មានជនអនាមិក«ក្លែង»លិខិត របស់គណបក្សសង្គ្រោះជាតិ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: បន្លំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងលិខិតរបស់គណបក្សសង្គ្រោះជាតិមួយច្បាប់ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលក្នុងព្រឹកថ្ងៃទី២៤ ខែធ្នូនេះ បានសរសេរប្រកាសជាសាធារណៈថា មិនទទួលស្គាល់លើ«សកម្មភាព» និង«មតិ»លើកឡើង របស់លោក សុន ឆ័យ ឡើយ។
លិខិតនេះបានចេញផ្សាយ បន្ទាប់ពីលោក សុន ឆ័យ ធ្វើការព្រមានឲ្យអាជ្ញាធរជាតិអប្សារា ផ្តល់ឯកសារសម្ងាត់ទាំងអស់ ដូចជាការចុះកិច្ចសន្យា ជួលប្រាសាទអង្គរវត្តជាដើម។ ក្រុមការងាររបស់លោក សុន ឆ័យ បានរកឃើញថា មានការ«លួចបំបាត់ថវិកាជាតិ»យ៉ាងធ្ងន់ធ្ងរ។
ការព្រមានទៅលើអាជ្ញាធរអប្សរានេះ បន្ទាប់ពីក្រុមការងារ នៃគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា បានចុះការងារជាក់ស្តែង ដល់ទីតាំងរបស់អាជ្ញាធរជាតិអប្សរា ក្នុងខេត្តសៀមរាប រយៈពេលបួនថ្ងៃ ចាប់បីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះ។ ការអង្គេតការងារនេះ រួមដំណើរដោយលោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាពីចំណូលអង្គរវត្ត និងភាពមិនប្រក្រតីមួយចំនួនក្នុងខេត្តសៀមរាប។ លោក សុន ឆ័យ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយចំនួនអ្នកទេសចរណ៍ ក្នុងឆ្នាំ២០១៤នេះ ចូលទស្សនាប្រាសាទអង្គវត្ត មានត្រឹមតែមួយលាននាក់ នៃអ្នកទេសចរណ៍សរុបជាងប្រាំលាននាក់នោះ។
តាមលិខិតលេខ២១១/១៤ ខាងលើដដែលបានសរសេរបន្តថា «រាល់សម្មភាព និងមតិរបស់លោក សុន ឆ័យ ពេលកន្លងមក និងដល់បច្ចុប្បន្ននេះ ជាមតិផ្ទាល់របស់លោក ដោយមិនបានឆ្លងការយល់ព្រម ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឡើយ ដែលនាំឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀង គណបក្សទាំងពីរ។» ក្នុងលិខិតនោះបានសរសេរទៀតថា ទាំងសកម្មភាព និងមតិរបស់លោក សុន ឆ័យ មិនមែនជាជំហររបស់គណបក្សសង្គ្រោះជាតិឡើយ។
លោក សុន ឆ័យ អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោកនៅមិនទាន់បានឃើញ ឬទទួលលិខិតនោះនៅឡើយទេ។ បើយោងតាមអត្ថន័យក្នុងលិខិត លោកក៏បានធ្វើការបដិសេធចោល ដោយបញ្ជាក់ថាជាលិខិត«ក្លែង»។ លោក គ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា នោះជាលិខិត«ក្លែង»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចនាំការបញ្ជាក់បន្ថែម ពីមន្រ្តីនាំពាក្យគណបក្សសង្គ្រោះជាតិបានទេក្នុងថ្ងៃនេះ ដោយលោកមិនទទួលទូរស័ព្ទ។ តែតាមការបញ្ជាក់របស់មន្រ្តីច្បាប់ជាន់ខ្ពស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ពេលនេះគណបក្សសង្គ្រោះជាតិ នៅមិនទាន់មានវិធានការណាមួយនៅឡើយទេ ព្រោះរង់ចាំការពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាវិន័យសិន។
មន្រ្តីរូបនេះបានបន្តថា នេះជាលិខិតក្លែង នៃជនអនាមិក ដែលយកទម្រប់ដើម នៃលិខិតរបស់គណបក្ស មកធ្វើការក្លែង ដោយបង្ខូចកេរ្តិ៍ឈ្មោះ គណបក្សសង្គ្រោះជាតិ កេរ្តិ៍ឈ្មោះបុគ្គល (សុន ឆ័យ) និងកេរ្តិ៍ឈ្នោះរបស់ស្ថាប័នរដ្ឋសភា ដែលលោក សុន ឆ័យ កំពុងបំពេញការងារនេះ។
មន្ត្រីច្បាប់គណបក្សសង្គ្រោះជាតិ បាននិយាយពន្យល់ថា៖ «លិខិតក្លែងនេះ បានធ្វើឲ្យប៉ះពាល់ទៅលើចំណុចបីយ៉ាង មួយគណបក្សដែលជានីតិបុគ្គល ទីពីរប៉ះពាល់ផ្ទាល់ដល់បុគ្គលដែលខិតខំបំពេញការងារ និងទីបីប៉ះពាល់ដល់ស្ថាប័នរដ្ឋសភា ដែលត្រូវធ្វើក្នុងនាមជាតិ និងប្រជា។ (...) យើងនឹងឆ្លងយោបល់ ពីប្រធានគណៈកម្មការនាយក ទៅលើបុគ្គល និងលិខិតក្លែងនេះ។ (...) ការក្លែងមិនចាំថាលើកទីមួយ ឬទីពីរទេ បុគ្គលដែលបានក្លែង ត្រូវតែអនុវត្តទោសទៅតាមច្បាប់ទាំងអស់។»៕