ម៉ម សូណង់ដូ ថាមិនខ្លាចការវាយតប់ តែពលរដ្ឋ២នាក់បែកក្បាល
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានវត្តមាននៅក្បែរស្ពាននាគ លោក ម៉ម សូណង់ដូ បានថ្លែងថា លោកមិនខ្លាចចំពោះការវាយតប់ មកលើរូបលោកឡើយ។ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងខណៈពេល ដែលប្រជាពលរដ្ឋជាច្រើនសិបនាក់ បានធ្វើបាតុកម្មទាមទារហ្រ្វេកង់ទូរសទស្សន៍ និងបង្កើតកម្លាំងផ្សាយនៅតាមខេត្តឆ្ងាយៗ នៅទីលានប្រជាធិបតេយ្យនាថ្ងៃទី៣១ ខែមីនា នេះ។
លោក ម៉ម សូណង់ដូ នៅស្ពាននាគ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
បាតុកម្ម - ទោះបីមានការហាមឃាត់ ពីសាលារាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកគាំទ្រ នៅតែបានប្រមូលគ្នាមកជុំដើម្បីធ្វើការទាមទារ ឲ្យមានការបន្ថែមកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត និងការទាមទារហ្រ្វេកង់ទូរសទស្សន៍ ជាដើម។
នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ គេសង្កេតឃើញមានការដាក់ពង្រាយ នូវកងកម្លាំងប្រដាប់អាវុធចម្រុះ និងសន្តិសុខសាលាខណ្ឌដូនពេញ សឹងពាសពេញនៅលើទីតាំងនៃទីលានប្រជាធិបតេយ្យ រហូតដល់ស្ពានក្បាលនាគ។ បន្ទាប់ពីប្រជាពលរដ្ឋចាប់ផ្ដើមប្រមូលគ្នាបន្តិចម្ដងៗ ភាពតានតឹងបានកើតមានឡើង រហូតមានការវាយដំមកលើពលរដ្ឋ បណ្ដាលឲ្យមានរបួស និងខូចខាតសម្ភារៈបន្តិចបន្តួច។
តាមសេចក្តីរាយការណ៍ពីអ្នករាយការណ៍របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលសម្តែងមតិទាមទារនេះ ប្រជាពលរដ្ឋយ៉ាងហោចណាស់ពីរនាក់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានចូលរួមមិនតិចជាង១០០នាក់នោះ បានរងរបួសបែកក្បាល ខណៈពេលដែលក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ បំបែកពួកគេមិនឲ្យប្រមូលផ្តុំគ្នា នៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ។ ពេលនេះ អ្នករបួសទាំងពីរនាក់ត្រូវបានដឹក ទៅសុំឲ្យអង្គការលីកាដូ ជួយព្យាបាល។
សូមរម្លឹកថាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤កន្លងមកថ្មីៗនេះ ប្រធានវិទ្យុសំបុកឃ្មុំ និងអ្នកគាំទ្រជាងពីររយនាក់បានធ្វើបាតុកម្មម្តងរួចមកហើយ ដើម្បីទាមទារហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំ បន្តទៅតាមខេត្ត នៅខាងមុខក្រសួងព័ត៌មាន។ បាតុកម្មនៅពេលនោះ ត្រូវបានក្រុមអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់គ្រាប់បែកផ្សែង បាញ់ទៅលើក្រុមប្រជាពលរដ្ឋ ដើម្បីបំបែកការតវ៉ា បង្កឲ្យមានប្រជាពលរដ្ឋជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។ ដោយឡែកលោក ម៉ម សូណង់ដូ នៅពេលនោះ ត្រូវបានគេគ្រាហ៍គេចចេញពីការបង្ក្រាបនោះ បើទោះជាលោកប្រាប់គេ កុំឲ្យយកលោកចេញពីកន្លែងនោះក៏ដោយ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី និង ក. នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៣១ មីនា ២០១៤