សម រង្ស៊ី៖ «រដ្ឋាភិបាលផ្ដាច់ការនឹងចាប់អ្នកទិតៀន ជាចំណាប់ខ្មាំង»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 09, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះគម្រោងជាថ្មី ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលរដ្ឋសភាកម្ពុជាគ្រោងនឹងបើកសម័យប្រជុំ ដើម្បីអនុម័ត្រនៅថ្ងៃចន្ទស្អែកនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានសំដែងក្ដីបារម្ភរបស់លោកថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ អាចនឹងប្រើប្រាស់ច្បាប់នេះ ដើម្បីចាប់ក្រុមអ្នករិះគន់ ធ្វើជាចំណាប់ខ្មាំង។
សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី បានពន្យល់ពីក្ដីកង្វល់ ដូច្នេះថា៖ «រដ្ឋាភិបាលផ្តាច់ការ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់អតីតសហការីរបស់ខ្ញុំ នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលមានឧត្តមគតិដូចខ្ញុំ ព្រមទាំងអ្នកទិតៀនរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ យកធ្វើជាចំណាប់ខ្មាំង ដើម្បីបំបិទមាត់ខ្ញុំ»។
លោក សម រង្ស៊ី បានលាលែងចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីច្បាប់ដដែលនេះ ត្រូវបានត្រូវបានធ្វើវិសោធនកម្ម ជាលើកទីមួយ កាលពីដើមឆ្នាំ ដោយក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ក្រោមបញ្ជារបស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី បានអះអាងនៅពេលនោះថា ការលាលែងរបស់លោក ពីប្រធានគណបក្សប្រឆាំង នឹងជួយសង្គ្រោះគណបក្ស ពីការរំលាយចោល ក្រោមឥទ្ធិពលរបស់ច្បាប់ ដែលទើបនឹងកែថ្មី។
ប៉ុន្តែគម្រោងធ្វើវិសោធនកម្មច្បាប់ ជាលើកទីពីរ នៅក្នុងរយៈពេល មិនដល់៥ខែផងនេះ ត្រូវបានលោក សម រង្ស៊ី ចំអកឲ្យថា ជា«ការលេងសើច» ដើម្បីចង់ដាក់កំហិត តែទៅលើរូបលោកម្នាក់ ក្នុងការប៉ុនប៉ងបញ្ចប់ជីវិតនយោបាយរបស់លោក។
លោក រង្ស៊ី បានបន្តការធ្វើអត្ថាធិប្បាយរបស់លោកទៀតថា៖ «គួរឲ្យអស់សំណើច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា[ទៅ]អាម៉ីអាថោង ក្នុងរដ្ឋសភាទីងមោង ឲ្យបង្កើត "ច្បាប់" មួយ ដែលសំដៅមកលើបុគ្គលម្នាក់តែប៉ុណ្ណោះ គឺរូបខ្ញុំតែម្តង។ សាធារណមតិឃើញច្បាស់ហើយឥលូវនេះ ថា ហ៊ុន សែន ខ្លាចខ្ញុំណាស់ ដោយសារតែខ្ញុំជាសត្រូវ ដ៏ជិតស្និតជាងគេរបស់គាត់ ហើយគ្រាន់តែឈ្មោះខ្ញុំ រូបថតខ្ញុំ សម្លេងខ្ញុំ ស្រមោលខ្ញុំ ឬអ្វីដែលរម្លឹកពីវត្តមានខ្ញុំ ធ្វើឲ្យ ហ៊ុន សែន ដេកមិនលក់។»។
មេដឹកនាំប្រឆាំងធំជាងគេ ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានពន្យល់ថា ច្បាប់ថ្មីនេះនឹងគ្មានឥទ្ធិពលអ្វី ដើម្បីហាមឃាត់លោក មិនឲ្យបង្ហោះផ្សាយពីសារនយោបាយ ឬលាតត្រដាងការពិតនោះឡើយ។ ថ្លែងទៅកាន់សារព័ត៌មាន «ខេមបូឌាដេលី» កាលពីចុងខែកន្លងមក លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «ខ្ញុំនៅតែបន្តលាតត្រដាងការពិត ដោយមិនខ្វល់ថា លោក ហ៊ុន សែន ខឹង ឬមិនខឹងនោះឡើយ»។
ប៉ុន្តែអតីតប្រធានគណបក្សសង្គ្រោះជាតិ បានជឿជាក់នៅថ្ងៃនេះថា ច្បាប់ថ្មីអាចជាមធ្យោបាយរបស់គណបក្សកាន់អំណាច ក្នុងការគាបសង្កត់ ទៅលើក្រុមអ្នករិះគន់ និងក្រុមសមាជិកគណបក្សប្រឆាំង ដែលលោកថា មានឧត្តមគតិដូចលោកនៅក្នុងប្រទេស។ យ៉ាងណា លោក សម រង្ស៊ី បានលើកឡើង ពីការតស៊ូរបស់លោក ដើម្បីខ្លួនលោកទទួលរងថ្មបាក់ តែម្នាក់ឯង។ លោកថា៖ «ខ្ញុំនឹងតស៊ូប្រឆាំងការគំរាមកំហែងរបស់គេ [ដែលមានលក្ខណៈ]យ៉ាងថោកទាបបែបនេះ ហើយខ្ញុំនឹងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យគេថ្កោលទោសតែរូបខ្ញុំម្នាក់ ហើយចង់ដាក់ទណ្ឌកម្ម មកលើតែរូបខ្ញុំម្នាក់»៕