សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

«យើងឃើញសេរីភាពយើង ដែលជាប់នៅអន្ទាក់នៃរបាសបន្លាលួស បន្លាលួសនេះ គឺជាបន្លាដែលចងជាប់​សេរីភាព​របស់យើង» នេះជាការថ្លែងឡើងរបស់លោកស្រី មូរ សុខហួរ ខណៈពេលអ្នកស្រីបានព្យាយាមទៅបញ្ចេញមតិ នៅ​លើទីលានប្រជាធិបតេយ្យ និងយកផ្កាឈូកពណ៌ស ដែលជាតំណាងឱ្យភាពស្មោះស សន្តិភាព និងលិទ្ធិ​ប្រជាធិបតេយ្យ​ យកទៅដោតជាប់បន្លាលួស ដែលអាជ្ញាធរធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចូលក្នុងទីលាន​ប្រជាធិតេយ្យ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងឃើញសេរីភាពយើង ដែលជាប់នៅអន្ទាក់នៃរបាសបន្លាលួស បន្លាលួសនេះ គឺជាបន្លាដែលចងជាប់​សេរីភាព​របស់យើង» នេះជាការថ្លែងឡើងរបស់លោកស្រី មូរ សុខហួរ ខណៈពេលអ្នកស្រីបានព្យាយាមទៅបញ្ចេញមតិ នៅ​លើទីលានប្រជាធិបតេយ្យ និងយកផ្កាឈូកពណ៌ស ដែលជាតំណាងឱ្យភាពស្មោះស សន្តិភាព និងលិទ្ធិ​ប្រជាធិបតេយ្យ​ យកទៅដោតជាប់បន្លាលួស ដែលអាជ្ញាធរធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចូលក្នុងទីលាន​ប្រជាធិតេយ្យ។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

សេរីភាព - ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ ការបិទ​ច្រកចេញចូលទីលានប្រជាធិបតេយ្យនេះដែរ ស្របពេលដែល លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រ​ជាប់​ឆ្នោត មណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ព្យាយាមមកបញ្ចេញមតិ នៅ​លើទីលានប្រជាធិបតេយ្យ និង​ការរក្សាជំហរសហព័ន្ធសហជីព សមាគម និងកម្មករកាត់ដេរ គ្រោងនឹងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទី​នោះផងដែរ។

លោកស្រី មូរ សុខហួរ ដែលបានប្តេជ្ញានឹងមកទីលានប្រជាធិបតេយ្យ ជារៀងរាល់ថ្ងៃ បានលើកឡើងថា រដ្ឋាភិបាល​គ្រប់គ្រងដោយគណបក្សប្រជាជន បានយកទីលានប្រជាធិបតេយ្យ ដាក់ទៅជាចំណាត់ខ្មាំងហើយ ហើយលោកស្រី បានចាត់ទុកថា នោះជាការគ្រប់គ្រងរបស់អ្នកកាន់អំណាច តែមិនមែនគ្រប់គ្រង​ដោយច្បាប់ទៀតទេ។ លោកស្រី បាន​ថ្លែងទៀតថា៖ «បិទទីលានប្រជាធិបតេយ្យ ជាការបិទដោយខុសច្បាប់រដ្ឋធម្មនុញ្ញ ខុសនឹងច្បាប់ធ្វើបាតុកម្ម​ដោយ​សន្តិវិធី។»

សូមរំលឹកដែរថា ក្រោយពីការបង្ក្រាបកម្មករ នៅផ្លូវវ៉េងស្រេង នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងការបង្ក្រាប​បាតុករ​​របស់​គណបក្សសង្គ្រោះជាតិ កាលពីដើមខែមករាមក ទីតាំងមួយនេះ ត្រូវបានក្រសួងមហាផ្ទៃបានចេញ​សារាចរណ៍​កាល​ពីថ្ងៃទី៤ ខែមករា ហាមការប្រមូលផ្តុំនានានៅទីនោះ ក្រោមហេតុផលថា ការពារផលប្រយោជន៍​ប្រជាពលរដ្ឋ និងស្ថិតក្រោមស៊ើប ស្រាវជ្រាវ។ ក្រោយពីការចេញបម្រាមនោះ កងកម្លាំងរបស់សមត្ថកិច្ចជាច្រើន និងគ្រប់រូបភាព តែងបានចេញបង្ក្រាបជាញឹកញាប់ លើការប្រមូលផ្តុំរបស់អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋមាន​ជម្លោះដីធ្លី និងកម្មករជាដើម។

លោកអំ សំអាត អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស នៃអង្គការលីកាដូ បានហៅការដាក់របងលួស​នៅលើទីលាន​ប្រជាធិបតេយ្យនេះ ថាបានបង្ហាញពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែធ្លាក់ដុនដាបខ្លាំងទៅហើយ។ លោក​បានថ្លែងឲ្យដឹងទៀតថា «ឥលូវនេះ ទីលានប្រជាធិបតេយ្យនេះ ត្រូវបានប្រកាសអាសន្នហើយ អញ្ចឹងខ្ញុំគិតថា​សិទ្ធិ​មនុស្សនៅកម្ពុជា ក៏កំពុងស្ថិតក្នុងការប្រកាសអាសន្នដូចគ្នាអញ្ចឹង។»

លោកពន្យល់បន្ថែមថាប្រទេសកម្ពុជា ជាប្រទេសមួយដែលបានផ្តល់សច្ចាប័នលើ កតិកាសញ្ញា ស្តីអំពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ ហើយជាពិសេស ក៏បានទទួលស្គាល់សេចក្តីថ្លែងការណ៍ ស្តីអំពី​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ រីឯរដ្ឋធម្មនុញ្ញរបស់កម្ពុជាឆ្នាំ១៩៩៣ បានទទួលស្គាល់នូវបទដ្ឋាន​អន្តរជាតិ​ទាំងអស់ និងបានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយថាបានទទួលស្គាល់ និងការពារសិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ការជួបជុំ ការប្រមូលផ្តុំ ឬការធ្វើបាតុកម្មដោសន្តិវិធីរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់ស្រទាប់វណ្ណៈ រាប់​តាំងពីតំណាងរាស្រ្ត របស់ដល់ប្រជាពលរដ្ឋធម្មតា។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូរូបនេះ បានបញ្ជាក់យ៉ាងដូចច្នេះទៀតថា៖ «ប៉ុន្តែ​នៅពេលនេះយើងឃើញថា រដ្ឋាភិបាលដើរតួនាទីផ្ទុយ ឬក៏កំពុងតែប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញខ្លួនឯង ដែល​ធានានូវ​សិទ្ធិសេរីទាំងនេះ។ អាជ្ញាធរ និងរដ្ឋាភិបាលកំពុងរារាំង និងបំបិទសិទ្ធិទាំងអស់នេះវិញ ដែលបញ្ជាក់ថាកម្ពុជាកំពុង​ដើរវិល​ត្រលប់ទៅរករបបកុម្មុយនិសវិញ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...