កម្ពុជា៖ ពង្រាងច្បាប់ធានាឯករាជ្យភាពរបស់តុលាការ នឹងបញ្ចប់ឆាប់ៗ
សេចក្តីព្រាងច្បាប់ចំនួន៣ ដើម្បីធានាដល់ឯករាជ្យភាពរបស់តុលាការ ដែលអង្គការសង្គមស៊ីវិលបានទទួចចង់ជាយូរមកហើយនោះ នឹងបញ្ចប់នៅសប្តាហ៍នេះ ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា ក្រោយពីលោកនាយករដ្ឋមន្ត្រីបានប្រកាសថា នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់នៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៤។ ច្បាប់ចំនួនបីនោះ មានច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ ច្បាប់ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិក្កៈចៅក្រមនិងព្រះរាជអាជ្ញា។
ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមាណិត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះសេចក្តីព្រាងច្បាប់ចំនួនពីរគឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ចប់សព្វគ្រប់ហើយ ដោយឆ្លងការត់អន្តរក្រសួងចំនួន៣១។ ហើយនៅសប្តាហ៍ក្រោយ បើពុំមានអ្វីកែប្រែទេ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិក្កៈចៅក្រមនិងព្រះរាជអាជ្ញា គណៈរអចិន្ត្រៃយ៍រាជរដ្ឋាភិបាល នឹងត្រូវធ្វើការប្រជុំពិនិត្យមុននិងបញ្ជូនទៅគណៈរដ្ឋមន្ត្រី។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យ៉ាងយូរបំផុតនៅសប្តាហ៍ក្រោយ ច្បាប់ទាំងបីនឹងត្រូវបញ្ចប់ទាំងអស់ ពីព្រោះច្បាប់ទាំងនេះប្រទាក់ក្រឡាគ្នា។ ច្បាប់ទាំងបីនេះ គឺល្អបំផុត គឺបំរើឲ្យវិស័យយុត្តិធម៌កាន់តែល្អ និងធ្វើឲ្យពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធយុត្តិធម៌។»។
ច្បាប់ទាំងបី នឹងចេញក្នុងពេលជាមួយគ្នា
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន លើកទី១៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សេចក្តីព្រាងច្បាប់ចំនួន ៣ ដែលធានាដល់ឯករាជ្យភាពរបស់តុលាការ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិក្កៈចៅក្រមនិងព្រះរាជអាជ្ញា។ លោកបានបន្ថែមថា៖ «ពេលដែលច្បាប់នេះរៀបចំរួចហើយ គណៈរអចិន្ត្រៃយ៍រាជរដ្ឋាភិបាល នឹងត្រូវធ្វើការប្រជុំពិនិត្យឲ្យបានម៉ដ្ឋចត់ មុនឆ្លងគណៈរដ្ឋមន្ត្រី ហើយខ្ញុំមានសង្ឃឹមថាច្បាប់ទាំងបី នឹងត្រូវចេញក្នុងពេលជាមួយគ្នា ដើម្បីធានានៃដំណើរការរបស់តុលាការទាំងមូល ហើយខ្ញុំកំពុងតែរំពឹងថា ប្រហែលជានៅក្នុងឆមាសទី១នេះ ច្បាប់ទាំងបីនេះនឹងចេញ»។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សេចក្តីព្រាងច្បាប់ទាំងបីនោះ នាពេលសព្វថ្ងៃ ត្រូវបានប្រជុំឆ្លងអន្តរក្រសួងរួចហើយ។ ពេលនេះ កំពុងស្ថិតក្នុងដៃឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកពិនិត្យ លើសេចក្តីព្រាងច្បាប់ទាំងនោះ មុននឹងបញ្ជូនទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីអនុម័ត។
យោងទៅតាមរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រា ១២៩ បញ្ញត្តិថា អំណាចតុលាការជាអំណាចឯករាជ្យ អំណាចតុលាការ ធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការ គ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់។ ការជម្រះក្ដីផ្ដល់យុត្ដិធម៌ ត្រូវធ្វើក្នុងនាមពលរដ្ឋខ្មែរតាមនីតិវិធីនិងច្បាប់ ជាធរមាន។ ចៅក្រម ត្រូវបំពេញភារកិច្ច ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
ច្បាប់ជាអាវុធមុខពីរ បើសិនចៅក្រមនៅតែជាសមាជិកគណបក្ស
លោក សុក សំអឿន ជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានឲ្យដឹងថា ជាការប្រសើដែលអនុម័តច្បាប់ទាំងនោះ ប៉ុន្តែច្បាប់គឺជាអាវុធមុខពីរ បើបង្កើតទៅល្អ គឺធ្វើឲ្យតុលាការឯករាជ្យនិងធ្វើឲ្យពលរដ្ឋទទួលបាននូវយុត្តិធម៌ ប៉ុន្តែបើធ្វើសម្រាបតែប្រយោជន៍ក្រុមអ្នកធ្វើច្បាប់នោះ គឺធ្វើឲ្យប្រព័ន្ធតុលាការកាន់តែចុះដុនដាបទៅទៀត។ លោកបានបង្ហាញជំនឿយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាច្បាប់នេះ ដោយសារមានអ្នកនយោបាយពាក់ព័ន្ធនោះ គឺខ្ញុំគិតថាវាមិនឯករាជ្យនោះទេ»។
ចៅក្រមនៅកម្ពុជា អាចជាសមាជិកគណបក្ស ដែលជាសំណួរសម្រាប់ភាពឯករាជ្យនៃប្រព័ន្ធតុលាការ ពេលខ្លះសង្កេតឃើញថា មានការដូចថា បញ្ហាតំណែងតុលាការធំៗ ដូចជាប្រធាន ទាល់តែមានការឯកភាពពីគណបក្ស។ លោក សុខ សំអឿន បានថ្លែងឲ្យដឹងទៀតថា៖ «ប្រព័ន្ធតុលាការនៅកម្ពុជា នឹងអាចមានភាពល្អប្រសើរជាងនេះ ដោយអ្នកជំនាន់ក្រោយជាអ្នកកែប្រែ»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ០( មីនា ២០១៤