មន្ត្រី គ.ជ.ប ថា គ.ជ.ប នឹង​ឈប់​ជា​«ខ្លា​ក្រដាស»​ដូច​សព្វ​ថ្ងៃ​ទៀត​ហើយ

នេះជាលើកដំបូងហើយ ដែលមន្ត្រីជាន់ខ្ពស់មួយរូប ពីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានថ្លែងទទួលស្គាល់ខ្លួនថា ជា«ខ្លាក្រដាស ឬជាខ្លាងាប់» នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមន្ត្រីរូបនោះ បានសម្ដែង​ការជឿជាក់ថា ស្ថាប័ន គ.ជ.ប នឹងមានអំណាចច្រើនជាងនេះ ប្រសិនបើច្បាប់លើកក្រោយ ប្រគល់ដាវអាជ្ញាសឹក​មក​ឲ្យ គ.ជ.ប ដែលមានវិសាលភាពខ្លាំងដែរនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកដំបូងហើយ ដែលមន្ត្រីជាន់ខ្ពស់មួយរូប ពីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានថ្លែងទទួលស្គាល់ខ្លួនថា ជា«ខ្លាក្រដាស ឬជាខ្លាងាប់» នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមន្ត្រីរូបនោះ បានសម្ដែង​ការជឿជាក់ថា ស្ថាប័ន គ.ជ.ប នឹងមានអំណាចច្រើនជាងនេះ ប្រសិនបើច្បាប់លើកក្រោយ ប្រគល់ដាវអាជ្ញាសឹក​មក​ឲ្យ គ.ជ.ប ដែលមានវិសាលភាពខ្លាំងដែរនោះ។


មន្ត្រី គ.ជ.ប ដែលមានវត្តមាន ក្នុងអង្គប្រជុំថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

គ.ជ.ប - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ជាមួយគណបក្សនយោបាយ ដោយមាន​ការ​ចូលរូម​ពី​អង្គការក្រៅ​រដ្ឋាភិបាល និងអ្នកសារព័ត៌មាននោះផង សមាជិកមួយរូ​ប របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានថ្លែងទទួលស្គាល់ថា គ.ជ.ប ក្នុងសម័យកាលក្រោមការចាត់ចែង​របស់​ពួក​លោក គឺជា«ខ្លាក្រដាស ឬខ្លាងាប់»។ លោក មាន សាទិ មន្ត្រីជាន់ខ្ពស់របស់ស្ថាប័នជាតិ​រៀបចំការបោះ​ឆ្នោតនេះ បានថ្លែងដូច្នេះថា៖​​ «ខ្ញុំសង្ឃឹមថា “ច្បាប់” ក្រោយនឹងខ្លាំង ឲ្យអំណាចទៅ គ.ជ.ប គ្រប់គ្រងលើស្ថាប័ននានា ដើម្បី​ឲ្យក្លាយជា “ខ្លាមែនទែន” កុំឲ្យជា “ខ្លាក្រដាស ឬខ្លាងាប់” ដូចពួកខ្ញុំទៀតបាទ!»។

ការថ្លែងដែលឈានទៅដល់ ការទទួលស្គាល់ដោយខ្លួនឯង ថាជា “ខ្លាក្រដាស ឬខ្លាងាប់”នេះ បានធ្វើឡើង​ក្រោយ​ពីការវាយប្រហារដោយពាក្យសម្ដីខ្លាំងៗ ពីសំណាក់តំណាងគណបក្សសង្គ្រោះជាតិ រួមមានលោក គួយ ប៊ុនរឿន លោក អ៊ុក ស៊ុយ និងលោក កែត ឃី ដែលបានចោទ គ.ជ.ប. ថាជាអ្នកអនុវត្តច្បាប់ តែបំពានច្បាប់ដោយខ្លួនឯង ហើយបានអនុវត្តការងារ ដោយមានភាពលំអៀងទៅរកគណបក្សកាន់អំណាច មិនបង្ហាញនូវភាពអព្យាក្រិត្យ និង​មិនមានតុល្យភាពក្នុងការសម្រេចរបស់ខ្លួន សម្រាប់គណបក្សនយោបាយផ្សេងៗទៀតនោះឡើយ។

លោក គួយ ប៊ុនរឿន ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សសង្គ្រោះជាតិផងនោះ បានលើក​យកសេចក្តីណែនាំលេខ២០៦ ឆ្នាំ២០១៤ របស់គ.ជ.ប ស្តីពីការពង្រឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី២ ឆ្នាំ២០១៤ មកបង្ហាញថា មានចំណុចមួយចំនួន ខុសនិងរំលោភលើច្បាប់បោះឆ្នោត ច្បាប់គណបក្ស​នយោបាយជាដើម។ មានចំណុចខ្លះដែលច្បាប់អនុញាតិ តែផ្ទុយទៅវិញ ក្នុងសេចក្តីណែនាំរបស់ គ.ជ.ប លេខ២០៦ ខាងលើ បែរជាហាមឃាត់មិនឲ្យមានទៅវិញ។

ឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះ លោក មាន សាទិ បានទទួលស្គាល់ទៀតថា មិន​មានស្ថាប័ន​ណាអាចធ្វើ​បានមួយរយភាគរយ ការបោះឆ្នោតមួយល្អឥតខ្ចោះនោះទេ រាប់ទាំងនៅក្នុងស្ថាប័នរៀបចំការបោះឆ្នោត នៅបណ្ដា​ប្រទេស​ផ្សេងៗនៅទូទាំងសកលលោក។ លោកបានពន្យល់ថា នៅក្នុងការបោះឆ្នោត តែងតែមានការប្តឹងផ្តល់គ្នា ហើយត្រូវ​ដោះស្រាយទៅតាមនីតិវិធី ដែលមានជាដំណាក់កាលរបស់វា ទៅតាមករណីរឿង ដូចជាការសម្រប​សម្រួល ឬត្រូវ​កាត់ទោសជាដើម។ លោកថា តែសម្រាប់ច្បាប់កម្ពុជាមិនមានការកាត់ទោសទេ មានត្រឹមតែ​ទោស​ពិន័យន័យ​ជា​ប្រាក់ប៉ុណ្ណោះ។

បេក្ខជនតំណាងរាស្រ្តធ្លាក់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តខេត្តតាកែវ លោក អ៊ុក ស៊ុយ បាន​អបអរ​សារទរ ចំពោះការទទួលស្គាល់ និងការសារភាពរបស់មន្ត្រីសមាជិក គ.ជ.បខាងលើ ដោយលោកបានធ្វើការ​ប្រៀប​ធៀបថា ច្បាប់ដែលអនុវត្តដោយគ.ជ.ប សព្វថ្ងៃដូចជាអង្កាម ដែលបាចឲ្យតែប្រឡាក់សាច់គោតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក៏លោក មាន សាទិ នៅតែអះអាងថា គ.ជ.ប បានអនុវត្តតាមច្បាប់យ៉ាងខ្ជាប់ខ្ជួន ជាច្រើនដែរ។ លោកបានការពារស្ថាប័នជាតិ នៅក្រោមការគ្រប់គ្រងរបស់ក្រុមលោកទៀតថា៖ «ច្បាប់ឲ្យធ្វើប៉ុណ្ណឹង បានប៉ុណ្ណឹង។ តែលើកក្រោយសុំច្បាប់ឲ្យខ្លាំង កុំឲ្យ គ.ជ.ប ក្លាយជាខ្លាក្រដាស ឬខ្លាងាប់ ដែលគេចោទ។ (…) តែខ្ញុំធ្វើអ្វី ទៅតាម​ច្បាប់ដែលមាន។ ខ្ញុំសង្ឃឹមថា នីតិវិធីលើកក្រោយ នឹងសំអាងលើច្បាប់លើកក្រោយ ដែលល្អជាងហ្នឹង៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...