មន្ត្រីសង្គមស៊ីវិល៖ ការដោះលែងឪពុកម្តាយ ថោងសារ៉ាត់ មានភាពមិនប្រក្រតី
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 09, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិតហើយ! ពិតជាមានការដោះលែង ឪពុកម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ប្រាកដមែន។ ប៉ុន្តែមកទល់ពេលនេះ មូលហេតុនៃការដោះលែងយ៉ាងណានោះ នៅមិនទាន់ឲ្យដឹងនៅឡើយ ព្រោះថាដីកាដោះលែង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ត្រូវបានគេលាក់ជាអាថ៌កំបាំង និងមិនទាន់ឲ្យមានការបែកធ្លាយអ្វីឡើយ។ នេះជាការអះអាងរបស់ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ លោក អំ សំអាត បានធ្វើការធៀបទៅនឹងករណីអ្នកបឹងកក់ថា អ្នកបឹងកក់ដែលទាមទារនូវជម្រកសមរម្យ និងបិទផ្លូវមួយចំណែក ដែលជាទោសមជ្ឈឹមកម្រិតស្រាលបំផុត បែរជាត្រូវបានតុលាការសម្រច ដាក់ទោសកម្រិតធ្ងន់ធ្ងរបំផុត និងមិនទាំងឲ្យនៅក្រៅឃុំថែមទៀត។ ដោយឡែកឪពុកម្តាយលោក ថោក សារ៉ាត់ វិញ ដែលមានទោសមជ្ឈឹមធ្ងន់ធរបំផុត បែរជាត្រូវបានទទូលកម្រិត«ទោស»ស្រាលបំផុតទៅវិញ ហើយថែមទាំងអនុញ្ញាតិឲ្យនៅក្រៅឃុំថែមទៀត។
មន្រ្តីសង្គមស៊ីវិលដ៏ល្បីឈ្មោះ បានបញ្ជាក់ដូច្នេះថា «ប្រព័ន្ធតុលាការមិនមានតម្លាភាពពិតប្រាកដ ហើយស្ថិតក្រោមសម្ភាធអ្នកនយោបាយ។ ពិសេសរឿងនេះ មានសម្ពាធយោបាយហើយ មានសម្ភាធផ្សេងទៀត ដែលនាំឲ្យមានការដោះលែងឲ្យនៅក្រៅឃុំ។» លោកបានពន្យល់ទៀតថា៖ «អ្នកណាដែលអាជ្ញាធរ ឬរដ្ឋាភិបាលគ្មានការគុំគួន ដោះលែងទៅ។ ឯអ្នកបឹងកក់ មានគំនុំ (អាជ្ញាធរ ឬរដ្ឋាភិបាល) បើឲ្យនៅក្រៅឃុំ នឹងធ្វើបាតុកម្ម ចឹងមិនចាំបាច់ឲ្យនៅក្រៅទេ ដាក់ពន្ធនាគារតែម្តងទៅ។»
លោកបានចាត់ទុកថា តុលាការសព្វថ្ងៃក៏មិនបានបង្ហាញថា ត្រង់ណាដែលជាការអនុវត្តដោយយុត្តិធម៌ និងភាពស្មោះគ្នាចំពោះមុខច្បាប់នោះទេ។ លោកថ្លែងថាមួយម៉ាត់យ៉ាងខ្លី គឺ«គ្មាន»។ ពាក់ព័ន្ធក្នុងរឿងដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ នេះ លោកបានដាក់ការសង្ស័យថា ពិតជាអ្នកណាម្នាក់ នៅពីក្រោយនៃការដោះលែងនេះ។ លោកមិនបានបង្ហាញត្រង់ឆ្ពោះទៅក្រុមណា ឬបុគ្គលណាម្នាក់ឡើយ គ្រាន់តែលោកដាក់ជាសំនួរវិញថា៖ «យើងដឹងហើយថា ពួកគាត់ជាអ្នកណា? នោះពិតជាមានភាពមិនប្រក្រតី និងឥទ្ធិពលមកហើយ។»
សូមបញ្ជាក់ថា ឪពុកម្តាយលោក ថោង សារ៉ាត់ ដែលសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការរក្សាអាវុធខុសច្បាប់នោះ ត្រូវបានលោក លី សុខឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃ ៦ ខែកុម្ភះ។ អ្នកទាំងពីរ ត្រូវបានដោះលែងជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីសហវេធាវីទាំងបួន ការពាឪពុកម្តាយលោក ថោង សារ៉ាត់ បានទេនាព្រឹកនេះ។ លោកមេធាវី ម៉ន កែវស៊ីវិន - មេធាវី ថុង អ៊ីវហេង - មេធាវី ស៊ី សត្យា មិនអាចទំនាក់ទំនងបាន ឯមេធាវី គា អ៊ាវ មិនអាចឆ្លើយបាន ព្រោះលោកកំពុងជាប់សវនាការ។
យោងតាមការបញ្ជាក់របស់តំណាងអយ្យកា នៃសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ប្រាប់សារព័ត៌មានក្រុងស្រុកមួយថា លោក លី សុខឡេង ចៅក្រមស៊ើបសួរ ពិតជាបានសម្រេចដោះលែងឪពុកម្ដាយ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្នប្រាកដមែន។ តែករណីនៃការដោះលែងនេះ មិនបានបញ្ជាក់ដោយយោងពីមូលហេតុអ្វីឡើយ។
រីឯលោក នី ចរិយា ប្រធានផ្នែកអង្កេត របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញតាមផ្លូវច្បាប់ថា ការដោះលែងនេះ មិនត្រឹមតែបង្ហាញ នូវភាពមិនប្រកតី ហើយថែមទាំងបំពាន«ច្បាប់» ឬនីតិវិធីច្បាប់ យ៉ាងធ្ងន់ធ្ងរនោះទៀត។ នេះបើគេយោង តាមការសម្រេចរបស់ សាលាឧទ្ធរណ៍ ដែលបានច្រានចោល ការសុំនៅក្រៅឃុំនាពេលថ្មីៗនេះ។ លោក ចរិយា បានថ្លែងប្រាប់ទស្សនាវដ្ដីថា៖ «ការសម្រេចឲ្យអ្នកទាំងពីនៅក្រៅឃុំ បង្ហាញពីភាពមិនឯករាជ្យរបស់តុលាការ ព្រោះអ្នកដែលមានជម្លោះដីធ្លីបឹងកក់១០នាក់ និងសកម្មជនបក្សនយោបាយ ព្រះសង្ឃ ដែលទាមទារសិទ្ធិសេរីភាព មិនឲ្យនៅក្រៅឃុំ បែរជាអ្នករក្សាអាវុធខុសច្បាប់ ឲ្យនៅក្រៅឃុំទៅវិញ។»
ចំពោះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវិញ បានធ្វើការបកស្រាយផ្សេងៗគ្នា ទៅលើការដោះលែងនេះ។ មានគណនីហ្វេសបប៊ុកមួយ បានសរសរដោយមិនបានបញ្ជាក់ ប្រភពច្បាស់លាស់ថា ការដោះលែងនេះ ដោយសារមានគំនាបខាងនយោបាយ និងទំនងស្ថិតក្រោម ការដាក់សម្ពាធរបស់ប្រធានាធិបតីវៀតណាម លោក ជឿង តាំងសាង មកលើ លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន៕