កូនៗ សុំឲ្យសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការ ព្រោះម្តាយឈឺធ្ងន់
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋរងគ្រោះដីធ្លី ជាង ២០នាក់ និងកូនៗរបស់សកម្មជនដីធ្លី ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃសរ បានស្នើរឲ្យសាលាឧទ្ធរណ៍ ពន្លឿនការបើកសវនាការដោះសា្រយ ចំពោះសកម្មជនទាំង ១១អង្គ និងនាក់ ឲ្យបានឆាប់ ព្រោះបច្ចុប្បន្ននេះ ម្ដាយរបស់ពួកគេ កំពុងមានជំងឺជាទម្ងន់នៅក្នុងពន្ធនាគារ ហើយក្នុងចំណោមស្ត្រីទាំងនោះ មានស្ត្រីមា្នក់មានជំងឺបេះដូងធ្ងន់ធ្ងរ។
អ្នកស្រី ប៊ូវ សុភា តំណាងឲ្យក្រុមសកម្មជនដីធ្លី មកពីសហគមន៍បឹងកក់ បាននិយាយថា ម្តាយក្មេងៗដែលជាប់ពន្ធនាគា រួមទាំងអ្នកស្រី ទេព វន្នី ផងនោះ កំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ ហើយគ្មានគ្រូពេទ្យព្យាបាល នៅក្នុងពន្ធនាគារទេ។ អ្នកស្រីបានបន្ថែមទៀតថា ក្រុមសហគមន៍ធ្លាប់បានសុំយកគ្រូពេទ្យនៅខាងក្រៅ ឲ្យចូលទៅព្យាបាលជំងឺអ្នកទាំងនោះ ប៉ុន្តែសន្តិសុខនៅគុកព្រៃសរ មិនអនុញ្ញាតឡើយ។ ទើបថ្ងៃនេះ អ្នកស្រីបាននាំគ្នាយកញត្តិ មកដាក់ជូនសាលាឧទ្ធរណ៍ ឲ្យពន្លឿនការបើកសវនការឲ្យបានឆាប់រហ័ស។
ដោយមានការស្រែកទាមទារពីកុមារៗ ដែលជាកូនរបស់សកម្មជនទាំង ១១នាក់ និងការស្នើសុំរបស់សកម្មជនផ្សេងទៀត ដែលទៅចូលរួមតវ៉ា មានលក្ខណៈខ្លាំងក្លា ក្រុមសន្តិសុខសាលាឧទ្ធរណ៍ ក៍បានសម្រេចឲ្យកូនៗរបស់សកម្មជន កំពុងជាប់ពន្ធនាគារ ចំនួនបីនាក់ យកញត្តិទៅដាក់ក្នុងសាលាឧទ្ធរណ៍។
ទាក់ទងនឹងជម្ងឺរបស់ក្រុមសកម្មជន ដែលកំពុងជាប់ឃុំទាំងនោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានប្រភពណាផ្សេង អាចបញ្ជាក់បាននៅឡើយ។ រីឯខាងមន្ត្រីរបស់ពន្ធនាគារ ទស្សនាវដ្ដីកំពុងព្យាយាមទាក់ទង ដើម្បីសុំការបកស្រាយ។
ដោយឡែក បន្ទាប់ពីបានដាក់ញត្តិរួច កុមារ និងប្រជាសហគមន៍រងគ្រោះ នឹងបញ្ហាដីធ្លីទាំងនោះ បានថ្លែងថា ពួកគេកំពុងរង់ចាំការផ្តល់ចម្លើយ ពីសាលាឧទ្ធរណ៍មកវិញ ឬអាចនឹងវិលត្រឡប់មកវិញ ក្នុងពេលខាងមុខ ដើម្បីដឹងពីចម្លើយនេះ៕