ឈឹម ផលវរុណ ចោទ សម រង្ស៊ី ថា​ជា​មេ​ដឹកនាំ​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល

អ្នកវិភាគនយោបាយ របស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានហៅលោក សម រង្ស៊ី មេដឹកនាំ​គណបក្សសង្រ្គោះជាតិ ថាបានដឹកនាំគណបក្សរបស់លោក ប្រឆាំងរដ្ឋាភិបាលគ្រប់គ្រង ដោយគណបក្សប្រជាជន​កម្ពុជា តាមបែបឧទ្ទាមដោយមហិច្ឆិតាផ្ទុយពីច្បាប់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកវិភាគនយោបាយ របស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានហៅលោក សម រង្ស៊ី មេដឹកនាំ​គណបក្សសង្រ្គោះជាតិ ថាបានដឹកនាំគណបក្សរបស់លោក ប្រឆាំងរដ្ឋាភិបាលគ្រប់គ្រង ដោយគណបក្សប្រជាជន​កម្ពុជា តាមបែបឧទ្ទាមដោយមហិច្ឆិតាផ្ទុយពីច្បាប់។


លោក ឈឹម ផលវរុណ នៅក្នុងកម្មវិធីវិភាគមួយ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្ដ។ (រូបថតផ្ដិតពីវីដេអូទូរទស្សន៍)

នយោបាយ - លោក ឈឹម ផលវរុណ បានអត្ថាធិប្បាយថា កាលដែលលោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះ​ជាតិ ដឹកនាំអ្នកគាំទ្រមិនឲ្យទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់ និងជំទាស់ព្រះមហាក្សត្រ គឺបានបង្ហាញថា មេ​ដឹកនាំ​គណបក្សជំទាស់នេះ កំពុងធ្វើនយោបាយតាមបែបឧទ្ទាមនិយម។ នេះបើយោងតាមកម្មវិធី បទសម្ភាសន៍លើ​ទូរទស្ស​ស៊ីអិនស៊ី (CNC) នៅថ្ងៃទី៣០ មីនា ដែលដឹកនាំដោយលោក ជុំ កុសល ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ឈឹម ផលវរុណ។

ក្នុងបទសម្ភាសន៍ដដែលនោះ លោកឈឹម ផលវរុណ ដែលត្រូវបានមជ្ឈដ្ឋាន អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ហៅ​ថាអ្នកវិភាគលើកជើង បានពន្យល់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ទៅកាន់ប្រទេសផ្សេងៗ កុំឲ្យផ្តល់ជំនួយ និងទិញផលិតផលមកពីកម្ពុជានោះ គឺជាការមិនឲ្យតម្លៃជាតិ និងពលរដ្ឋខ្លួនឯង។ លោក ឈឹម ផលវរុណ បញ្ជាក់​ថា៖ «ពួកឧទ្ទាម មិនដែលទទួលស្គាល់ប្រមុខរដ្ឋ រដ្ឋាភិបាល ស្ថាប័នផ្សេងៗ និងច្បាប់ទម្លាប់ទាំងអស់។»

រហូតមកដល់ពេលនេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង៥៥រូប របស់គណបក្សសង្រ្គោះជាតិ នៅបន្តធ្វើពហិការ​មិនចូលប្រជុំសភា និងបដិសេធលទ្ធផលបោះឆ្នោតសកល កាលពីខែកក្កដា ឆ្នាំ២០១៣ នៅឡើយ។ លើសពី​គោល​ជំហរទាំងនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ អះអាងជាថ្មី នៅចំពោះមុខអ្នកគាំទ្រ ថ្ងៃទី៣០ ខែមីនា ថា គណបក្សសង្រ្គោះជាតិនៅតែទាមទារ ឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតី​ចំពោះដំណើរការ​បោះ​ឆ្នោត ហើយក៏ទាមទារ រៀបចំការបោះឆ្នោតឡើងវិញ នៅមុនបញ្ចប់អាណត្តិ ក្រោយការកែទម្រង់ស្ថាប័នបោះឆ្នោត ត្រូវបានបញ្ចប់។

អ្វីជាការវិភាគនយោបាយ«បោកប្រាស់» ...

មេធាវី និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ សំអឿន បានពន្យល់ថា គេត្រូវប្រុងប្រយ័ត្ន និងបែង​ចែកឲ្យច្បាស់ រវាងអ្វី ជាការដឹកនាំប្រឆាំងរដ្ឋាភិបាល តាមបែបឧទ្ទាម និងអ្វីជាការតវ៉ាផ្នែកនយោបាយ តាមបែប​ប្រជាធិបតេយ្យ ខណៈប្រជាពលរដ្ឋកម្ពុជា អាចយល់ដឹងបាន ថាអ្វីជាការវិភាគនយោបាយ«បោកប្រាស់» និងអ្វីជា​ការពិត។

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា រូបនេះ បញ្ជាក់ថា៖ «ឧទ្ទាម ទាល់តែមានកម្លាំងទ័ពព្រៃប្រឆាំងរដ្ឋាភិបាល។ (...) តែបើគ្រាន់តែគេមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោត ហៅគេឧទ្ទាម ឬយ៉ាងម៉េច? ធ្វើឲ្យមនុស្សយល់ច្រឡំទេដឹង? អាស្រ័យលើប្រជាពលរដ្ឋគាត់ស្តាប់។ ឥឡូវសង្គមខ្មែរខុសពីមុន ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងច្រើន និងមាន​សេចក្តីក្លាហាន៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...