងដែលរដ្ឋាភិបាល ត្រូវប្រមូលផ្តុំកម្លាំងបង្រ្កាបនោះទេ។ លោកនី ចរិយា បញ្ជាក់ថា៖ «កាល​ណាយើងដាក់ទ័ព បិទបាំង បង្រ្កាបហ្នឹង វាលែងទៅជាទីលានប្រជាធិបតេយ្យហើយ។ ឥឡូវនេះ តែវាទៅជា​ទីលាន​បំបិទសេរីភាព។»

គួរកត់សម្គាល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាមរយៈក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យសហជីពទាំង១៨ ធ្វើ​វេទិការសាធារណៈ និងបាតុកម្មទាមទារឲ្យដោះលែងជន២១នាក់ និងទាមទារ ដំឡើងប្រាក់ឈ្នួល​គោល១៦០ដុល្លារ​ដល់កម្មករនោះទេ។ តែខាងក្រុមសហជីពបានប្ដេជ្ញាថា នឹងធ្វើកម្មពិធីរបស់ពួកគេមិនរាថយ ទាំងថ្ងៃទី០៨ មីនា និង​ថ្ងៃ១២ មីនា ផងទៀត។ នៅព្រឹកថ្ងៃទី៨ មីនា នេះ ក្រុមសហជីពបានយកសួនច្បារ ខាងកើតទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំគ្នា៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...