កូនប្រសារស្រវឹង សម្លាប់ឪម៉ែក្មេកប្រពន្ធកូនរួច រត់គេចខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: មនុស្សឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពពីមន្រ្តីសមត្ថកិច្ចម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ហេតុការណ៍កូនប្រសារស្រវឹង សម្លាប់មួយគ្រួសារនេះ កើតឡើងនៅម៉ោង ២៣យប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ មន្ត្រីរូបនោះបានឲ្យដឹងទៀតថា ជនសង្ស័យជាកូនប្រសារ ត្រូវបានគេស្គាល់ថា ឈ្មោះអេង ធី អាយុ ៤៧ឆ្នាំ កំពុងរស់នៅ ជាមួយគ្រួសារខាងលើ និងប្រពន្ធមានកូន ចំនួន០២នាក់។
សាក្សីពីកន្លែងកើតហេតុ បាននិយាយប្រាប់ក្រុមសមត្ថកិច្ចថា នៅយប់កើតហេតុជនសង្ស័យ បានផឹកស្រាជាមួយអ្នកជិតខាង ស្រវឹងជោគ មិនដឹងថាមានបញ្ហាអ្វី ជាមួយគ្រួសារនោះទេ។ ស្រាប់តែនៅយប់នោះ មានការភ្ញាក់ផ្អើលថា បុរសខាងលើបានយកកាំបិត ទៅកាប់សម្លាប់ អ្នកនៅក្នុងផ្ទះខ្លួនឯង អស់មួយគ្រួសារ ទាំងឪពុកម្តាយក្មេក និងប្រពន្ធរួមទាំងកូនបង្កើត របស់ខ្លួនផងដែរ។
សមាជិកមួយគ្រួសារនេះ ត្រូវបានប្រទះឃើញដេកស្លាប់ ននៀលគ្នា នៅលើផ្ទះ មានតែឪពុកក្មេកម្នាក់ លោក ស្វាយ សាខន វ័យ៦៩ឆ្នាំ ដែលនៅមានជីវិត តែបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីពេទ្យ។ ជនរងគ្រោះដល់ជីវិត មានចំនួនបួននាក់ ក្នុងនោះ អ្នកស្រី ចាន់ធី សុភានី ជាប្រពន្ធ និងអ្នកស្រី ម៉ៅ យៀង ជាម្តាយ រួមទាំងកូនស្រី ធី សៀង ហ៊ី និងកូនប្រុស ធី សីហា ស្លាប់រួមគ្នា ដោយកាប់ត្រូវនឹងកាំបិតទាំងអស់។
ក្រោយពីកើតហេតុ រហូតមកដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ នេះអាជ្ញាធរ នៅមិនទាន់ឃាត់ខ្លួន ជនសង្ស័យ ដែលរត់គេចខ្លួន ខណៈក្រុមគ្រួសារទាំងមូលត្រូវរបួស និងស្លាប់នោះទេ។ ហេតុការណ៍នេះ ត្រូវបានអ្នកជិតខាងនិយយាតៗគ្នាថា ជាទង្វើរបស់កូនប្រសារ ដែលមានការខឹងសម្បារ ពីរឿងអ្វីមួយ។ ដោយឡែក ក្រុមនគរបាលវិញ នៅមិនទាន់ធ្វើសេចក្ដីសន្និដ្ឋាន ពីមូលហេតុច្បាស់លាស់នៅឡើយ ដោយគ្រាន់តែនិយាយថា កំពុងនៅធ្វើការស៊ើបអង្កេតបន្ត ពីការស្លាប់នេះ។
សាកសពទាំងបួន ត្រូវបានអ្នកជិតខាងនៅក្នុងភូមិ និងសាច់ញាតិផ្សេងទៀត រួមគ្នាធ្វើបុណ្យ តាមប្រពៃណីនៅនឹងផ្ទះកើតហេតុ៕