បេក្ខជន​ដែល​ទទួល​បាន​ប៉ូតុង​មាស​ទាំង​៤ សុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ?

កម្មវិធីប្រលងសមត្ថភាពប្លែកៗ Cambodia’s Got Talent របស់ទូរទស្សន៍ហង្សមាស បានបញ្ចប់វគ្គដំបូង Judge Audition ជាស្ថាពរហើយ។ រយៈពេលបួនសប្តាហ៍ នៃវគ្គដំបូងនេះ ឃើញថាបេក្ខជនចំនួនបួន បានទទួលបានការចុចប៉ូតុងមាស ពីគណកម្មការ និងពិធីករ។ តើបេក្ខជនទាំងបួន ពិតជាមានសមត្ថភាពអស្ចារ្យ គ្មានអ្នកណាធ្វើដូចឬ?
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 24, 2014
  • ប្រធានបទ: ទេពកោសល្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាការបូកសរុបឡើងវិញ អម​ដោយ​រូបភាព​វីដេអូ នៃ​បេក្ខជន​ទាំង​បួន​នាក់/ក្រុម ដែល​ទទួល​បាន​ការ​ចុច​ប៉ូតុង​មាស ពី​គណៈកម្មការ និង​ពីពិធីករ ក្នុង​ការ​បោះ​ជំហ៊ាន​របស់​ខ្លួន ទៅ​កាន់​វគ្គ Live Show តែ​ម្ដង។ សម្រាប់​លោក​អ្នក​វិញ តើ​លោក​អ្នក​គិត​បែប​ណា? សូម​ផ្ដល់​​យោបល់​របស់​លោក​អ្នក នៅ​ខាង​ក្រោម​អត្ថបទ។

បេក្ខជន​ទី​មួយ ដែល​ទទួល​បាន​ការ​ចុច​ប៉ូតុង ក្នុង​សប្តាហ៍​ដំបូង មាន​ឈ្មោះ​ថា ព្រហ្ម សុខរីណា អាយុ​១៤​ឆ្នាំ ជា​បេក្ខជន​មួយ​រូប មក​ពី​រាជធានី​ភ្នំពេញ។ បេក្ខជន​រូប​នេះ បញ្ចេញ​សមត្ថភាព​រាំ ក្បាច់​មនុស្ស​យន្ត។ ក្បាច់​រាំ​មនុស្ស​យន្ត​របស់ រីណា មាន​ភាព​អស្ចារ្យ និង​ខុស​ប្លែក​ខុស​គេ ដែល​កម្រ​មាន​អ្នកណា​ធ្វើ​ដូច។ អ្នក​ខ្លះ​យល់​ថា មាន​តែ​រីណា​ទេ ដែល​ធ្វើ​បាន និង​គ្មាន​អ្នក​ទី​២ធ្វើ​បាន​ឡើយ។ ស្រប​ពេល​នឹង​ការ​ទទួល​បាន​ប៉ូតុង​មាស ពី​លោក ជួន ជី ហៅ​នាយកុយ​ដែល​ជា​គណកម្មការ​នោះ រីណា ក៏​បាន​ធ្វើ​ឱ្យ​គណៈកម្មការ ដែល​ជា​តារា​កំប្លែង​ល្បី​រូប​នេះ សម្រក់​ទឹក​ភ្នែក​ដែរ។

ចំណែកបេក្ខទី២ ដែលទទួលបានការចុចប៉ូតុងមាសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ គឺបេក្ខជនដែល​មានវ័យ​ចំណាស់​ពីររូប មកពីខេត្តកណ្តាល។ លោក កែវ សារិន មានអាយុ៥៩ឆ្នាំ និងលោក សំផូ មានអាយុ៥៤ ជា​ពួក​ម៉ាកនឹងគ្នា បានប្រលងសមត្ថភាព«មហាកម្លាំង»។ សមត្ថភាពមហាកម្លាំង របស់បុរសវ័យចំណាសទាំងពីរ បានបានធ្វើឱ្យទស្សនិកជនរន្ធត់ និងស្រៀវខ្លួន ហើយសមត្ថភាពនេះ កម្រនឹងមានអ្នកណាធ្វើដូច។

គ្មានមនុស្សធម្មតាណា ដែលយកអាចយកកូនកាំបិតមុត ដូចកាត់ទឹក ចំនួន៦ យកទៅដោត​ក្នុងរន្ធច្រមុះ​ទាំង​ពីរ ដោយមិនរលាត់ស្បែកនោះទេ។ ហើយសមត្ថភាពដ៏អស្ចារម្យមួយទៀត គឺបុរសវ័យចំណាស់ទាំងពីរ បាន​ពត់ដែកដែលរឹង ដោយប្រើបំពងក ជាអ្នកពត់។ កន្លែងដែលលោកទាំងពីរ បានធ្វើការពត់ដែក គ្រាន់តែមាន​ស្នាមទ្រុតបន្តិចតែប៉ុណ្ណោះ គ្មានរលាត់ដល់សាច់សូម្បីតែបន្តិច។ សមត្ថភាពដ៏អស្ចារ្យនេះ ត្រូវបានលោក ប៉ែន ចំរ៉ុង ជាពិធីករក្នុងកម្មវិធីប្រលងសមត្ថភាពប្លែកមួយនេះ ជាអ្នកចុចប៉ូតុងមាស ឱ្យបុរសក្លើនឹងគ្នាទាំងពី ធ្វើ​ដំណើរទៅកាន់វគ្គ Live Show ដោយមិនឆ្លងកាត់ការជម្រុះ។

បេក្ខជនទី៣ ដែលទទួលបានការចុចប៉ូតុងមាស ពីតារាចម្រៀងល្បីប្រចាំព្រះរាជាណាកម្ពុជា លោក ព្រាប សុវត្តិ មានឈ្មោះថា សរ សុផល ជាបេក្ខជនមកពីរាជធានីភ្នំពេញ។ សុផលជាកូនទី៧ ក្នុងគ្រួសារដែល​មាន​បងប្អូន៨នាក់ និងជានិស្សិត ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ។

នៅថ្ងៃអាទិត្យទី១៤ សប្តាហ៍ទី៣នៃកម្មវិធី Cambodia's Got Talent បេក្ខជនជាសិស្សផ្នែកល្ខោនបុរាណរូបនេះ បានបង្ហាញសមត្ថភាព«សម្តែងស្រមោលដៃ»។ សមត្ថភាពបង្ហាញស្រមោលដៃ ដែលទើបហាត់រៀន​រយៈ​ពេល​កន្លះឆ្នាំ របស់បេក្ខជនរូបនេះ បានជម្រុញទឹកចិត្តឲ្យលោក ព្រាប សុវត្តិ ចុច ប៉ូតុងមាស។

ចំណែកឯកបេក្ខសប្តាហ៍ទី៤ ដែលទទួលបានការចុចប៉ូតុងមាស ឆ្ពោះទៅកាន់វគ្គ Live Show ដោយមិនឆ្លង​កាត់ការជម្រុះជាចុងក្រោយនោះ គឺបេក្ខជនពីររូប គឺលោក អេ ឋានណារិទ្ធិ និងកញ្ញា ឈុន ម៉ារីណែត ដែល​ប្រលង​សមត្ថភាព ខាងបញ្ចូលសម្លេង។ ឋាន ណារិទ្ធិ និង ឈុន ម៉ារីណែត ត្រូវបានអ្នកនាង ខាត់ សុឃីម តារាចម្រុះជំនាញចុចប៉ូតុងមាស ដើម្បីបញ្ជាក់ពីសមត្ថភាពដ៏អស្ចារ្យ។ ឋាន ណារិទ្ធិ និង ឈុន ម៉ារីណែត គឺជាពិធីករ ពិធីការិនីនៃវិទ្យុមួយ ក្នុងរាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...