ហ៊ុន សែន ថា​មិន​ខ្វល់​នឹង​បរទេស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា លោកមិនខ្វល់ខ្វាយចំពោះការទទួលស្គាល់  ឬមិនទទួលស្គាល់ ពីសំណាក់បរទេសណាមួយ ទៅលើការបោះឆ្នោត នៅកម្ពុជានោះឡើយ។ លោក ហ៊ុន សែន បញ្ជាក់ថា សំខាន់ឲ្យតែប្រជាពលរដ្ឋខ្មែរ​ទទួលស្គាល់នោះ វាជាការស្រេចតាមច្បាប់របស់កម្ពុជា។
ហ៊ុន សែន ថា​មិន​ខ្វល់​នឹង​បរទេស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត
លោក ហ៊ុន សែន (រូបថតពាក់អាវខៀវ) និងកូនៗរបស់លោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺតម្រូវឲ្យតែប្រជាជនកម្ពុជាទទួលស្គាល់ វា«​ចប់សព្វគ្រប់ហើយ»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីជួបជាមួយយុវជនអាស៊ាន-ជប៉ុន ចំនួន៣៦២នាក់​ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបានហៅការព្រមានទាំងឡាយ ពីសំណាក់បរទេសទាំងឡាយ ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកថា៖ «កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង ទុកឲ្យយើងសម្រេចកិច្ចការរបស់យើង។ គ្មាននរណាស្គាល់យើង ជាងយើងទេ។ យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងចាត់តាំងការបោះឆ្នោត ជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។»។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបន្តថា៖ «ទោះបីអ្នកណាជួយ ឬ មិនជួយ វាមិនសំខាន់សម្រាប់យើងទេ។ ទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ ច្បាប់យើងខ្ញុំតម្រូវឲ្យប្រជាជនកម្ពុជាទទួលស្គាល់ គឺចប់សព្វគ្រប់ហើយ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយបញ្ហាចុងក្រោយ (...) ព្រះមហាក្សត្រកោះប្រជុំ គឺជារឿងរួចរាល់ មិនចាំបាច់អ្នកណា ចោទថា ត្រូវទទួលស្គាល់ ឬអត់ទទួលស្គាល់ យើងអត់ត្រូវការទេ។»។

ចំណាត់ការពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលចុងក្រោយ ទៅលើការចាប់ខ្លួនប្រធានគណបក្សប្រឆាំងដាក់ឃុំ និងជំហានទៅរំលាយគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា បានរងការរិះគន់ខ្លាំងក្លា ពីសំណាក់បណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា នៅជុំវិញពិភពលោក។ ប្រទេសមហាអំណាចពិភពលោក និងតំបន់ ដូចជា សហភាពអ៊ឺរ៉ុប អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា ឬក៏អូស្ត្រាលីជាដើមនោះ បានព្រមានទុកជាមុន អំពីមន្ទិលចំពោះ​ភាពស្របច្បាប់ នៃការបោះឆ្នោត​នាពេលខាងមុខ ប្រសិនណាជាស្ថានភាពនយោបាយ មិនបានវិលមករកប្រក្រតីភាព និងលំហសេរីភាព តាមបែបប្រជាធិបតេយ្យ មិនត្រូវបានបើកទូលាយទេនោះ។

ប្រទេសចិន ដែលជាប្រទេសមហាអំណាចតំបន់ និងជាមិត្តយុទ្ធសាស្ត្ររបស់កម្ពុជា មិនបានបញ្ចេញជំហរ​ជាផ្លូវការ​របស់ខ្លួន នៅចំពោះវិបត្តិនយោបាយខាងលើនេះទេ។ តែតាម​រយៈ​សារព័ត៌មានផ្លូវការរបស់ខ្លួន ឈ្មោះ «the Global Times» គណបក្សកុម្មុយនីស្ដ៍ចិន​ហាក់ចង់បញ្ជាក់ឲ្យដឹង ពីក្ដីបារម្ភរបស់ខ្លួន នៅចំពោះការធ្លាក់ចុះដុនដាប នៃស្ថានភាពនយោបាយ ដែលនឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចកម្ពុជា ជាពិសេសចំពោះការវិនិយោគ ដែលវិនិយោគិនចិនជាច្រើន កំពុងដាក់ទុនចូលរកស៊ី នៅក្នុងប្រទេសកម្ពុជា។ 

លំហទីផ្សារនាំចេញ

ទោះជាអ៊ឺរ៉ុប និងអាមេរិក មិនបានព្រមានដោយផ្ទាល់ក៏ដោយ  តែមន្ត្រីជាន់ខ្ពស់ របស់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រលយពាក្យជាច្រើន អំពីការប៉ះពាល់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងផងខ្លួន និងប្រទេសកម្ពុជា ដោយសារតែអ៊ឺរ៉ុប និងអាមេរិក ជាលំហទីផ្សារនាំចេញរបស់កម្ពុជា ធំជាងគេបង្អស់ នៅលើពិភពលោក ហើយក៏បានផ្ដល់ការងារ ឲ្យប្រជាជនកម្ពុជា ច្រើនម៉ឺនសែននាក់នោះដែរ។

កាលពីឆ្នាំ២០១៦ ប្រទេសកម្ពុជាបាននាំទំនិញចេញ ក្នុងទំហំទឹកប្រាក់ ប្រមាណជាង ៤ពាន់លានដុល្លារ ទៅកាន់សហភាពអឺរ៉ុប និង ២,‌១ ពាន់លានដុល្លារទៅការសហរដ្ឋអាមេរិក។ ក្នុងឆ្នាំដដែលនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន កើនឡើង ៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៨២៧ លានដុល្លារ ខណៈដែលការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន កើនឡើង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំ មានតម្លៃ ៦០៩ លានដុល្លារ។ បើប្រៀបធៀបទៅនឹងប្រទេសថៃវិញ ការនាំចេញមានតម្លៃ ៩៣៧ លានដុល្លារ។

លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានថ្លែងទទួលស្គាល់ កាលពីខែកញ្ញាថា៖ «យើងព្រួយបារម្ភអំពីរឿងមួយ គឺថាមានការជំរុញមួយ នៅក្នុងសភាអាមេរិក [និងសហភាពអ៊ឺរ៉ុប] ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច»។ លោកបន្តថា៖ «ប្រសិនបើអាមេរិក ធ្វើរឿងនេះពិតមែន សហរដ្ឋអាមេរិកនឹងជំរុញ ឲ្យសហភាពអឺរ៉ុប ចូលរួមធ្វើជាមួយខ្លួនដែរ»។

មន្ត្រីរដ្ឋាភិបាលរូបនេះ បានប្រមើលមើលថា បើកម្ពុជាប្រឈមនឹងការដាក់ទណ្ឌកម្ម ដែលអាចកើតមានដូចខាងលើ រដ្ឋាភិបាលនៅក្នុងពេលឥឡូវនេះកំពុងស្វែងរកទីផ្សារថ្មីៗទៀត ដើម្បីជំនួសឲ្យលំហទីផ្សារ នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...