ក្រសួងមហាផ្ទៃថា គម្រោងបង្កើតគណបក្ស សួន សេរីរដ្ឋា ទំនងគ្មានផ្លូវ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: April 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា លោក សួន សេរីរដ្ឋា មានឱកាសតិចតួចណាស់ក្នុងការចុះឈ្មោះចលនាអំណាចពលរដ្ឋខ្មែររបស់លោក ឲ្យទៅជាគណបក្សនយោបាយមួយ នៅក្នុងប្រទេសកម្ពុជា។ ឱកាសតិចតួច ដោយសារលោក សួន សេរីរដ្ឋា បានបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ និងកំពុងប្រឈមមុខនឹងការចាប់ខ្លួនពីកម្លាំងសមត្ថកិច្ច។ លោកសួន សេរីរដ្ឋា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកគ្រោងនឹងចុះឈ្មោះអង្គការរបស់លោក ឲ្យទៅជាគណបក្សនយោបាយ នៅខែក្រោយនេះ។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា។ (រូបថតហ្វេសប៊ុក)
នយោបាយ - «ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ» នេះបើតាមសម្តីរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកខៀវ សុភ័គ បានបញ្ជាក់ថា លោក សួន សេរីរដ្ឋា នៅជំពាក់ច្បាប់ត្រង់ដែលលោក នៅមិនទាន់ទទូលបានការចាប់ខ្លួន ពីដីការរបស់តុលាការកម្ពុជានៅឡើយ។ អ្វីដែលត្រូវអនុវត្តន៍មុនបំផុត នៃការចុះឈ្មោះបង្កើតគណបក្សនយោបាយនោះ គឺការចាប់ខ្លួនលោក សួន សេរីរដ្ឋា ។
លោក ខៀវ សុភ័គ បន្តយ៉ាងដូច្នេះថា «លោក សួន សេរីរដ្ឋា បានប្រព្រឹត្ត នូវសកម្មភាពមួយដែលខុសនឹងច្បាប់របស់រដ្ឋ ពោលគឺបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ក្នុងបំណងផ្តូលរលំរដ្ឋាភិបាល ហើយបច្ចុប្បន្ននេះ សមត្ថកិច្ច បានទទូលដីការចាប់ខ្លួន ដែលចេញដោយចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញទៀតផង»។
ការឆ្លើយតបយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីការសែតក្នុងស្រុក ឌឺខេមបូឌា ដេលី បានចេញផ្សាយដោយដាក់ ចំណងជើងថា អង្គការភេវរកម្មមួយ ព្យាយាមចុះឈ្មោះជាគណបក្សនយោបាយ។ នៅក្នុងអត្ថបទការសែតនោះ បានសរសេរថា លោកសួន សេរីរដ្ឋា ដែលនិរទេសខ្លួនឯង មានបំណងចង់ចុះឈ្មោះក្រុមប្រឆាំងរបស់គាត់ ជាគណបក្សនយោបាយនៅកម្ពុជា។ ថ្លែងតាមទួរស័ព្ទ ពីទីក្រុងដាឡាស ក្នុងរដ្ឋតិចសាស លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា នឹងដាក់ឯកសារចាំបាច់ រួមទាំងបញ្ជីឈ្មោះស្ថាបនិក និងអ្នកគាំទ្រ ៥,០០០នាក់ ទៅក្រសួងមហាផ្ទៃ នៅពាក់កណ្តាល ខែឧសភា ខាងមុខនេះ ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា លោកបានត្រៀមឯកសាររួចរាល់ហើយ ដើម្បីចុះឈ្មោះជាគណបក្សនយោបាយ ជាមួយក្រសួងមហាផ្ទៃ បើទោះបីជារដ្ឋាភិបាលចោទក្រុម និងអ្នកគាំទ្ររបស់លោកថា ជាចលនាភេវរកម្មក៏ដោយ។ លោកក៏ចង់បញ្ជាក់ឲ្យច្បាស់ជាមួយរដ្ឋាភិបាលដែរថា បក្ខពួករបស់លោក មិនមែនជាចលនាភេវរកម្មទេ ជាមួយគ្នានោះ លោកក៏ចង់អោយសកម្មជនរបស់លោក នៅកម្ពុជា អាចធ្វើការដោយសេរីផងដែរ ។
ឆ្លៀតពេលនេះ ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ក៏បានផ្លែផ្កាអោយរដ្ឋាភិបាលផងដែរថា លោកមិនចាប់អារម្មណ៍ក្នុងការដាក់បេក្ខជន សម្រាប់មុខតំណែងសាធារណៈនៅពេលណាមួយឆាប់ៗនេះទេ ព្រោះលោកគិតថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ អាចកើតមានឡើង នៅពេលណាដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានបណ្តេញចេញពីអំណាច។
គួរបញ្ជាក់ថា លោក សួន សេរីរដ្ឋា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រើប្រាស់ សង្គ្រាមពាក្យសម្តី ឌឺដងដាក់គ្នា មិនបង្អង់ឡើយនាពេលកន្លងមក។ លោក សួន សេរីរដ្ឋា ត្រូវបានមជ្ឈដ្ឋានទូទៅស្គាល់ថា ជាអ្នករិះគន់លើមេដឹកនាំកម្ពុជាបច្ចុប្បន្នយ៉ាងចាស់ដៃ និងធ្លាប់បានហៅលោក ហ៊ុន សែន ថា ជាមនុស្សកំសាក។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ នៅក្នុងសន្និសិតសារព័ត៌មានមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានតាមចាប់ខ្លួនសួន សេរីរដ្ឋា បន្ទាប់ពីចលនារបស់ លោក សួន សេរីរដ្ឋា ត្រូវបានរដ្ឋាភិបាល បានចាត់ទុកថាជាអង្គការភេវរកម្មមួយ ដែលមានបំណង ផ្តួលរលំរដ្ឋាភិបាល។ ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាបានចោទប្រកាន់ប្រធានចលនាអំណាចពលរដ្ឋខ្មែររូបនេះ ពីបទក្បត់ជាតិ និងកំពុងតាមចាប់ខ្លួន មកទល់សព្វថ្ងៃ៕
-----------------------------------------------
ដោយ វិធូ (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤