បែកធ្លាយរូបស្រាតរបស់ ទេព បូព្រឹក្ស? តារាចេញមកបកស្រាយ
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 17, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រូបនេះ ធ្លាប់មានម្ដងហើយ» នេះជាអ្វី ដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងលេចធ្លោ របស់ផលិតកម្មហង្សមាស អ្នកនាង ទេព បូព្រឹក្ស ក្នុងសំណេរប្រតិកម្ម ទៅនឹងព័ត៌មានមួយ ដែលបង្ហាញ ពីការបែកធ្លាយ តាមបណ្ដាញសង្គម នូវរូបភាពរបស់តារាស្រាត បង្ហាញសុដន់ ដាក់អមជាមួយនឹងរូបសម្បក ថាសចម្រៀងចេញថ្មី របស់នាង ទេព បូព្រឹក្ស។
តារាចម្រៀង បូព្រឹក្ស បានសរសេរបន្តទៀតថា៖ «ឥឡូវល្បីម្តងទៀត! ធម្មតាទេ មានអ្នកខ្លះ ស្រលាញ់គ្រាំទ្រ អ្នកខ្លះមិនគ្រាំទ្រ មនុស្សម្នាក់ មិនអាចតំរូវចិត្ត មនុស្ស ១០នាក់ទេ» មុននឹងសរសេរ បន្ថែមទៀតថា៖ «រឿងព័ត៌មាននេះ វាស៊ាំនឹងខ្ញុំហើយ តែសូមគិតផង ខ្ញុំជាមនុស្សស្រីណា»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានយករូបភាពដើម ដែលបង្ហោះដោយ គណនេយ្យហ្វេសប៊ុក អានាមិកមួយ មកជូនអ្នកជំនាញ ខាងរូបភាពរបស់ទស្សនាវដ្ដី ដែលធ្វើការនៅក្នុងទីស្នាក់ការ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីធ្វើការពិនិត្យ។ អ្នកជំនាញរបស់ទស្សនាវដ្ដី បានឆ្លើយភ្លាមថា រូបទាំងនេះ ជារូបកាត់ត ប្រសិនបើគេមើល មុខរបស់នាង ទេព បូព្រឹក្ស ដែលមានលក្ខណៈសស្គុស ខណៈសាច់ស្មា និងដើមទ្រូងរបស់រូបនោះ មានលក្ខណៈក្រម៉ៅជាង ដែលមិនអាចជារូបថត ដែលចេញពីមនុស្សតែម្នាក់ឡើយ។ រីឯរូបមួយទៀត ជាការកាត់ត ដែលមានលក្ខណៈខុសទំនងមួយ ឬអាចនិយាយថា អ្នកកាត់ត មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្លំទេ ព្រោះរូបនោះ ក្បាលអ្នកនាង ទេព បូព្រឹក្ស ត្រូវបានកាត់ យកមកដាក់ លើដងខ្លួនអ្នកដទៃ មិនត្រូវកន្លែង។
ចាត់វិធានការ តាមផ្លូវច្បាប់!
ការបង្ហោះរូបភាពរបៀបនេះ កាលពីអំឡុង ដើមខែមករាកន្លងទៅ ត្រូវបានតារាចម្រៀងព្រមានរួចហើយ ថានឹងប្ដឹងទៅកាន់តុលាការ ដើម្បីស្វែងរកអ្នកបង្ហោះនេះ មកផ្ដន្ទាទោស។ ប៉ុន្តែនៅថ្ងៃទី១៦ ខែកក្កដានេះ អ្នកនាង បូព្រឹក្ស បានថ្លែងប្រាប់ គេហទំព័រក្នុងស្រុកមួយថា ក្រុមគ្រួសាររបស់នាង កំពុងរៀបចំសំណុំបែបបទ ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ទេព បូព្រឹក្ស ជាតារាចម្រៀងសំណព្វថ្មី របស់ក្រុមហ៊ុន ហង្សមាស ដ៏ធំរបស់ប្រទេសកម្ពុជា។ តារាវ័យក្មេង ទទួលបានភាពល្បីល្បាញ ដោយសារសម្លេង ដ៏ទាក់ទាញរបស់នាង នៅក្នុងវិស័យចម្រៀងនេះ ហើយក៏មានមនុស្សជាច្រើន បានចូលចិត្ត និងគាំទ្រនាងដែរ៕