រម៉កអេតចាយ បុកម៉ូតូឪពុកក្មេកមេធាវី ទារសំណង១០០ដុល្លា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - រាយការណ៍៖ ហេង វុទ្ធី- ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ចេះតែកើតមានប្លែកៗ រីឯការយោគយល់រវាងខ្មែរគ្នាឯង ក៏កាន់តែធ្វើឲ្យរញ្ជួយចិត្តណាស់ដែរ។ ករណីនេះ បានបង្ហាញនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីព្រឹកព្រហាមម៉ោង៤ និង៤៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ នៅលើបណ្តោយផ្លូវមន្នីរ៉េត នៅខាងលិចស្តុបផ្សារដើមគ។ គ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បង្កឡើងដោយម៉ូតូដឹករម៉កអេតចាយមួយគ្រឿង មិនមានផ្លាកលេខ បុកជាមួយម៉ូតូ ធុនសង់ពាក់ផ្លាកលេខ 1O-8414 ភ្នំពេញ ដែលបើកបរក្នុងទិសដៅបញ្ច្រសគ្នា។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម្ចាស់រម៉កអេតចាយ បើកម៉ូតូយ៉ាងលឿនក្នុងទិសដៅបញ្ច្រាស់ពីគេ ចំណែកឯម៉ូតូជនរងគ្រោះ បើកពីកើតទៅលិច ដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាឪពុកក្មេកមេធាវី។ មកដល់ចំណុចគ្រោះថ្នាក់ខាងលើ ក៏ស្រាប់តែបានបុកគ្នា ធ្វើឲ្យជាប់គាំងនៅកណ្តាលទ្រូងផ្លូវ។
ឪពុកក្មេកមេធាវីលោក ស៊ីម សាវី ដែលជាជនរងគ្រោះ បាននិយាយថា ម៉ូតូនោះបើកបញ្ច្រាស់ទិស ហើយជិះលឿនទៀត។ ដូចនេះ រកតែគាត់គេចទៅណាក៏មិនបាន។ ណាមួយ ខ្លាចមានគ្រោះថ្នាក់ជាមួយរថយន្តដ៏ទៃទៀតផង។ តម្លៃនៃការខូតខាត ត្រូវបានលោកឪពុកក្មេកមេធាវីរូបនេះ ទាមទារឲ្យជនបង្កសងថ្លៃខូចខាតម៉ូតូរបស់លោក ចំនួន១០០ដុល្លា ។
ម្តាយជនបង្ក អ្នកស្រី ជុំ សុផល បានមកដល់កន្លែងកើតហេតុ បន្ទាប់ពីមានការប្រកែកគា្ន មួយសន្ទុះធំ។ ស្ត្រីវ័យចំណាស់ខាងលើ បានប្រាប់អ្នកសាព័ត៍មានថា កូនគាត់ពិតជាបើកបរខុសមែន បានជាគាត់ព្រមទទួល ព្រោះពីមុនមកកូនេបស់គាត់ មិនសូវស្ដាប់បង្គាប់គាត់ប៉ុន្មានទេ ច្រើនតែប្រកែកយកឈ្នះអ្នកដ៏ទៃ។ ដូចជារាល់ថ្ងៃ អ្នកស្រីមិនឲ្យរកទិញអេតចាយពេលយប់ទេ ព្រោះខ្លាចមានគ្រោះថ្នាក់ តែកូនគាត់មិនស្ដាប់។
ស្ត្រីដែលមានកូនប្រាំនាក់ក្នុងរង្វង់គ្រួសាររូបនេះ បានសុំអង្វរទៅភាគីរងគ្រោះ នៅពេលដែលសមត្ថកិច្ចចុះមកអន្តរាគមន៍ វាសវែងបម្រុងយកម៉ូតូទាំងពីរ ទៅកាន់ប៉ុស្ត៏ផ្សារដើមគរ ថាអ្នកស្រីមិនមានប្រាក់គ្រប់១០០ដុល្លានោះទេ មានតែ៣០ដុល្លាប៉ុណ្ណោះ។ មេគ្រួសារដែលរកមួយថ្ងៃរស់មួយថ្ងៃនេះ បានបន្តែមថា លុយនោះអ្នកស្រីចងការ (ខ្ចី) គេទេ ដោយគេយកតម្លៃ១០០០០០រៀល ការ២០០០០ក្នុងមួយថ្ងៃ។
ដោយសារការរៀបរាប់ខាងលើនេះ ធ្វើឲ្យភាគីជនរងគ្រោះទន់ចិត្ត ហើយបានយល់ព្រមទទួលសំណងត្រឹម៣០ដុល្លា ពីម្តាយជនបង្ក និងបានបញ្ចប់រឿងនៅកន្លែងទៅហោង៕