អ្នកកាសែតមួយរូប ស្នើក្លឹបអ្នកកាសែតកម្ពុជា «កុំចេញតែសេចក្ដីថ្លែងការណ៍»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: សិទ្ធិព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ស្រ៊ុន ទិត្យ អ្នកសារព័ត៌មានប្រចាំទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្លឹបអ្នកកាសែតកម្ពុជា ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ឲ្យជម្រុញវិធានការ«ក្តៅ» ប្រឆាំងនឹងការប្រើអំពើហិង្សា គម្រាមកំហែង ឬប៉ងសម្លាប់ មកលើអ្នកសារព័ត៌មាន និងដាក់ទោសលើជនដៃដល់តាមច្បាប់ជាធរមាន។
អ្នកសារព័ត៌មានរូបនោះ បានចង្អុលចំៗទៅក្លឹបអ្នកកាសែត ថាមិនគួរចេញតែសេចក្តីថ្លែងការណ៍ ដើម្បីឲ្យតែរួចខ្លួន និងសង្ងំសុខតែឯងនោះទេ។ លោកបានស្នើថា ក្នុងនាមខ្លួនជាម្តាយ (ក្លឹបអ្នកការសែត) ត្រូវតែសហការជាមួយខាងឪពុក (ក្រសួងព័ត៌មាន) ដើម្បីមានជំនួបពិភាក្សា ជាមួយក្រសួងមហាផ្ទៃ ក្នុងការលប់បំបាត់បញ្ហានីទណ្ឌភាព មកលើកូនរបស់ខ្លួនទៀត (អ្នកសារព័ត៌មាន) ហើយត្រូវបង្កើតឲ្យមានសេចក្តីសម្រេចរួមមួយ ពីស្ថាប័នទាំងបី ឲ្យបញ្ឃប់ការប្រើហឹង្សា គម្រាមកំហែង ឬប៉ងសម្លាប់ មកលើអ្នកសារព័ត៌មាន និងផ្ដន្ទាទោសលើជនដៃដល់តាមច្បាប់ជាធរមាន។
«កោកៗ សិកតែមាត់ត្រដោក ឆ្អែតឯពោះក្របីឆ្កុយ»
ការថ្លែងរបស់លោក ស្រ៊ុន ទិត្យ បានធ្វើឡើង បន្ទាប់ពីលោកបានអានសេចក្ដីថ្លែងការណ៍ជាហូរហែរ របស់ក្លឹបអ្នកកាសែតកម្ពុជា ជាពិសេសនៅក្នុងព្រឹត្តិការណ៍ចុងក្រោយ កាលថ្ងៃទី២២ ខែធ្នូ កន្លងមកនេះ ទៅលើអ្នកសារព័ត៌មានក្នុងស្រុកបួននាក់ផ្សេងទៀត។ រួមចំណែកក្នុងវិជ្ជាជីវះជាអាជីពជាមួយគ្នា លោក ស្រ៊ុន ទិត្យ បានត្អូញត្អែរថា ខ្លួនលោកតែងរងការសម្លុតគម្រាមកំហែងពីអាជ្ញាធរ តែមិនត្រូវបានដោះស្រាយ និងអន្តរាគមន៍ ពីថ្នាក់លើនៃមន្រ្តីពាក់ព័ន្ធទាំងនោះឡើយ។ លោកបានរៀបរាប់ថា ផ្ទុយទៅវិញ ក្រុមមន្រ្តីទាំងនោះ តែងតែចោទប្រកាន់មកលើក្រុមអ្នកសារព័ត៌មានថា ធ្វើខុសវិជ្ជាជីវៈទៅវិញ។
សូមរំលឹកពីព្រឹត្តិការណ៍មួយមកជម្រាបថា លោក ស្រ៊ុន ទិត្យ ត្រូវបានក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប៉ុនប៉ងឆក់យកម៉ាស៊ីនថតវីដេអូ នៅពេលដែលលោកបានចុះទៅយកព័ត៌មាន ក្នុងព្រឹត្តិការណ៍វាយបំបែកការជួបជុំរបស់ក្រុមយុវជន នៃបណ្ដាញអង្គការមាតាធម្មជាតិកម្ពុជានៅរមណីយដ្ឋានវត្តភ្នំ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមក។ សូមទស្សនាវីដេអូរបស់វិទ្យុអាស៊ីសេរី ដែលថតបានពីព្រឹត្តិការណ៍នោះដូចតទៅ៖
អ្នកកាសែតដដែល បានរៀបរាប់ថា៖ «កន្លងមកអ្នកសារព័ត៌មាន តែងតែយកព័ត៌មាននៅតាមទីសាធារណៈ តែងតែត្រូវក្រុមសន្តិសុខខណ្ឌ ដេញវាយ ទាត់ធាក់ រហូតឈានដល់ការប្លន់យកម៉ាស៊ីថត ជាកម្មសិទ្ធិ យកកាច់ចោលជាដើម។ ឯអ្នកដឹកនាំក្រុមទាំងនោះ មិនដែលចេញមុខដោះស្រាយ ឬទទួលស្គាល់កំហុសដែលធ្វើខុសនោះឡើយ បើទោះជាអំពើបំពានទាំងកំរោល ដែលបានស្តែងជាសាធារណៈក៏ដោយ។»
លោកបានបន្តទាំងតូចចិត្តថា អ្នកសារព័ត៌មានមិនមែនជាសត្រូវ របស់អ្នកណា ក្រុមណា ឬបក្សណាមួយឡើយ។ អ្នកសារព័ត៌មានគ្រាប់តែចង់បង្ហាញ នូវព្រឹត្តការណ៍ សង្គមជាតិជាក់ស្តែង ដែលមិនគួរកើត ឬមិនគួរមាន ឲ្យបានឮទៅដល់សាធារណៈជន តែប៉ុណ្ណោះ។ ការងារអ្នកសារព័ត៌មាន មិនមែនប្រឆាំង ឬរារាំងមិនឲ្យក្រុមណាមួយ អនុវត្តការងាររបស់ខ្លួន ដែលត្រៀមគម្រោងរួចនោះឡើយ៕
» សូមអានអត្ថបទទាក់ទង ដោយចុចនៅលើទីនេះ។