អភិបាលខណ្ឌដូនពេញ ស្វាគមទទួលបណ្តឹងរបស់ មួរ សុខហួរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ប្តឹង? ឲ្យដាក់សិនមក រឿងស្អី ខ្ញុំមិនទាន់ដឹងរឿងអ្វីផង» នេះជាការថ្លែងបញ្ជាក់យ៉ាងខ្លីរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ពីបញ្ហានៃការគ្រោងដាក់ពាក្យបណ្តឹងប្តឹង លោក សុខ ពេញវុធ ដែលជាសេនាធិការផ្ទាល់របស់ខ្លួនលោក ដោយលោកស្រី មួរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។
លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខសាលារាជធានី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ប្រព័ន្ធច្បាប់ - ជាមួយនឹងគម្រោងប្តឹងព្យួតំណែង ឬព្យួរការងាររបស់លោកសុខ ពេញវុធ ដោយមេធាវីគណបក្សសង្គ្រោះជាតិ និងលោកស្រីមួរ សុខហួរ ទៅកាន់ថានានុក្រមរដ្ឋបាល និងទៅកាន់តុលាការនោះ ត្រូវបានលោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញលើកឡើងយ៉ាងខ្លីថា លោកទទួលស្វាគមចំពោះពាក្យបណ្តឹងនោះ។
ចំណែកមេធាវីអមសាលាដំបូងរាជធានីភ្នំពេញលោក សួង ចាន់ថន សុំមិនបំភ្លឺលើករណីនេះទេ ព្រោះលោកមិនទទួលកាន់រឿងនេះ។ តែអតីតមេធាវីអមសាលាដំបូងរាជធានីភ្នំពេញមួយរូបទៀត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហាញតាមផ្លូវច្បាប់ថា ករណីនេះមិនថាតែលោកស្រីមួរ សុខហួរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទេ ប្រជាពលរដ្ឋធម្មតាក៏អាចប្តឹងពីសកម្មភាព នៃការប្រើប្រាស់នូវហិង្សា ពីសំណាក់អាជ្ញាធរមូលដ្ឋាននៅទីសាធារណៈទៅលើប្រជាពលរដ្ឋស្លូតត្រង់បានដែរ។ មេធាវីរូបនោះ បានបញ្ចាក់ដូច្នេះថា៖ «ធម្មតាក្នុងករណីបទល្មើសជាក់ស្តែងនៅតាមកន្លែងមួយៗ អាចដំណើរការនីតិវិធីនេះ តាមរយៈប៉ូលីសយុត្តិធម៌ និងទៅកាន់តុលាការ»។
សូមរម្លឹកថា តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង លោកស្រី មូរ សុខហួរ បានប្រកាសគ្រោងដាក់ពាក្យបណ្តឹងក្នុងសប្តាហ៍ក្រោយ ដើម្បីស្នើឲ្យមានការដកតំណែង ជាអភិបាលរងខណ្ឌដូនពេញរបស់លោក សុខ ពេញវុធ ទៅតាមបែបបទរដ្ឋបាល ជាមួយពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ។ លោកស្រីបានបញ្ជាក់ នៅក្នុងសន្និសិទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នាស្នាក់ការគណបក្សសង្កាត់ចាក់អង្រែលើថា លោកស្រីនឹងធ្វើបណ្តឹងជាពីរផ្នែក មួយទៅតាមឋានានុក្រមរដ្ឋបាល ដើម្បីឲ្យមានការដកហូត ឬព្យួរនូវតួនាទី និងបណ្តឹងទីពីរ ប្តឹងទៅកាន់តុលាការ ដោយមេធាវីនៃគណបក្សសង្គ្រោះជាតិពីបទ «ប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា» ទាំងនៅទីលានប្រជាធិបតេយ្យ ទាំងនៅទីសាធារណៈដទៃទៀតនាពេលកន្លងមក និងពេលបច្ចុប្បន្ន។
ករណីឈានដល់មានការប្តឹងឲ្យមានការដកហូត ឬព្យួតំណែងលោក សុខ ពេញ វុធ ជាជំហានទីមួយនេះ លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ដោយសារគ្រប់ករណីទាំងអស់ នៅពេលមានការជួបជុំ មិនថាតិច ឬច្រើននាក់ ឬក៏មានតែលោកស្រីម្នាក់ លោកស្រីតែងតែឃើញ«វត្តមាន»លោក សុខ ពេញវុធជាអ្នកបញ្ជារផ្ទាល់។ លោកស្រីបានបន្តថា ពេលខ្លះក្រុមទាំងនោះទំនងជាមិនចង់ធ្វើតាមទេ តែលោកសុខ ពេញវុធនេះ បានប្រើប្រាស់នូវពាក្យអាក្រក់ៗទៅកាន់ក្រុមទាំងនោះ ពិសេសមកលើលោកស្រី ដែលជាតំណាងរាស្រ្តជាប់ឆ្នោតតែម្តង និងពេលខ្លះអនុវត្តខ្លួនឯងតែម្តងក៏មានដែរ។ ករណីមួយទៀត ដោយសារតែលើកនេះ ក្រុមដែលទទួលបញ្ជារពីលោក សុខ ពេញវុធ បានប្រើហឹង្សាមកលើតំណាងរាស្រ្តជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់ពីលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែក្នុងកិច្ចសម្ភាសជាមួយសារព័តមានដើមអំពិល លោកបានបញ្ជាក់ថា លោកមិនបានបញ្ជាឲ្យមានការប្រើប្រាស់នូវហិង្សានោះទេ។ ជាមួយគ្នានេះ លោកក៏ឲ្យក្រុមអ្នកចោទប្រកាន់លោក បង្ហាញនូវភស្តុតាងដែលបញ្ជាក់ថា លោកជាអ្នក«បញ្ជា» ឲ្យមានការប្រើប្រាស់នូវហិង្សាទាំងនោះ។
មន្រ្តីដែលស្និតនឹងគណបក្សប្រជាជនកម្ពុជាមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើការទទួលស្គាល់ថា ការដាក់ពាក្យបណ្តឹងប្តឹងលោក សុខ ពេញវុធ នេះត្រឹមត្រូវ ពិសេសប្តឹងលើជនដៃដល់ និងអ្នកបញ្ជាផ្ទាល់។ លោកបានបន្តថា «បើមិនប្តឹង សុខ ពេញវុធទេ ថ្ងៃក្រោយនៅតែដើរវាយគេវាយឯងអញ្ចឹង។ (…) មានការបញ្ជាតាមឋានានុក្រមពីសាលាក្រុងមក ខ័ណ្ឌ។ (…) បើគ្មានបញ្ជា គ្មានការផ្តល់នូវដាវអាជ្ញាសិកទេ ក៍មិនហ៊ានធ្វើដែរ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ មេសា ២០១៤