សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ ប្រកាស​បន្តការ​ចរចា​​ជា​មួយ​បក្ស​ប្រជាជន

ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី បានអះអាងថាគណបក្សសង្រ្គោះជាតិ បានត្រៀមខ្លួនគ្រប់ចំណុច សម្រាប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែការចរចាអាចសម្រេចទៅបាន ក៏អាស្រ័យទៅលើភាគី​ចរចា​ផងដែរ នោះគឺគណបក្សប្រជាជនកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី បានអះអាងថាគណបក្សសង្រ្គោះជាតិ បានត្រៀមខ្លួនគ្រប់ចំណុច សម្រាប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែការចរចាអាចសម្រេចទៅបាន ក៏អាស្រ័យទៅលើភាគី​ចរចា​ផងដែរ នោះគឺគណបក្សប្រជាជនកម្ពុជា។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយ - «ជាគោលការណ៍ ជំហររបស់យើងត្រៀមខ្លួនជានិច្ច ដើម្បីដោះស្រាយបញ្ហាជូនប្រទេសជាតិយើង ដោយសន្តិវិធី។ សន្តិវិធីគឺមានតែការជជែកគ្នា រកដំណោះស្រាយសមស្រប។ ការដោះស្រាយគឺមិនមែនតែ​គណបក្ស​សង្គ្រោះជាតិ ទេគឺភាគីមួយទៀតនោះ ក៏មានបំណងស្វែងរកដំណោះស្រាយចំពោះប្រទេសជាតិផងដែរ»។ នេះ​ជា​ការបញ្ជាក់របស់ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដល់អ្នកសារព័ត៌មាន ក្រោយការវិលត្រលប់​ពី​បរទេស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅព្រលានយន្តហោះអន្តរជាតិ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះប្រធានគណបក្សជំទាស់រូបនេះ ក៏បានលើកឡើងដែរ ថាបញ្ហាវិបត្តិនយោបាយនៅកម្ពុជា ដែល​សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភនេះ គឺមានជាប់ពាក់ព័ន្ធនឹងបញ្ហាជាច្រើនទៀត។ លោកសម រង្ស៊ី បាន​រំពឹងថាដំណោះស្រាយនយោបាយនៅកម្ពុជា អាចនឹងរកច្រកចេញរួច ក្នុងពេលឆាប់ៗ ខាងមុខនេះ។

តែសម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃ​សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ ហើយដំណើរការរដ្ឋ​របស់ប្រទេសកម្ពុជា កំពុងប្រព្រឹត្តទៅជាធម្មតា លើគ្រប់វិស័យ ហើយលោកក៏មិនខ្វល់ខ្វាយ ឬចង់និយាយពីការចរចា​នយោបាយ ជាមួយគណបក្សសង្រ្គោះជាតិនោះទេ។

តែសម្រាប់អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា បន្ទាប់ពីវិលត្រលប់ពីបរទេស នៅព្រលានយន្តហោះ​អន្តរជាតិ រាជធានីភ្នំពេញ យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយប្រតិកម្មតប​នឹងការលើកឡើងរបស់លោកហ៊ុន សែនថា ៖ «យើងខ្ញុំអត់បញ្ហាអីទេ បើថាគណបក្សប្រជាជនកម្ពុជាថាអត់ចរចា ហើយគណបក្សប្រជាជនកម្ពុជា ជម្នះ ដឹកនាំប្រទេសតាមបែបផ្តាច់ការ តាមបែបឯកបក្ស ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយ​អន្តរជាតិ គេនឹងគាបសង្កត់ ហើយនៅឯកោរអញ្ចឹងទៅ។»

ក្នុងពេលចុងក្រោយនេះ បើទោះមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានប្រើ​វោហារសាស្រ្តនយោបាយ ដាក់គ្នាទៅវិញទៅមក ក៏ពិតមែន តែគេនៅតែរំពឹងថាគណបក្សទាំងពីរ នឹងអាចដោះ​ស្រាយ​វិបត្តិនយោបាយកម្ពុជា បានដោយសន្តិវិធី។ ព្រោះលោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសន្យាចំពោះមុខមន្ត្រីអង្គការសហប្រជាជាតិថា គណបក្សប្រជាជនកម្ពុជារបស់លោក នៅតែមានជំនឿលើ​ការ​ទម្លាយ​ ភាពជាប់គាំងផ្នែកនយោបាយ តាមរយៈការចរចាជាមួយបក្សជំទាស់ ខណៈលោកសម រង្ស៊ី និងលោក កឹម សុខា ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សជំទាស់ បានបង្ហាញឆន្ទៈចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មេសា ២០១

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...