«ទិវាបុណ្យសិទ្ធិនារីអន្តរជាតិ» ប្រវត្តិនៃការតស៊ូរបស់ស្រ្តី
- ដោយ: ក. សេងហុង ([email protected]) - ភ្នំពេញ ថ្ងៃ០៧ មីនា ២០១៤
- កែប្រែចុងក្រោយ: March 08, 2014
- ប្រធានបទ: ស្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រាវជ្រាវ - ប៉ុន្តែស្ថានការណ៏នេះ ត្រូវបានប្រែប្រួល នៅពេលស្ត្រីចាប់ផ្តើម បង្ហាញពីភាពខ្លាំងរបស់ខ្លួន ទៅកាន់បុរស ដែលជាហេតុបណ្តាល ឲ្យមានទិវា ស្តីពីសិទ្ធិនារីអន្តរជាតិ រាល់ថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ដើម្បីរំលឹកពួកគេថា ពួកគេមានសិទ្ធិ និងសេរីភាព អាចចូលរួមទាំងក្នុងនយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គមជាតិដូចគ្នានឹងបុរសដែរ។ ម្យ៉ាងវិញទៀត ទោះបីពេលនេះ បុរសមួយចំនួន នៅតែមិនទាន់ទទួលស្គាល់សិទ្ធិស្រ្តី ពេញបរិបូរណ៏ក៏ដោយ ក៏ស្រ្តីសង្ឃឹមថា ថ្ងៃណាមួយ បុរសនឹងផ្តល់តម្លៃដល់ពួកគេ ទូទាំងពិភពលោកជាមិនខាន។
ប្រវត្តិទិវាសិទ្ធិនារីអន្តរជាតិ
ការប្រារព្ធទិវាសិទ្ធិស្រ្តីអន្តរជាតិមុនដំបូងបង្អស់ ផុសឡើងពីសកម្មភាពនៃចលនាការងារ ក្នុងបណ្ដាប្រទេសអាមេរិកខាងជើង និងបានរីករាលទូទាំងទ្វីបអ៊ឺរ៉ុប ដែលបណ្តាលឲ្យមានការផ្លាស់ប្តូរដ៏ធំមួយ ក្នុងសតវត្សទី២០។ ដំបូងឡើយ ថ្ងៃបុណ្យសិទ្ធិនារីត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ១៩០៩ ក្នុងសហរដ្ឋអាមេរិក។ ការរៀបចំនេះ ធ្វើឡើងដោយគណបក្សសង្គមនិយម (ក្នុងសម័យនោះ) ក្នុងគោលបំណងរំលឹក ពីការធ្វើកូដកម្មរបស់កម្មការិនីកាត់ដេរ ប្រឆំាងនឹងលក្ខខណ្ឌការងារ ក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ១៩០៨។
នៅឆ្នាំ១៩១០ ក្រុមអ្នកសង្គមនិយម បានធ្វើការជួបជុំគ្នានៅទីក្រុង កូប៉េនហាជ (Copenhagen) ប្រទេសដាណឺម៉ាក ជាលក្ខណៈអន្តរជាតិ ដើម្បីគោរពដល់ចលនាសិទ្ធិស្ត្រី និងគ្រាំទ្រឲ្យស្ត្រីមានសិទ្ធិបោះឆ្នោតជាសកល។ សំណើរនេះ ត្រូវបានយល់ព្រមជាឯកច្ឆន្ទ ក្នុងសន្និសីទដែលមានស្រ្តីចូលរួមចំនួន១០០នាក់ មកពី១៧ប្រទេស។
មួយឆ្នាំក្រោយមក មានការបង្ហាញពីលទ្ធផល នៃជំនួបផ្តួចផ្តើមគំនិតក្នុងទីក្រុង កូប៉េនហាជ ដដែលស្តីពីថ្ងៃបុណ្យសិទ្ធិស្ត្រីត្រូវបានធ្វើឡើងដំបូងគេ ក្នុងថ្ងៃ១៩ មីនា ក្នុងប្រទេសចំនួនបី មានប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក និងប្រទេសស្វីស ដោយមានស្រ្តីនិងបុរសចូលរួមជួបជុំគ្នា ច្រើនជាងមួយលាននាក់។ លើសពីនេះទៅទៀត សិទ្ធិក្នុងការបោះឆ្នោតជាសាកល និងបញ្ឃប់ការរើសអើងលើវិស័យការងារ ក្នុងការិយាល័យសាធារណៈ ត្រូវបានស្រ្តីធ្វើការទាមទារឲ្យកើតមានដែរ។
នៅឆ្នាំ១៩១៣-១៩១៤ ថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ បានក្លាយជាយន្តការសម្រាប់ធ្វើការតវ៉ា ក្នុងសង្គ្រាមលោកលើកទីមួយ។ ស្រ្តីជនជាតិរុស្សី បានប្រព្រឹតិ្តថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិរបស់ខ្លួន នៅថ្ងៃអាទិត្យចុងខែកុម្ភៈ។ រីឯនៅប្រទេសផ្សេងៗ ទៀតក្នុងទ្វីបអ៊ឺរ៉ុប ស្រ្តីក៏បានប្រារព្ធទិវានេះនៅថ្ងៃ៨មីនា និងនៅថ្ងៃជាបន្តបន្ទាប់ ខណៈពេលស្រ្តីផ្សេងទៀត បានធ្វើការតវ៉ា ប្រឆាំងនឹងសង្គ្រាម ឬចូលរួមធ្វើសកម្មភាពក្នុងជួរកងទ័ពដូចបុរសដែរ។
ក្នុងឆ្នាំ១៩១៧ ស្រ្តីជនជាតិរុស្ស៊ីបានជ្រើសរើសការធ្វើតវ៉ា និងធ្វើបាតុកម្មម្តងទៀត ដោយដាក់ចំណងជើងនៃការតវ៉ា នេះថា«នំបុ័ង និងសន្តិភាព»កាលពីថ្ងៃអាទិត្យចុងខែកុម្ភៈ (ត្រូវជាថ្ងៃ៨មីនាក្នុងប្រតិទិនគ្រីកូរី)។ បួនថ្ងៃក្រោយមក ស្តេចត្សារ (Czar) បានដាក់រាជ្យ ហើយរាជរដ្ឋាភិបាលបណ្តោះអាសន្ន បានផ្តល់សិទ្ធិដល់ស្រ្តីក្នុងការបោះឆ្នោតដូចគ្នាដែរ។
អង្គការសហប្រជាជាតិបានជ្រើសរើសថ្ងៃ៨ មីនា ជាថ្ងៃចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ ពីរឆ្នាំក្រោយមក នៅក្នុងខែធ្នូ ឆ្នាំ១៩៧៧ មហាសន្និបាតបានអនុម័ត សេចក្តីសម្រេចប្រកាសជាសាធារណៈ ឲ្យសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ប្រារព្ធថ្ងៃបុណ្យសិទ្ធិនារីរៀងរាល់ឆ្នាំស្របទៅតាមប្រពៃណី និងប្រវត្តិសាស្រ្តរបស់ខ្លួន។ មហាសន្និបាតក៏បានរំលឹកឡើងវិញ ពីតួនាទីរបស់ស្រ្តីក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឃន៏ ការជំរុញឲ្យបញ្ឃប់នូវ ការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។
ពិសេស អង្គការសហប្រជាជាតិបានចាប់ផ្តើមអនុម័តសន្ធិសញ្ញា និងច្បាប់ជាបន្តបន្ទាប់ទៀតស្ទើររាល់ឆ្នាំ ដើម្បីជួយពង្រឹងសិទ្ធស្ត្រីបន្ថែមទៀត ខណៈពេលថ្ងៃបុណ្យសិទ្ធិនារី ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ន ដោយសង្ឃឹមថា សិទ្ធិសេរីភាពរបស់ស្ត្រី នឹងត្រូវបានអនុវត្តទូទាំងពិភពលោកជាមិនខាន៕