ការដក«បម្រាមបាតុកម្ម»ដោយ ហ៊ុន សែន មិនមានប្រសិទ្ធភាព
កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចប្រកាសដកបម្រាមក្នុងការជួបជុំធ្វើបាតុកម្ម ពោលគឺអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម ឬការប្រមូលផ្តុំសម្តែងមតិឡើងវិញ ពីសំណាក់ក្រុមអ្នកតវ៉ា គណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលជាដើម។ តែរហូតមកដល់ពេលនេះ ការធ្វើបាតុកម្ម ឬការប្រមូលផ្តុំរបស់ អង្គការសង្គមស៊ីវិល សហជីព និងសកម្មជនសិទ្ធិមនុស្ស នៅតែទទួលរងការត្បិតត្បៀត និងបំភិតបំភៃនៅឡើយ។
លោក ហ៊ុន សែន (រូបលើកដៃនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)
សិទ្ធិពលរដ្ឋ - នៅព្រឹកថ្ងៃទី០៥ ខែមីនា នេះ យ៉ាងហោចណាស់ ក៏មានស្ត្រីអ្នកបឹងកក់៣នាក់ដែរ ត្រូវបានសន្តិសុខសាលារាជធានីភ្នំពេញ ចាប់ខ្លួន ខណៈពួកគាត់ជាង១០នាក់ បានប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីទទូចឲ្យមានការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយ ជាច្រើនឆ្នាំមកហើយនោះ។ អ្នកស្រី យ៉ោម បុប្ផា ជាតំណាងអ្នកភូមិបឹងកក់ ហើយដែលបានស្ថិតនៅក្នុងហេតុការណ៍ចាប់ខ្លួននោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «ការចាប់ខ្លួននេះ គឺជាការគឃ្លើន ទៅនឹងសម្តីរបស់សម្តេចតេជោ ហ៊ុន សែន»។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ទន្ទឹមនឹងលើកទឹកចិត្តឲ្យមានបាតុកម្មគាំទ្រ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក៏បានថ្លែងសារនយោបាយ ផ្ដាំផ្ញើទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យជួយសម្របសម្រួល ដល់ការធ្វើបាតុកម្ម និងការប្រមូលផ្តុំសម្តែងមតិឡើងវិញ របស់គណបក្សជំទាស់ និងមជ្ឈដ្ឋានមួយចំនួនទៀត ផងដែរ។
តែនៅថ្ងៃទី០៤ ខែមីនា សហជីពចំនួន១៨ បានផ្តេជ្ញាថា នឹងដឹកនាំកម្មករធ្វើបាតុកម្មនៅថ្ងៃទី៨ ខែមិនា នៅទីលានប្រជាធិបតេយ្យ តាមការគ្រោងទុក ក្នុងគោលបំណងទាមទារ ឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំ២១នាក់ និងដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុង១ខែ ដល់កម្មករ។ ការប្ដេជ្ញារបស់ក្រុមសហជីព គឺបន្ទាប់ពីសាលារាជធានីភ្នំពេញ បានបដិសេធការស្នើសុំ របស់ពួកគេ ដោយអះអាងថា រង់ចាំការសម្រេចពីក្រសួងមហាផ្ទៃ។
លោក ជា មុន្នី ប្រធានសហជីសេរីកម្មករកម្ពុជា បានសម្តែងការសោកស្តាយចំពោះគោលជំហររបស់សាលារាជធានីភ្នំពេញ ដែលមិនបានផ្តល់លទ្ធភាពពេញលេញ ដល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ប្រធានសហជីសេរីកម្មករកម្ពុជា រូបនេះបានបញ្ជាក់ថា៖ «ការលើកឡើងរបស់លោក ហ៊ុន សែន មិនអាចយកជាការបានទេ។ កាលពីលើកឡើងនៅខេត្តព្រះសីហនុ គាត់(ហ៊ុន សែន)ថា ដកបម្រាមបាតុកម្ម។ តែការពិតសាលាក្រុងអត់ដកផង។ អញ្ចឹងការលើកឡើងរបស់លោក ហ៊ុន សែន យ៉ាប់ស្តាប់ដែរហ្នឹង!»។
ជុំវិញករណីនេះ អនុប្រធានស៊ើបអង្កេតសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ចាន់ សុវេត បានពន្យល់ថា កម្ពុជាបច្ចុប្បន្នត្រូវយកច្បាប់មកដោះស្រាយបញ្ហា ហើយមិនត្រូវធ្វើការសម្រេចអ្វីមួយ អាស្រ័យលើអ្នកនយោបាយ ឬអ្នកកាន់អំណាចណាម្នាក់នោះទេ។ អនុប្រធានស៊ើបអង្កេតបន្តថា យោងច្បាប់ស្តីពីបាតុកម្មបានកំណត់ ថា អ្នកធ្វើមិនបាច់សុំច្បាប់នោះទេ ដោយគ្រាន់តែជូនដំណឹង ទៅសមត្ថកិច្ចពាក់ព័ន្ធគឺគ្រប់គ្រាន់ហើយ។
លោក ចាន់ សុវេត បញ្ជាក់ថា៖ «ប្រទេសកម្ពុជាមិនទាន់មានសិទ្ធិសេរីភាព គ្រប់គ្រាន់នោះទេ។ សេរីភាពមិនត្រូវកំណត់ដោយបុគ្គលនោះទេ គឺត្រូវកំណត់ដោយច្បាប់។ យកច្បាប់ទៅអនុវត្ត។ ឲ្យគេធ្វើសិនទៅ បើគេធ្វើខុស ប្តឹងគេទៅតុលាការទៅ(...)។ ប៉ុន្តែឥឡូវរដ្ឋាភិបាល ដូចជាខ្លាចការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ។»៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មីនា ២០១៤