សម្ភាស៖ ធ្វើយ៉ាងណា ដើម្បីដណ្ដើមអំណាចពីចៅសង្កាត់ធំ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 22, 2015
- ប្រធានបទ: រដ្ឋបាល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងការងារណាក៏ដោយ ចៅសង្កាត់មួយចំនួន ដែលមកពីគណបក្សកាន់អំណាច តែងតែអោបក្រសោប ឬក្តោបការងារទាំងអស់ មកលើខ្លួនតែម្នាក់ ពិសេសបើចៅសង្កាត់រងទីមួយ ឬទីពីរ មកពីគណបក្សផ្សេង ឬមកពីបក្សប្រឆាំងវិញនោះ រិតតែមិនទម្លាក់ការងារ ឲ្យធ្វើតែម្តង។ ដូច្នេះ តោងចៅសង្កាត់រងទី១ និងចៅសង្កាត់រងទីពីរទាំងនោះ គិតខ្លួនឯងរួចជាស្រេចថា តើខ្លួនចេះអ្វីខ្លះ? តើខ្លួនដឹងអ្វី ពីច្បាប់ខ្លះ? តើខ្លួន ជាចៅសង្កាត់«រង»នោះ ត្រូវមាននាទីធ្វើអ្វី? តើខ្លួនចេះឬទេ? ហើយបំរើពលរដ្ឋ យ៉ាងដូចម្តេច? នេះជាការលើកឡើង របស់លោក គ្រុយ ខេមរិទ្ធ ចៅសង្កាត់រងទីពីរ នៃសង្កាត់ទួលសង្កែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
ថ្លែងក្នុងកិច្ចសម្ភាស បន្ទាប់ពីបានឡើង មកទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីទទួលការងារថ្មី ក្នុងនាមជាចៅសង្កាត់រងនោះ លោក ខេមរិទ្ធ បានពន្យល់ថា មានមួយចំនួនធំ នៃការមិនចែករំលែកការងារ ពីសំណាក់ចៅសង្កាត់ ដែលមកពីគណបក្សប្រឆាំងនោះ គឺបណ្ដាលមកពីការរើសអើង ដែលចេញពីទំនាស់ នៃនិន្នាការ«គណបក្ស»នយោបាយ តែម្តង ហើយចៅសង្កាត់ទាំងនោះ មិនសូវបានគិត ឬបានផ្តោត ការយកចិត្តទុកដាក់ ជាសំខាន់ ទៅលើការបំរើប្រយោជន៍ប្រជាពលរដ្ឋ ឬប្រយោជន៍ ឃុំ/សង្កាត់ របស់ខ្លួនឡើយ។ ពីក្នុងចំណោមនោះ មានចៅសង្កាត់/មេឃុំ មួយចំនួនតូច ក៏មិនចង់បែងចែកអំណាចរបស់ខ្លួន ទៅឲ្យចៅសង្កាត់«រង»ដែរ ព្រោះតែមិនចង់បាត់បង់អំណាច និងលាភសក្ការៈផ្ទាល់ខ្លួន។
លោកថា ទាំងនេះជាចំណោទ ដែលត្រូវចោទសួរ និងស្វែងរកដំណោះស្រាយ សម្រាប់ចៅសង្កាត់«រង» មិនថាមកពីគណបក្សណាទេ ត្រូវបង្ហាញពីសមត្ថភាព និងលទ្ធភាព ដែលគិតថា ខ្លួនពិតជាអាចទទួល ការងារទាំងនោះ ពីចៅសង្កាត់ យកមកអនុវត្ត ដោយមានប្រសិទ្ធិភាព និងតម្លាភាពបាន។ ក្នុងករណីដែលចៅសង្កាត់ មិនចែករំលែកការងារ មកឲ្យចៅសង្កាត់រងធ្វើការងារនោះ ជាទង្វើខុសនឹងច្បាប់ ហើយលោក ខេមរិទ្ធ បានប្រាប់ពីដំណោះស្រាយថា នៅក្នុងករណីនេះ ចៅសង្កាត់រងទាំងអស់ អាចធ្វើការតវ៉ា ឬផ្តល់កិច្ចសម្ភាស ទៅកាន់អ្នកសារព័ត៌មាន ពីបញ្ហាដែល ខ្លួនកំពុងជួបប្រទេះនេះ ព្រមទាំងត្រូវផ្តល់របាយការណ៍ ទៅកាន់ថ្នាក់លើ ដើម្បិស្វែងរកដំណោះស្រាយបន្ថែម។
ចៅសង្កាត់រងខាងលើ បានបន្តថា ក្នុងនាមខ្លួនជាចៅសង្កាត់រង ត្រូវមើលពីជំហររបស់ចៅសង្កាត់/មេឃុំ នោះថា តើគាត់មានជំហរយ៉ាងដូចម្តេច? តើគាត់ចូលចិត្តធម៌ក្តៅ ឬធម៌ត្រជាក់? បើគាត់ចូលចិត្តធម៌ក្តៅ តោងនិយាយ និងពិភាក្សាជាមួយគាត់ ក្នុងករណីគាត់ នៅតែរឹងទទឹង មិនព្រមប្រគល់ការងារ និងភារកិច្ចមកចៅសង្កាត់«រង»ទេ នោះចៅសង្កាត់រង អាចផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន។ លោកបន្តថា ទាំងនោះ តោងចៅសង្កាត់រងខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួល ដោះស្រាយ និងអនុវត្តន៍ដែរ។
ផ្ទុយទៅវិញ បើចៅសង្កាត់«រង»ទាំងនោះ មិនចូលសាលាសង្កាត់ មិនចូលធ្វើការទេ តើគេអាចប្រគល់ការងារ ឲ្យយ៉ាងដូម្ដេចបាន? បែបនេះ នឹងផ្ដល់ឱកាស ឲ្យលោកចៅសង្កាត់ទាំងនោះ នូវលេសមួយ ដើម្បីចោទប្រកាន់ចៅសង្កាត់រងនោះ និងប្រកាស នៅចំពោះប្រជាពលរដ្ឋថា៖ «បងប្អូនបោះឆ្នោតឲ្យពួកវា ពួកវាមិនធ្វើការអីផងហ្នឹង វាអត់ចូលសង្កាត់ផងហ្នឹង។»
លោក គ្រុយ ខេមរិទ្ធ បានលើកជាឧទាហរណ៍ផ្ទាល់ខ្លួនថា តាំងពីអាណត្តិទីមួយ «ចៅសង្កាត់ (មកពីគណបក្សប្រជាជន) គេមិនអាចប្រគល់តំណែង ឲ្យយើងទេ។ លុះត្រាតែយើងហ្នឹង ចេះស្វែងយល់ពីតួនាទី និងភារកិច្ច យល់ពីច្បាប់រដ្ឋបាល ឃុំសង្កាត់។ បើយើងយល់ ពីការងារអស់នោះហើយ ទើបយើងអាចទាមទារ នូវអំណាច ទាមទារនូវតួនាទី បានជាគេឲ្យយើងដែរ។»
លោកបន្តថា ការធ្វើការងាររួមគ្នា ដើម្បីពលរដ្ឋ និងដើម្បីសង្កាត់របស់ខ្លួន ឲ្យមានកិច្ចដំណើរការ និងកិច្ចអភិវឌ្ឍន៍បានល្អ បើទោះជាយើង (ចៅសង្កាត់ ចៅសង្កាត់រងទីមួយ និងរងទីពីរ) តោងជួយគិតគូរ និងផ្តល់ជាយោបល់ ឲ្យគ្នាទៅវិញទៅមក នូវភាពអវិជ្ជមាន ជាមួយគ្នានេះ តោងចេះទទួលយកគំនិតយោបល់ល្អៗ នៃអ្នកជុំវិញខ្លួន ដើម្បីពង្រឹង និងទាមការការទុកចិត្ត ពីពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែរ។ ត្រូវចេះប្រាប់ពីកំហុស និងជួយកែលំអរគ្នា មិនមើលបំណាំគ្នា មិនប៉ែងជើងគ្នា មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកឡើយ។ តែក៏មិនមានន័យថា ចូលដៃចូលជើង ឃុបឃឹតគ្នា ឬដើរតាមផ្លូវខុស (ច្បាប់) ជាមួយគេទាំងនោះឡើយ៕
» ទស្សនាវីដេអូ ដែលទាក់ទងនឹងប្រធានបទនេះ៖