ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

ការដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបាននាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចាត់ទុកថា ជារឿងមិនធម្មតារបស់តុលាការសាលាដំបូង ដែលចាំបាច់ ត្រូវធ្វើអធិការរកិច្ចជាដាច់ខាត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 18, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលបានកំពុងដុតដៃដុតជើង ស្វែងរកឃាតករសម្លាប់លោក អ៊ឹង ម៉េងជឺ ដោយសម្រេចចាប់បាន នូវ​ជន​ល្មើសមួយសំបុក តែបែរជាត្រូវបានតុលាការសាលាដំបូង ហ៊ានធ្វើការដោះលែង។ នេះជាការថ្លែងទូលទុក្ខ​របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងកម្មវិធី ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យ​ធនធាន​មនុស្ស នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្នុងការបង្ហាញជំហរ ថាលោកនឹងមិនជ្រៀតជ្រែក ឬគៀបសង្កត់ដល់ប្រព័ន្ធតុលាការនោះ លោកបានចាត់ទុក​ការដោះលែង ឪពុមម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនេះ ថាជារឿងខុស ទៅនឹងនីតិវិធីច្បាប់ទៅ​ទៀត។ លោកនាយករដ្ឋមន្រ្តីបាន អះអាងតាមពាក្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញថា លោកមិនបានដឹងនូវហេតុផលណាមួយនោះទេ ព្រោះជាការសម្រេចដោះលែងដោយតុលាការ ខណៈ​សមត្ថកិច្ច​បានបញ្ជូនទៅតុលាការ នូវជនជាប់ចោទទាំងនេះ ជាមួយនឹងភស្តុតាងយ៉ាងរឹងមាំ។

លោកនាយករដ្ឋមន្រ្តីរូបនេះ បានស្នើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើការស្រាវជ្រាវរកមូលហេតុ នៃការដោះលែងឪពុកម្តាយ ថោង សារ៉ាត់ នោះ។ លោកមាន​ភាព​​អស់សំណើច ចំពោះមូលហេតនៃការដោះលែង របស់តុលាការដែលថា «ហេតុផល សុខភាព! បើ​ហេតុ​ផល​សុខភាព ម៉េចមិនយកទៅព្យាបាលទៅ? (...) គេ(តុលាការ)ថា បទល្មើសហ្នឹងជាបទមជ្ឃឹមទេ? (...) គ្រាន់​តែកាន់ព្រនង់ ម្តេចជាប់គុក ចុះរឿងនេះកាន់កាំភ្លើងប្រាំបីដើម បែរជារួចខ្លួន ទៅឲ្យនៅក្រៅឃុំ។ (...) នេះចេះ​ចាប់​បានវិញ កុំអីរឿងធំហើយ។»

លោក ហ៊ុន សែន បានថ្លែងទៀតថា៖ «ខ្ញុំបានឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើអធិការរកិច្ចទៅលើ​សំណុំ​រឿងនេះ សាលាដំបូងរាជធានីភ្នំពេញ មិនព្រមឲ្យនៅក្រៅឃុំទេ។ (...) រាជរដ្ឋាភិបាលធ្វើស្លាប់ទាំងខ្លួនទៀត ក៏មិនគ្រប់គ្រាន់ នឹងការបំផ្លាញរបស់បុគ្គលចៅក្រមខ្លះ នៃតុលាការ។ (...) ចាំបានទេឆ្នាំ១៩៩៩ ខ្ញុំបញ្ជារ​ឲ្យ​ចាប់​ចោរមកវិញម្តង ២០០៣-២០០៤ ខ្ញុំបញ្ជាឲ្យចាប់ចោរមកវិញម្តងទៀត។ ឲ្យតែចោររួចខ្លួន ទាំងអស់។»

ឪពុកម្តាលលោក ថោង សារ៉ាត់ ត្រូវបានដោះលែងកាល ពីថ្ងៃសៅរិ៍ទី៧ ខែកុម្ភៈនេះ ដោយអំណាចដីការមួយ របស់ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ អ្នកទាំងពីរត្រូវបាន​ក្រុម​នគរបាលចាប់ខ្លួនមកវិញ ដោយរងការចោទប្រកាន់ថា បានព្យាយាមរត់ចេញ ទៅប្រទេសវៀតណាមតាម​ខេត្ត​ស្វាយរៀង និងធ្វើការឃុំខ្លួនក្នុងពន្ធនាគារវិញ ក្នុងថ្ងៃទី១៦ ខែកុម្ភៈម្សិលម៉ិញនេះ នៅពន្ធនាគារព្រៃសរ។

លោក ហ៊ុន សែន បានពន្យល់ពីលើវេទិកាដដែលមកថា ទាំងនេះមិនមែនជារឿងតូចតាចទេ ដំបូងឡើយ​សាលា​ដំបូងនេះ មិនបានអនុញ្ញាតិនៅក្រៅឃុំទេ។ ថ្ងៃទី២០ ខែមករា សាលាឧទ្ធរណ៏ ក៏មិនបានអនុញ្ញាតិឲ្យ​នៅ​ក្រៅឃុំដែរ។ ដល់ថ្ងៃទី២១ ខែមករា មេធាវីជនជាប់ចោទ បានប្តឹងទៅតុលាការកំពូល តែតុលាការកំពូល​វិញ ក៏មិនទាន់បានសម្រេចថា នឹងឲ្យនៅក្រៅឃុំ ឬអត់នៅឡើយផង។ ស្រាប់តែ នៅថ្ងៃទី៥ ខែកុម្ភៈ មេធាវី​ក៏សុំ​ដកពាក្យ ពីតុលាការកំពូលមកវិញ រួចនៅថ្ងៃទី៦ ខែកុម្ភៈ សាលាដំបូងចេញដីកាដោះលែង ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន។

លោកលើកឡើងថា វាពិតជារឿងដែលគួរឲ្យឆ្ងល់ នៃការដោះស្រាយរឿងនេះ ដោយល្បឿនលឿនពេក។ ដីកា​ដោះលែងឲ្យ​នៅក្រៅឃុំនេះ បានបំពានលើសាលក្រមខ្លួនឯង និងសាលដីកាសាលាឧទ្ធរណ៍ ដែលមិនបាន​អនុញ្ញាត​ឲ្យនៅ​ក្រៅឃុំនោះ។ លោកថា ទាំងនេះសុទ្ធតែជាចំណោទ នៃបញ្ហាទាំងអស់ ហើយបានថ្លែង​ទូល​ទុក្ខ​ថា៖ «ខ្ញុំមិន​សុខ​ចិត្តទេ។ ខ្ញុំស្នើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការបន្ទាន់ លើសំណុំរឿងមួយ​នេះ។ (...) ត្រូវ​រក (មូលហេតុ) ឲ្យឃើញនៃរឿងនេះ។ (...) ខ្ញុំមិនសុខចិត្តទេ មិនសុខចិត្តដាច់ខាត។»

លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់ ភាពអយុត្តិធម៌ដែលសម្រេច ដោយមន្រ្តីមួយចំនួននៃតុលាការ ដោយ​បានធ្វើការផ្តន្ទាទោស ទៅលើប្រជាពពលរដ្ឋក្រីក្រស្លូតត្រង់ ដែលមានកាន់ព្រនុង ឲ្យជាប់ក្នុងពន្ធនាគារ តែ​ផ្ទុយ​មកវិញ បែរជាដោះលែងអ្នកដែលប្រើប្រាស់អាវុធជាតិផ្ទះ ឲ្យមានសេរីភាព។ លោកបានថ្លែងបរិហា​ទៀត​ថា៖ «មានតុលាការខ្លះឃុបឃិតជាមួយចោរ ដូចជាជ្រុលពេក។ បើឪពុកម្តាយ ថោង សារ៉ាត់ រត់រួច ចឹងអ្នក​ចុះ​ហត្ថលេខាហ្នឹង ឃុបឃិតជាមួយចោរ អញ្ចឹងខ្ញុំចាប់លោកឯងតែម្តង ក្នុងបទសំគំនិតជាមួយចោរ ដោះលែង​ចោរ បក្សពួកចោរ។»

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានថ្លែងប្រាប់ទសស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថា លោកគាំទ្រដល់ការកែទម្រង់ ប្រព័ន្ធតុលាការ ដោយលោកនាយករដ្ឋមន្រ្តី នាពេលនេះ។ តែយ៉ាងណា លោកសង្ឃឹមថា លោកនាយករដ្ឋមន្រ្តីនឹងមិនយករឿងឪពុកម្តាយលោក ថោង សារ៉ាត់ មួយនេះ ដើម្បីបង្ហាញថា ខ្លួនកំពុងតែធ្វើកំណែតម្រង់ ឬស្វែងរកការផ្តល់យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋនោះឡើយ។ អ្វីដែលសំខាន់ គឺការកែទម្រង់ទូទៅ នៃប្រព័ន្ធតុលាការទាំងមូល មិនចំពោះរឿងណាមួយនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...